ជាតិ
ព្រះមហាក្សត្រ អបអរលោក ស៊ី ជិនភីង ដែលបន្តធ្វើប្រធានាធិបតីចិន ហើយរំពឹងទំនាក់ទំនងទ្វេភាគីកាន់តែរឹងមាំ
11, Mar 2023 , 11:43 am        
រូបភាព
ព្រះមហាក្សត្រកម្ពុជា នាសវនាការជាមួយលោក ស៊ី ជិនភីង ក្នុងឆ្នាំ២០១៩។ រូបថត Xinhua
ព្រះមហាក្សត្រកម្ពុជា នាសវនាការជាមួយលោក ស៊ី ជិនភីង ក្នុងឆ្នាំ២០១៩។ រូបថត Xinhua
ព្រះមហាក្សត្រកម្ពុជា​ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានផ្ញើព្រះរាជសារអបអរលោក ស៊ី ជិនភីង ដែលជាប់ឆ្នោតជាប្រធានាធិបតីចិនអាណត្តិថ្មី។ ក្នុងព្រះរាជសារ ព្រះមហាក្សត្ររំពឹងថា ទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន នឹងកាន់តែរឹងមាំ។

លោក ស៊ី ជិនភីង ត្រូវបានសមាជិកសភាប្រជាជន បោះឆ្នោតគាំទ្រធ្វើជាប្រធានាធិបតីចិនសម្រាប់រយៈពេល៥ឆ្នាំទៀត នាកិច្ចប្រជុំថ្ងៃទី១០ ខែមីនា។​ បណ្ដាមេដឹកនាំបរទេសជាច្រើន ក៏បានផ្ញើសារអបអរផងដែរ។
 
ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ស្ដេចទ្រង់ផ្ញើសារដើម្បីអបអរលោក ស៊ី ផងដែរ។ បើតាមព្រះរាជសារដែលផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua ព្រះករុណា​ មានបន្ទូលថា ក្រោមការដឹកនាំរបស់លោក ស៊ី ចិនបានបន្តការកែទម្រង់ស៊ីជម្រៅ ទទួលជោគជ័យក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ហើយសម្រេចបានកំណើនសេដ្ឋកិច្ច។
 
ក្នុងសំណេរដដែល ព្រះមហាក្សត្របង្ហាញព្រះទ័យជឿជាក់ថា ក្រោមការដឹកនាំឈ្លាសវៃរបស់លោក ស៊ី ចិន នឹងអាចសម្រេចគោលដៅក្លាយជាប្រទេសសង្គមនិយមទំនើបតាមផែនការ។
 
ជាមួយគ្នានេះ ព្រះប្រមុខរដ្ឋកម្ពុជា ក៏រំពឹងថា ចំណងមិត្តភាពដែកថែបរវាងកម្ពុជា និងចិនដែលពូនជ្រំដោយព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ និងមេដឹកនាំចិនជំនាន់មុនៗ នឹងរឹងមាំផ្ដល់ផលកាន់តែច្រើនក្នុងយុគសម័យថ្មី៕
 
 

Tag:
 កម្ពុជា
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com