កីឡាជាតិ
ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា៖ ការប្រកួត មិនមែនដើម្បីតែលទ្ធផលទេ តែជាចំណែកកសាងប្រទេស
11, Mar 2023 , 5:19 pm        
រូបភាព
លោក សៅ សុខា ថ្លែងក្នុងមហាសន្និបាតសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លើកទី១៧
លោក សៅ សុខា ថ្លែងក្នុងមហាសន្និបាតសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លើកទី១៧
ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក សៅ សុខា បាននិយាយថា ការប្រកួត មិនមែនដើម្បីតែលទ្ធផលទេ តែវាជាចំណែកមួយ ក្នុងការកសាងប្រទេស។ លោកថ្លែងនៅក្នុងមហាសន្និបាតសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លើកទី១៧ នាព្រឹកថ្ងៃទី១១ ខែមីនា នៅសណ្ឋាគារ Garden City ។

លោក សៅ សុខា បានថ្លែងថា ការប្រកួតប្រជែង តែងនិយាយពីលទ្ធផលចាញ់ ឬក៏ឈ្នះ ប៉ុន្ដែលទ្ធផលទាំងនេះ មិនមែនជាអត្ថន័យនៃវិស័យកីឡាទេ។ បើតាមលោក សៅ សុខា វិស័យកីឡាដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍប្រទេស និងបង្កើតចំណងមិត្តភាពជាតិ និងអន្ដរជាតិ។ ប្រធានសហពន្ធបាល់ទាត់រូបនេះ បានថ្លែងដូច្នេះថា៖«គោលដៅជាចម្បងនៃការអភិវឌ្ឍវិស័យកីឡាបាល់ទាត់ គឺមិនមែនដើម្បីតែលទ្ធផលនៃការប្រកួតប្រជែងតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីរួមចំណែក កសាងប្រទេសតាមរយៈការលើកកម្ពស់ផ្នែកសុខមាលភាព ការអប់រំ វិន័យ សីលធម៌ ការគោរពគ្នា សាមគ្គីភាព មិត្តភាព ទំនាក់ទំនង សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍។»។ 
 
លោក សៅ សុខា បន្ថែមទៀតថា ការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣នេះ គឺជាកញ្ចក់ឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពគ្រប់វិស័យ ដូចជាសន្ដិភាព សន្ដិសុខសង្គម ស្ថេរភាពនយោបាយ ភាពរីកចម្រើនសេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ និងកីឡា។ 
 
ការរីកចម្រើនទាំងនេះ កំពុងបន្ដទៅមុខជាបន្ដបន្ទាប់ ដែលមិនខុសប្លែកគ្នាពីប្រទេសមួយចំនួនលើពិភពលោក។ រីឯវិស័យកីឡាបាល់ទាត់កម្ពុជា ក៏ដូចគ្នាទៅនឹងប្រទេសទាំងនោះផងដែរ ព្រោះមានការពេញនិយម និងគាំទ្រទស្សនាពីគ្រប់ស្រទាប់មហាជន។ នេះបើតាមលោក សុខា។
 
ក្នុងសន្និបាតដដែល ប្រធានសហព័ន្ធរូបនេះ ក៏បានលើកយកនូវ មុខព្រួញទាំង១១ចំណុច ដើម្បីពង្រឹង និងប្រឹង​ប្រែងធ្វើ ចាប់ពីឆ្នាំ ២០២៣នេះតទៅ។ ទិសដៅទាំង១១ចំណុចនោះ មាន៖ រដ្ឋបាល និងការគ្រប់គ្រង, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ការរៀបចំប្រកួតថ្នាក់ជាតិ និងអន្ដរជាតិ, ការអភិវឌ្ឍសមាគមទាំង២៥ខេត្តក្រុង, ការអភិវឌ្ឍក្លិប, ការអភិវឌ្ឍក្រុមជម្រើសជាតិ, ការអភិវឌ្ឍថ្នាល និងយុវជន, ការអភិវឌ្ឍធនធានគ្រូបង្វឹក, ការអភិវឌ្ឍអាជ្ញាកណ្ដាល, ការអភិវឌ្ឍបាល់ទាត់ក្នុងសាល និងការអភិវឌ្ឍផ្នែកទីផ្សារ ទំនាក់ទំនង និងអ្នកគាំទ្រ។ 
 
លោក សៅ សុខា សង្កត់ន័យថា ប្រសិនជាចង់ឲ្យបាល់ទាត់កម្ពុជាខ្លាំង លុះត្រាតែបានអនុវត្តមុខព្រួញទាំង ១១ចំណុចនេះ ឲ្យបានខ្ជាប់ខ្ជួន។
គួរបញ្ជាក់ថា មហាសន្និបាតសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានសមាជិកចូលរួម ៣៨ សមាគមបាល់ទាត់ខេត្ត-ក្រុង និងក្លិបបាល់ទាត់នៅកម្ពុជា៕
 

Tag:
 បាល់ទាត់
  សៅ សុខា
© រក្សាសិទ្ធិដោយ thmeythmey.com