ជាតិ
អគ្គនាយកពន្ធដារ រកឃើញក្លឹបកម្សាន្តធំៗខ្លះ មិនបានចុះបញ្ជីឱ្យបានត្រឹមត្រូវ
15, Mar 2023 , 10:45 am        
រូបភាព
ក្លឹបកម្សាន្តធំៗខ្លះ មិនបានចុះបញ្ជីឱ្យបានត្រឹមត្រូវឡើយ។ នេះបើតាមលោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ ដែលបានថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកុម្ភៈ និងសម្រាប់រយៈពេល ២ខែ ឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត នៅថ្ងៃទី១៤ ខែមីនា ។



លោក គង់ វិបុល បានបញ្ជាក់ថា មន្ត្រីជំនាញបានអនុវត្តវិធានការចុះអង្កេតសហគ្រាស ដោយបានរកឃើញ អាជីវកម្មជាច្រើន ក្នុងនោះមានក្លឹបកម្សាន្តធំៗមួយចំនួន មិនបានចុះបញ្ជីពន្ធដារ ឬចុះបញ្ជីមិនបានត្រឹមត្រូវតាមកម្រិតផលរបរនោះទេ។ «ខ្ញុំសូមរំលឹកឱ្យម្ចាស់អាជីវកម្ម ដែលមិនទាន់បានចុះបញ្ជីពន្ធដារ ឱ្យមកបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដារ និងធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស ចៀសវាងនូវការផាកពិន័យទោសទណ្ឌនានា»។ លោក វិបុល សង្កត់ធ្ងន់បែបនេះ។
 
សម្រាប់រយៈពេល២ខែនេះ ចំណូលពន្ធអាករ ដែលអគ្គនាយកពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រពន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ មានចំនួន២១៨៣, ៨៩ប៊ីលានរៀល (ប្រមាណ ៥៣៩, ២៣លានដុល្លារ) ស្មើនឹង១៥,១០ ភាគរយ នៃផែនការស្ដីពីច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៣។ ចំណូល២ខែនេះ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ កើនឡើង១០៩,៣៣ប៊ីលានរៀល (ប្រមាណ២៧លានដុល្លារ) ស្មើនឹង៥,២៧ភាគរយ។ 
 
ជាមួយគ្នានេះ ចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ទទួលបាន ៦០,២៤ ប៊ីលានរៀល (ប្រមាណជា ១៤,៨៧ លានដុល្លារ) សម្រាប់រយៈពេល ២ខែ ឆ្នាំ២០២៣៕
 

Tag:
 ពន្ធដារ
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com