អន្តរជាតិ
កូរ៉េខាងជើង ទំនងបាញ់មីស៊ីលអន្តរទ្វីប មុនជំនួបមេដឹកនាំកូរ៉េខាងត្បូង-ជប៉ុន
16, Mar 2023 , 11:59 am        
រូបភាព
រូបភាព KCNA
រូបភាព KCNA
កូរ៉េខាងជើង នៅថ្ងៃទី១៦ ខែមីនា បានបាញ់មីស៊ីលមួយគ្រាប់ទៅក្នុងសមុទ្រខាងកើត ដោយទំនងជាមីស៊ីលបាលីស្ទិកអន្តរទី្វប។ នេះបើតាមការបញ្ជាក់ពីសំណាក់យោធាកូរ៉េខាងត្បូង។ ការប៉ាញ់មីស៊ីលនេះ ធ្វើឡើងនៅមុនប៉ុន្មានម៉ោងប៉ុណ្ណោះ នៃជំនួបរវាងមេដឹកនាំកូរ៉េខាងត្បូង និងជប៉ុន។



 
មិនដល់រយៈពេលមួយសប្តាហ៍ឡើយ ក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលរហូតដល់ទៅ ៣លើក ខណៈកូរ៉េខាងត្បូង និងអាម៉េរិកធ្វើសមយុទ្ធយោធាដ៏ធំ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ។ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) នៅព្រឹកថ្ងៃទី១៦ ខែមីនា ចាប់បានសញ្ញានៃការបាញ់មីស៊ីលនៅតំបន់ Sunan ក្នុងក្រុងព្យុងយ៉ាង។ 
 
មីស៊ីលដែលបាញ់នៅម៉ោងប្រមាណ ៧ និង១០នាទី ហោះបានចម្ងាយប្រមាណ ១ពាន់គីឡូម៉ែត្រ មុននឹងធ្លាក់ទៅក្នុងសមុទ្រ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ 
 
យ៉ាងណាមិញ យោធាកូរ៉េខាងត្បូង មិនទាន់ប្រាកដឡើយ ថាមីស៊ីលនោះ ជាមីស៊ីលប្រភេទណា ប៉ុន្តែក្រុងសេអ៊ូលសង្ស័យថា ជាមីស៊ីលបាលីស្ទិកអន្តរទ្វីប (ICBM)។ កូរ៉េខាងជើង បាញ់មីស៊ីលអន្តរទ្វីប Hwasong-15 ចុងក្រោយ ក្នុងខែកុម្ភៈកន្លងទៅ។ 
 
«អាជ្ញាធរចារកិច្ចកូរ៉េខាងត្បូង និងអាម៉េរិក កំពុងដឹកនាំការវិភាគប្រកបដោយគ្រប់ជ្រុងជ្រោយ ពាក់ព័ន្ធនឹងកម្មវិធីអភិវឌ្ឍមីស៊ីលរបស់កូរ៉េខាងជើង»។ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បានបញ្ជាក់បែបនេះនៅក្នុងសារទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃទី១៦ ខែមីនា។ 
 
ក្រោយពីការបាញ់នេះ ប្រធានសេនាធិការចម្រុះកូរ៉េខាងត្បូង ឧត្តមសេនីយ៍ Kim Seung-kyum បានជជែកតាមប្រព័ន្ធវីដេអូជាមួយឧត្តមសេនីយ៍ Paul LaCamera មេបញ្ជាការនៃបញ្ជាការដ្ឋានកងកម្លាំងអាម៉េរិក-កូរ៉េខាងត្បូង ដើម្បីបញ្ជាក់ពីការពង្រឹងជំហរការពាររួមគ្នាប្រឆាំងនឹងសកម្មភាពអរិភាព និងការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង។ 
 
ការបាញ់មីស៊ីលជាលើកទីបី ដែលមានរយៈពេលមិនដល់ ១សប្តាហ៍នេះ ធ្វើឡើងស្របពេលអាម៉េរិក និងកូរ៉េខាងត្បូង កំពុងធ្វើសមយុទ្ធយោធា Freedom Shield 23 ដែលគ្រោងធ្វើឡើងយ៉ាងហោចណាស់ ១០ថ្ងៃ។ 
 
បន្ថែមពីនេះ ការបាញ់មីស៊ីលចម្ងាយឆ្ងាយខាងលើ ធ្វើឡើងមុនប៉ុន្មានម៉ោងប៉ុណ្ណោះនៃជំនួបរវាងលោក យូន សុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង និងនាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ នៅក្នុងក្រុងតូក្យូ ដើម្បីជជែកពីបញ្ហាកូរ៉េខាងជើង ពាណិជ្ជកម្ម ការរឹតត្បិតលើធាតុកម្រ ការចែករំលែកព័ត៌មានចារកិច្ច និងបញ្ហាការចាប់បង្ខំកម្លាំងពលកម្មក្នុងសម័យសង្រ្គាមជាដើម៕
 

Tag:
 កូរ៉េខាងត្បូង
  កូរ៉េខាងជើង
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com