អន្តរជាតិ
ប្រធានាធិបតីចិន នឹងធ្វើទស្សនកិច្ចនៅរុស្ស៊ីរយៈពេល ៣ថ្ងៃ
17, Mar 2023 , 6:20 pm        
រូបភាព
លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី (ខាងឆ្វេង) ជាមួយសមភាគីចិន លោក ស៊ី ជិនភីង នៅក្នុងក្រុងប៉េកាំង នៅខែកុម្ភៈ ឆ្នាំ២០២២។ រូបភាព Xinhua
លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី (ខាងឆ្វេង) ជាមួយសមភាគីចិន លោក ស៊ី ជិនភីង នៅក្នុងក្រុងប៉េកាំង នៅខែកុម្ភៈ ឆ្នាំ២០២២។ រូបភាព Xinhua
ប្រធានាធិបតីចិន លោកស៊ី ជិនភីង នឹងធ្វើទស្សនកិច្ចនៅរុស្ស៊ីរយៈពេល ៣ថ្ងៃដោយផ្តើមពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសចិន នៅថ្ងៃទី១៧ ខែមីនា។ ទស្សនកិច្ចរបស់លោកស៊ី ធ្វើឡើងតាមការអញ្ជើញរបស់លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។

 
 
ប្រសិនគ្មានការប្រែប្រួលទេ ប្រធានាធិបតីចិន លោកស៊ី ជិនភីង នឹងធ្វើទស្សនកិច្ចនៅរុស្ស៊ី ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា។ នេះជាទស្សនកិច្ចទៅក្រៅប្រទេសលើកដំបូងរបស់លោកស៊ី ជិនភីង ក្រោយកាន់តំណែងជាប្រធានាធិបតីនៅអាណត្តិទីបី។ 
 
តាមសេចក្តីប្រកាសរបស់វិមានក្រេមឡាំង លោកស៊ី និងជជែកជាមួយសមភាគីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន ជុំវិញការអភិវឌ្ឍទំនាក់ទំនងគ្រប់ជ្រុងជ្រោយបន្ថែម និងទំនាក់ទំនងជាយុទ្ធសាស្រ្តរវាងប្រទេសជិតខាងទាំងពីរ ក៏ដូចជាការផ្តោះប្តូរគំនិតលើការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិប្រទេសទាំងពីរលើឆាកអន្តរជាតិ។
 
មិនតែប៉ុណ្ណោះ មេដឹកនាំទាំងពីរ គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីផងដែរ។ កិច្ចចរចាសន្តិភាព រួមទាំងទិដ្ឋភាពសង្រ្គាមនៅអ៊ុយក្រែន ក៏អាចត្រូវបានមេដឹកនាំចិនលើកយកមកដែរ។ 
 
ចាប់តាំងពីឡើងកាន់តំណែងជាប្រធានាធិបតីនៅក្នុងឆ្នាំ២០១៣ លោកស៊ី បានជួបលោកពូទីន ដោយផ្ទាល់ក្នុងរយៈពេល ៣៩លើក។ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ មុនពេលរុស្ស៊ីឈ្លានពានអ៊ុយក្រែន មេដឹកនាំប្រទេសទាំងពីរ បានហៅទំនាក់ទំនងទ្វេភាគីថាគ្មានព្រំដែន។ 
 
កន្លងមក ចិនបានអំពាវនាវឱ្យរដ្ឋាភិបាលក្រុងកៀវ និងក្រុងមូស្គូ ចូលតុចរចាជាមួយគ្នា ដើម្បីស្វែងរកសន្តិភាព។ មិនតែប៉ុណ្ណោះ ក្រុងប៉េកាំង បានរិះគន់ប្រទេសលោកខាងលិច ដែលបន្តបញ្ជូនអាវុធទៅអ៊ុយក្រែន ខណៈខ្លួនបារម្ភពីការរីកសាយនៃជម្លោះ៕ 

Tag:
 ចិន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com