ជាតិ
ព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត (Equinox) ពីថ្ងៃទី២០ ហើយអាចបន្តដល់ថ្ងៃទី២៣ ខែមីនា នេះ ព្រឹត្តិការណ៍ធម្មជាតិអយនកាល Equinox នាប្រាសាទអង្គរវត្តនៅព្រឹកថ្ងៃទី២០ ខែមីនា។ ថតដោយ តន ចាន់រិទ្ធារ៉ា
× សៀមរាប៖ នៅថ្ងៃទី២០ ខែមីនា នេះ ហើយបន្តដល់ថ្ងៃទី២១ ទី២២ និងទី២៣ ទេសចរជាតិ និងអន្តរជាតិ អាចទស្សនា និងផ្តិតយកទិដ្ឋភាពនៃព្រឹត្តិការណ៍ធម្មជាតិ អយនកាល (Equinox) ដោយព្រះអាទិត្យរះចំកំពូលបាកាន (កណ្តាលកំពូល) នៃប្រាសាទអង្គរវត្ត។
ព្រឹត្តិការណ៍ធម្មជាតិអយនកាល (Equinox) ដោយរយៈពេលថ្ងៃ និងយប់ស្មើគ្នា ឬយើងនិយមហៅជាទូទៅថា «បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត» កើតឡើងពីរលើកជារៀងរាល់ឆ្នាំ នាខែមីនាម្តង និងខែកញ្ញាម្តងទៀត។ យោងតាមក្រសួងទេសចរណ៍ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះស្តែងឲ្យឃើញពីអច្ឆរិយភាពនៃប្រាសាទអង្គរវត្ត ដែលបុព្វបុរសខ្មែរបានកសាងឡើងដោយមានការគិតគូរអំពីស្ថាបត្យកម្ម និងការផ្សារភ្ជាប់ជាមួយនឹងធម្មជាតិរវាងផែនដី និងព្រះអាទិត្យយ៉ាងច្បាស់លាស់គួរស្ញប់ស្ញែងជាទីបំផុត។
បើតាមក្រសួងដដែល បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត អាចនឹងកើតឡើងនៅចន្លោះថ្ងៃទី២០ដល់ថ្ងៃទី២៣ ខែមីនា ចាប់ពីម៉ោង៥ និង៣០នាទីព្រឹក ដល់ម៉ោង៧ព្រឹក។ ថ្ងៃទី២១ ខែមីនា ព្រះករុណា ព្រះមហាក្សត្រ នឹងយាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធីសុំ «ព្រះអគ្គិកីឡានៅប្រាសាទអង្គរវត្ត ចំពេលដែលព្រះអាទិត្យរះចំពីលើកណ្តាលកំពូលប្រាសាទអង្គរវត្តផងដែរ។
ព្រះអគ្គិកីឡា ផ្តល់ជាភ្លើងគប់ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងត្រូវរៀបចំជាលើកដំបូងបំផុតក្នុងប្រទេសកម្ពុជា។ តាមគម្រោងភ្លើងគប់ នឹងត្រូវដង្ហែជុំវិញប្រាសាទអង្គរវត្ត បន្តចេញពីកម្ពុជាឆ្ពោះទៅវៀតណាម និងតាមបណ្តាប្រទេសក្នុងតំបន់ដែលជាសមាជិកនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម៕
© រក្សាសិទ្ធិដោយ thmeythmey.com