ជាតិ
សង្គមជាតិ
លោក កែ គឹមយ៉ាន៖ ២០២២ ការលួចកែច្នៃគ្រឿងញៀននៅកម្ពុជា មានច្រើនលើសលប់
22, Mar 2023 , 3:13 pm        
រូបភាព
ទីតាំងកែច្នៃគ្រឿងញៀនមួយកន្លែង ដែលសមត្ថកិច្ចកម្ពុជារកឃើញ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២២។ រូបពីមន្ទីរប្រឆាំងគ្រឿងញៀន
ទីតាំងកែច្នៃគ្រឿងញៀនមួយកន្លែង ដែលសមត្ថកិច្ចកម្ពុជារកឃើញ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២២។ រូបពីមន្ទីរប្រឆាំងគ្រឿងញៀន
ដោយ៖ ទេពញាណ
ក្នុងឆ្នាំ២០២២ ស្ថានភាពគ្រឿងញៀននៅកម្ពុជា ជាពិសេសការលួចកែច្នៃគ្រឿងញៀនពីសំណាក់ក្រុមឧក្រិដ្ឋជនធំៗ ពុំបានថយចុះឡើយ គឺមានតែកើនឡើងខ្លាំងជាងឆ្នាំមុនៗទៅទៀត។ លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បង្ហាញក្តីបារម្ភពីរឿងនេះ។



ក្នុងសន្និបាតបូកសរុបលទ្ធផលការងារបង្ក្រាបគ្រឿងញៀនឆ្នាំ២០២២របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ លោក កែ គឹមយ៉ាន ថ្លែងដូច្នេះថា៖«[ក្នុងឆ្នាំ២០២២] ខ្ញុំ សង្កេតឃើញមានបញ្ហាមួយចំនួន ដូចជា ការរក្សាទុក ការចរាចរគ្រឿងញៀន សារធាតុគីមីផ្សំ ដែលបានកើតឡើងថ្មីៗគួរឲ្យបារម្ភ និងមានហានិភ័យខ្ពស់ចំពោះសង្គមជាតិយើង ហើយកំណើននៃការកែច្នៃគ្រឿងញៀនសំយោគ មានចំនួនច្រើនលើសលប់ បើប្រៀបធៀបនឹងឆ្នាំ២០២១»។ 



របាយការណ៍ដែលត្រូវបានផ្សព្វផ្សាយក្នុងសន្និបាតខាងលើ បានឲ្យដឹងថា នៅឆ្នាំ២០២២ សមត្ថកិច្ចកម្ពុជា រឹបអូសបានគ្រឿងញៀន រួមទាំងសារជាតិញៀនដល់ទៅជាង១៤តោន ហើយជនសង្ស័យ១,៥ម៉ឺននាក់ ដោយក្នុងនោះ មានជនជាតិខ្មែរជាង១,៤ម៉ឺនាក់ ត្រូវចាប់ខ្លួន។ កាលពីឆ្នាំ២០២១ គ្រឿងញៀន និងសារជាតិញៀនតែជាង៤តោនប៉ុណ្ណោះ ដែលត្រូវរឹបអូសបាន ហើយជនសង្ស័យជិត១,៤ម៉ឺននាក់ ដែលត្រូវចាប់ខ្លួន។ 
 
លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន លើកឡើងថា ការចរាចរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀន មិនមានការថយចុះឡើយ។ លោក បន្តថា ការអនុវត្តច្បាប់របស់សមត្ថកិច្ច លើការទប់ស្កាត់គ្រឿងញៀន ក៏មិនស្មើដៃគ្នាដែរ។ 
 
ជាមួយគ្នានេះ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរូបនេះ មើលឃើញពីបញ្ហានៅថ្នាក់ក្រោមជាតិថា នៅថ្នាក់ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មិនម្ចាស់ការខ្លួនឯង ដោយភាគច្រើន គឺរង់ចាំតែទាល់មានកិច្ចអន្តរាគមន៍ពីថ្នាក់លើ។ លោក បន្ថែមថា ខេត្តខ្លះ នៅខ្វះការយកចិត្តទុកដាក់លើការពង្រឹងយន្តការនៃការដឹកនាំបង្ក្រាបគ្រឿងញៀន។
 
លោក នៅទាញបញ្ហាធំ១ទៀត ទៅចែករំលែកដល់អង្គសន្និបាត គឺជុំវិញរឿងសារធាតុគីមីផ្សំ ដែលអាចកែច្នៃជាគ្រឿងញៀន។ លោក គូសរំលេចពីរឿងនេះថា យន្តការនៃការគ្រប់គ្រង និងការត្រួតពិនិត្យសារជាតិគីមីផ្សំ ពុំទាន់ត្រូវបានពង្រឹងឲ្យមានប្រសិទ្ធភាព ដើម្បីឆ្លើយតបនឹងឧបាយកលរបស់ពួកឧក្រិដ្ឋជននោះទេ។ 
 
យ៉ាងណាក៏ដោយ លោកឧបនាយករដ្ឋមន្រ្តី នៅតែមើលឃើញថា ស្ថាប័នពាក់ព័ន្ធ បានបំពេញតួនាទីតាមដែនសមត្ថកិច្ចរបស់ខ្លួន រហូតទទួលបានលទ្ធផលប្រកបដោយមោទនភាព ក្នុងការអនុវត្តការងារទប់ស្កាត់គ្រឿងញៀន នៅឆ្នាំ២០២២៕ 
 

Tag:
 កែ គឹមយ៉ាន
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com