ជាតិ
សង្គមជាតិ
សម្តេច ស ខេង ប្រាប់ទៅស្ថាប័ន​ជំនាញពង្រឹង​ការត្រួតពិនិត្យ​ការ​នាំចូលសារធាតុគីមីផ្សំ
22, Mar 2023 , 8:59 pm        
រូបភាព
សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ រូបពី ហ្វេសប៊ុករបស់សម្ដេច ស ខេង
សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ រូបពី ហ្វេសប៊ុករបស់សម្ដេច ស ខេង
ភ្នំពេញ៖ សម្ដេចឧបនាយក​រដ្ឋមន្ត្រីស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រាប់ទៅដល់សមត្ថកិច្ចពាក់ព័ន្ធ ពិសេស ក្រសួងឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងសុខាភិបាលពង្រឹងការត្រួតពិនិត្យការនាំចូល និងការប្រើប្រាស់សារធាតុគីមីផ្សំ។

 
នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២២និងលើកទិសដៅការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២៣ សម្ដេច ស ខេង បានណែនាំដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងនិងស្ថាប័នពាក់ព័ន្ធទាំង យកចិត្តទុកដាក់និងអនុវត្តការងារតាមជំនាញរបស់ខ្លួនដើម្បីបង្កើនប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៣។
 
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជំរុញឲ្យអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនិងដៃគូអភិវឌ្ឍន៍នានាធ្វើការសិក្សាឡើងវិញអំពីក្របខណ្ឌច្បាប់និងគោលការណ៍វិធានការនានា ក្នុងការបង្ការទប់ស្កាត់ការលួចកែច្នៃផលិតនិងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
 
ចំពោះ អង្គភាពកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជាពិសេសគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្តត្រូវបន្តយកចិត្តទុកអនុវត្តសកម្មភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យបានម៉ឺងម៉ាត់ស្របតាមផែនការគោលនយោបាយយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងគ្រឿងញៀន។ 
 
សម្ដេច ស ខេង ក៏សង្កត់ធ្ងន់ដែរថា៖ «ក្រសួង-ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធជាពិសេសក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍និងក្រសួងសុខាភិបាល ត្រូវពង្រឹងនិងបង្កើនការត្រួតពិនិត្យរាល់សកម្មភាពនាំចូល និងប្រើប្រាស់សារធាតុគីមីនិងសារធាតុគីមីផ្សំគ្រឿងញៀន នៅតាមបណ្តាក្រុមហ៊ុនរោងចក្រព្រមទាំងលើកកម្ពស់ការប្រើប្រាស់យន្តការខ្សែបណ្ដោយថ្នាក់ក្រោមជាតិធ្វើជាសេនាធិការក្នុងការតាមដាននិងត្រួតពិនិត្យបន្តលើការប្រើប្រាស់សារធាតុគីមីផ្សំនេះ»។ 
 
ចំពោះគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្តអភិបាលនៃគណៈអភិបាលរាជធានីខេត្ត សម្ដេច ស ខេងបានណែនាំឱ្យបន្តលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព ហើយបង្កើនការអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់ និងគ្រោះថ្នាក់កើតចេញពីការប្រើប្រាស់គ្រឿងញៀន។ ចំណែក គ្រប់ក្រសួង-ស្ថាប័ន អង្គភាពពាក់ព័ន្ធពិសេសតំបន់ព្រំដែន ត្រូវលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីការត្រួតពិនិត្យគ្រឿងញៀន ទាំងក្នុងក្របខណ្ឌទ្វេភាគី ត្រីភាគី ពហុភាគីដើម្បីទប់ស្កាត់ការជួញដូរគ្រឿងញៀននិងសារធាតុគីមីផ្សំឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយទៀត។
 
សម្តេច​បាន​បន្ថែម​ថា ក្រសួង-ស្ថាប័ន កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេស ក្រសួងយុត្តិធម៌ ត្រូវសម្របសម្រួលជាមួយស្ថាប័នតុលាការគ្រប់ជាន់ថ្នាក់ ដើម្បីពន្លឿនការជំនុំជំរះក្តីនៃបទល្មើសគ្រឿងញៀនឱ្យបានឆាប់រហ័ស។ ជាមួយគ្នាដែរ មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវពន្លឿនការធ្វើវិសោធនកម្មច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងរៀបចំតាក់តែងគោលនយោបាយ ឬលិខិតបទដ្ឋានគតិយុត្តិផ្សេងទៀត ដើម្បីបម្រើដល់ការអនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងប្រទេសកម្ពុជា ពិសេសការគ្រប់គ្រងត្រួតពិនិត្យការប្រើប្រាស់សារធាតុគីមីផ្សំ៕ 
 

Tag:
 គ្រឿងញៀន
  សារធាតុគីមី
© រក្សាសិទ្ធិដោយ thmeythmey.com