កីឡាអន្តរជាតិ
អន្តរជាតិ
Zlatan វ័យ៤១ឆ្នាំ ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិស៊ុយអែតវិញ ក្រោយជារបួសជង្គង់
23, Mar 2023 , 9:29 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិស៊ុយអែត នៅថ្ងៃទី២២ ខែមីនា កោះហៅខ្សែប្រយុទ្ធវ័យចំណាស់ ​Zlatan Ibrahimovic ដើម្បីជួយក្រុមប្រកួតជម្រុះពានរង្វាន់ Euro 2024 ក្រោយរូបគេជាពីរបួសជង្គង់។ ក្រោយមានការកោះហៅវិលចូលក្រុមជាថ្មី Ibrahimovic បានប្រកាសថាខ្លួនជាអតីតកាល បច្ចុប្បន្ន និងជាអនាគតរបស់ក្រុមស៊ុយអែត។



Ibrahimovic សព្វថ្ងៃកំពុងកាន់កំណត់ត្រារកគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេនៅក្រុមជម្រើសជាតិស៊ុយអែត។ កីឡាករវ័យ ៤១ឆ្នាំ មុនពេលវិលត្រលប់ទៅកាន់ក្រុមជម្រើសជាតិ រូបគេបានរងរបួសជង្គងធ្ងន់ធ្ងររយៈពេល ១៤ខែ ដោយមិនបានចូលរួមក្នុងសកម្មភាពបាល់ទាត់អ្វីឡើយ។ តែកាលពីសប្តាហ៍មុនអំឡុងពេលវិលចូលទីលានវិញ ដោយលេងជាមួយក្រុម AC Milan រូបគេបានក្លាយជាកីឡាករវ័យចំណាស់ជាងគេដែលស៊ុតបាល់បញ្ចូលទីនៅក្របខណ្ឌ Serie A របស់អ៊ីតាលី។ 
  


ក្រោយទទួលការកោះហៅចូលក្រុមជម្រើសជាតិសារជាថ្មី Ibrahimovic ក៏នឹងមានវត្តមានក្នុងជំនួបវគ្គជម្រុះពានរង្វាន់ទ្វីបអឺរ៉ុបឆ្នាំ២០២៤ Euro 2024 រវាងស៊ុយអែតទល់បែលហ្ស៊ិក នៅថ្ងៃទី២៤ ខែមីនា ក្នុងទីក្រុង Stockholm ដែរ។
 
នៅពេលត្រូវបានសួរថាតើរូបគេមានបំណងនាំក្រុមឈានទៅកាន់ការប្រកួតជុំផ្តាច់ព្រ័ត្រនៅប្រទេសអាល្លឺម៉ង់សម្រាប់ការប្រកួត Euro 2024 ឆ្នាំក្រោយដែរឬអត់? អតីតខ្សែប្រយុទ្ធ Manchester United, Inter Milan, Barcelona Ajax ឆ្លើយភ្លាមថានឹងជួយក្រុមបើមានឱកាស។
 
ដោយបានរំលឹកទៅកាន់អតីតកាល កាលនៅវ័យក្មេង និងកំពុងពេញទម្រង់លេងល្អ Ibrahimovic រៀបរាប់ថា៖«ប្រសិនបើខ្ញុំមានអារម្មណ៍ល្អ ហើយនឹងត្រូវបានជ្រើសរើសដោយគ្រូបង្វឹក ខ្ញុំនឹងជួយគាត់ ជួយក្រុមក៏ដូចជាប្រទេសផ្ទាល់។ ខ្ញុំនឹងផ្តល់អ្វីដែលមានទាំងអស់ និងអស្ចារ្យបំផុត។ ដូច្នេះខ្ញុំគិតលើវ័យខ្ញុំពេលនេះ អ្នកមិនអាចគិតអំពីអនាគតបានទេ អ្នកនឹងគិតពីពេលបច្ចុប្បន្ន ទោះបីខ្ញុំជាអតីត បច្ចុប្បន្ន ហើយនឹងអនាគតក៏ដោយ។»។
 
Zlatan បានបង្ហាញខ្លួនចំនួន ១២១ប្រកួតឱ្យស៊ុយអែត ដោយរកបានគ្រាប់បាល់ចំនួន ៦២គ្រាប់ច្រើនជាងកីឡាករណាទាំងអស់។ Ibrahimovic ខកខានបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិស៊ុយអែតតាំងពីឆ្នាំ ២០១៥ មក។
 
លើសពីនេះ Zlatan ក៏បាននិយាយអំពីស្ថានភាពជំងឺរបស់គេអំឡុងព្យាបាលរយៈពេលជាង ១៤ខែ​ផងដែរ។ Zlatan បាននិយាយបន្ថែមដូច្នេះថា៖«ជាមូលដ្ឋាន ជង្គង់របសខ្ញុំបានហើមរយៈពេល ៨ ទៅ ៩ខែ ប៉ុន្តែបន្ទាប់មកភ្លាមៗ កាលពីខែមុន រឿងរ៉ាវមួយបានកើតឡើង ហើយគ្រប់យ៉ាងបានក្លាយជាវិជ្ជមាន ខ្ញុំក៏ទទួលបានថាមពលមកវិញ។»។
 
កាលពីសប្តាហ៍មុន Zlatan ដែលជាប្រធានក្រុម AC Milan បានវិលចូលរួមប្រកួតឱ្យក្រុមវិញទល់ក្រុម Udinese ចាប់តាំងពីជាពីរបួសវិញមក។ ក្នុងការប្រកួតនោះកីឡាករវ័យ ៤១ឆ្នាំ បានស៊ុតបាល់បញ្ចូលទីហើយធ្វើបានកំណត់ត្រាថ្មីបន្ថែមទៀត ប៉ុន្តែភាពរីករាយនៃការរកបានគ្រាប់បាល់បញ្ចូលទីមានត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ដោយ AC Milan រងបរាជ័យក្នុងលទ្ធផល ៣-១៕
 

Tag:
 Zlatan Ibrahimovic
  Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com