ជាតិ
«បេតិកភណ្ឌវប្បធម៌, អេកូទេសចរណ៍,​ទេសចរណ៍​ឆ្នេរ និង​ភាពជាខ្មែរ» ជា​សសរស្ដម្ភ​ទេសចរណ៍កម្ពុជា
24, Mar 2023 , 7:59 pm        
រូបភាព
«បេតិកភណ្ឌវប្បធម៌, អេកូទេសចរណ៍,ទេសចរណ៍ឆ្នេរ និងភាពជាខ្មែរ» ជាសសរស្ដម្ភទេសចរណ៍កម្ពុជា
«បេតិកភណ្ឌវប្បធម៌, អេកូទេសចរណ៍,ទេសចរណ៍ឆ្នេរ និងភាពជាខ្មែរ» ជាសសរស្ដម្ភទេសចរណ៍កម្ពុជា
ភ្នំពេញ៖ ​កម្ពុជា​ បាន​កំណត់​យក​«បេតិកភណ្ឌវប្បធម៌, អេកូទេសចរណ៍,​ទេសចរណ៍​ឆ្នេរ និង​ភាពជាខ្មែរ» ជាសសរស្ដម្ភ​សក្ដានុពល​នៃ​ទេសចរណ៍​កម្ពុជា​ ដែល​អាច​ផ្ដល់​ជូន​ទេសចរ​នូវ​បទពិសោធន៍ និង​ភា​ព​ប្លែក​ៗ​គ្នា​ជា​រៀង​រាល់ថ្ងៃ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។



នៅ​ឆ្នាំ​២០២៣នេះ រដ្ឋាភិបាល​កម្ពុជា បាន​អុនម័ត​លើ​វិធាន​ការ​គោលនយោបាយ​អនុវត្ត​​យុទ្ធនាការ «ឆ្នាំ​ទស្សនា​កម្ពុជា ២០២៣»។ យុទ្ធនាការ​ «ឆ្នាំ​ទស្សនា​កម្ពុជា ២០២៣» មាន​គោល​បំណង​​លើក​កម្ពស់​កិត្តិនាម​ទេសចរណ៍​​ «កម្ពុជា៖ ព្រះ​រាជាណាចក្រអច្ឆរិយៈ-ផ្ដល់​ភាព​កក់​ក្ដៅ​» នៅ​លើ​ទី​ផ្សារ​ទេសចរណ៍​ឱ្យ​កាន់​​តែ​ខ្លាំ​ងក្លា ដើម្បី​ទាក់ទាញ​ទេសចរ​អន្តរជាតិ​ឱ្យ​បាន​យ៉ាង​តិច ៤លាន​នាក់​ នៅ​ឆ្នាំ​២០២៣។ 


ភ្ញៀវទេសចរទៅទស្សនាប្រាសាទអង្គរ
 
ជាមួយ​គ្នានេះ យុទ្ធនាការនេះ នឹង​ផ្សារ​ភ្ជាប់​រវាង​ព្រឹត្តិការណ៍​​កីឡា​ស៊ី​ហ្គេម​​លើក​ទី​៣២ និង​អាស៊ាន​ប៉ារ៉ា​ហ្គេម​​លើ​ក​ទី​១២ ដែល​ប្រារព្ធ​នៅ​ឧសភាខាង​មុខ​នេះ​។​ ដើម្បី​ឱ្យ​យុទ្ធនាការនេះ ទទួល​បាន​ជោគជ័យ រដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​នូវ​វិធានការ​មួយចំនួន ក្នុង​នោះ​វិធាន​ការទី៣ នឹង​រៀបចំដាក់​ចេញ​ផ្លូវ​ទស្សនា​ចរណ៍កម្ពុជា​ចំនួន ៤។ 
 
​ផ្លូវ​ទស្សនា​ចរណ៍ទាំងនោះរួមមាន ​ផ្លូវ​ទស្សនា​ចរណ៍ទៅ​កាន់​តំបន់​បេតិកភណ្ឌដ៏​អស្ចារ្យ​, ​ផ្លូវ​ទស្សនា​ចរណ៍​ទៅកាន់​ពិភព​ធម្មជាតិ, ​ផ្លូវ​ទស្សនា​ចរណ៍ទៅកាន់​ភាព​រីករាយ និង​ផ្លូវ​ទស្សនា​ចរណ៍​ស្វែង​យល់​ពី​ភាព​ជា​ខ្មែរ។ ផ្លូវ​ទស្សនា​ចរណ៍ទៅ​កាន់​តំបន់​បេតិកភណ្ឌដ៏​អស្ចារ្យ​ សំដៅ​ដល់​ខ្សែ​​​​ទស្សនា​ចរណ៍ភ្ជាប់​តំបន់​បេតិកភណ្ឌ​ពិភព​លោក​សៀមរាប-អង្គរ ព្រះ​វិហារ សំបូរ​ព្រៃគុក​ និង​តំបន់​ជុំវិញ​ដែល​សម្បូរ​​ដោយ​រមណីយដ្ឋាន​ប្រវត្តិសាស្រ្ត។ 
  

ឆ្នេរសមុទ្រនាខេត្តព្រះសីហនុ
 
ចំណែក ​ផ្លូវ​ទស្សនា​ចរណ៍​ទៅកាន់​ពិភព​ធម្មជាតិ សំដៅ​ដល់​ខ្សែ​ទស្សនាចរណ៍​​គោល​ដៅ​អេកូទេសចរណ៍​ដែល​មាន​តំបន់​ភូមិ​ភាគ​ឦសាន​ និង​តំបន់​បឹង​ទន្លេសាប​​ មាន​ខេត្ត​មណ្ឌលគិរី ភ្ជាប់​ជាមួយខេត្ត​រតនគិរី ក្រចេះ និង​ស្ទឹង​ត្រែង។ ​ផ្លូវ​ទស្សនា​ចរណ៍​ទៅកាន់​ពិភព​ធម្មជាតិ ក៏​ជំរុញ​ខ្សែ​ទស្សនាចរណ៍​​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ និង​ខ្សែ​ទស្សនាចរណ៍តាម​ដង​ទន្លេ​មេគង្គ។ 
 
ដោយ​ឡែក​ ផ្លូវ​ទស្សនា​ចរណ៍ទៅកាន់​ភាព​រីករាយវិញ សំដៅ​ដល់​ខ្សែ​ទស្សនាចរណ៍ឆ្នេរ​សមុទ្រ​កម្ពុជា​តភ្ជាប់​​ខេត្ត​ទាំង​៤ នៃ​តំបន់​ឆ្នេរ និង​កោះ​នានា ស្រប​តាម​ការ​ប្រសិទ្ធនាម​ «តារារះ​ទិសនារតី»។ រីឯ ​ផ្លូវ​ទស្សនា​ចរណ៍​ស្វែង​យល់​ពី​ភាព​ជា​ខ្មែរ សំដៅ​​ដល់ការ​ផ្ដល់​ជូន​នូវ​​បទ​ពិសោធន៍​ដ៏​វិសេស​ តាមរយៈ​អច្ឆរិយភាព​របស់​ខ្មែរ​ និង​ប្រជាជន។ ខ្សែ​ទស្សនាចរណ៍នេះ នឹង​បង្ហាញ​ជូន​នូវ​សកម្មភាព​សិល្បៈ ក្បាច់​គុណបុរាណខ្មែរ វប្បធម៌ ប្រពៃ​ណី​ដែល​មាន​អាយុកាល​យូរ​លង់​ និង​កម្មវិធី​បុណ្យ ឬ​ព្រឹត្តិការណ៍​​ប្រចាំ​តំបន់​ ទំនៀម​ទម្លាប់​ របៀបរស់នៅ​ប្រចាំថ្ងៃ​ ពិសេស​ម្ហូប​អាហារខ្មែរ។
 
សូម​បញ្ជាក់ថា ក្រៅ​ពី​បង្កើត​ផ្លូវទស្សនាចរណ៍​ទាំង៤ ក្រសួង​ទេសចរណ៍​​ នឹង​រៀបចំ​​ផែន​ទីទេសចរណ៍​ ដោយ​បង្ហាញបទ​ពិសោធន៍​ សម្បទា​ទេសចរណ៍​ សេវាកម្ម​ និង​សកម្មភាព​កម្សាន្ត​ផ្សេងៗ។ នេះ​បើតាម​វិធាន​ការ​គោលនយោបាយ​អនុវត្ត​​យុទ្ធនាការ «ឆ្នាំ​ទស្សនា​កម្ពុជា ២០២៣»៕ 
 

ជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរ
 

តំបន់អេកូទេសចរណ៍នៅខេត្តក្រចេះ
 


Tag:
 ទេសចរណ៍
 បេតិកភណ្ឌវប្បធម៌
  អេកូទេសចរណ៍
 ​ទេសចរណ៍​ឆ្នេរ និង​ភាពជាខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com