ជាតិ
ខេត្តព្រះវិហារ មានពលរដ្ឋជាង៨០ភាគរយ ជាកសិករ
25, Mar 2023 , 9:59 pm        
រូបភាព
លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។ រូបភាពពី​អង្គភាព​អ្នក​នាំពាក្យ
លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។ រូបភាពពី​អង្គភាព​អ្នក​នាំពាក្យ
ភ្នំពេញ៖ កសិកម្ម ជាវិស័យចម្បងរបស់ខេត្តព្រះវិហារ។ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានលើកឡើងថា ខេត្តព្រះវិហារ មានវិសាលភាពផ្ទៃដីធំទូលាយ ប្រកបដោយជីវជាតិ និងជាប្រភពដ៏ប្រសើរសម្រាប់វិស័យកសិកម្មដែលជាឆ្អឹងខ្នងសេដ្ឋកិច្ច សម្រាប់ប្រជាពលរដ្ឋប្រមាណជាង ៨០ភាគរយ។


ក្នុងសន្និសីទសារព័ត៌មាន «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមករបស់ខេត្តព្រះវិហារ» កាលពីថ្ងៃទី២៣ មីនា លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អះអាងថា វិស័យកសិកម្ម ជាមុខរបរចម្បងរបស់ពលរដ្ឋខេត្តព្រះវិហារ។ លើសពីនេះ ខេត្តមានសក្កានុពលធ្វើកសិកម្មសរីរាង្គ និងជាប្រភពផ្គត់ផ្គង់កសិផលសរីរាង្គច្រើនជាងគេ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិឈានមុខគេ។
 
បើតាមអភិបាលខេត្តព្រះវិហារ ក្នុងឆ្នាំ២០២២ ការដាំដុះដំណាំស្រូវរដូវវស្សាអនុវត្តបានចំនួន ៩៩ ១២០ហិកតា ដែលផ្ទៃដីប្រមូលផលសរុបចំនួន ៩៤ ០៦៣ហិកតា ស្មើនឹង ២៨៣ ៧៤៣តោន។ ក្រៅពីដំណាំស្រូវ ខេត្តព្រះវិហារ ក៏បង្កបង្កើនផលដំណាំរួមផ្សំ សម្រាប់ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែអនុវត្តបានសរុប ៦៣ ៤៣៤ហិកតា ស្មើនឹង ៩០.៨៧ភាគរយ។ 

រូបភាពពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ព្រះវិហារ
 
បច្ចុប្បន្ន ខេត្តព្រះវិហារ មានសហគមន៍កសិកម្មចំនួន ៤៣សហគមន៍ ដែលមានសមាជិកប្រមាណ ១ម៉ឺនគ្រួសារ។ មុខរបរសំខាន់ៗរបស់សហគមន៍កសិកម្ម ផ្ដោតលើការធ្វើឥណទានកសិកម្មខ្នាតតូច ផ្គត់ផ្គង់សម្ភារកសិកម្ម និងបានចុះកិច្ចសន្យាទិញលក់ផលិតផលសរីរាង្គដូចជា ស្រូវសរីរាង្គ, ដំឡូងមីសរីរាង្គ និងគ្រាប់ស្វាយចន្ទីសរីរាង្គជាដើម។ 
 
សម្រាប់ទិសដៅខាងមុខ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លើកឡើងថា រដ្ឋបាលខេត្តព្រះវិហារ នឹងបន្តពង្រឹង និងជំរុញការអនុវត្តកសិកម្មតាមកិច្ចសន្យាចំពោះផលិតផលសរីរាង្គ និងជំរុញប្រជាកសិករឱ្យខិតខំបង្កើនផល ពង្រឹងគុណភាពកសិផល ស្របនឹងតម្រូវការទីផ្សារ៕ 


រូបភាពពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ព្រះវិហារ


រូបភាពពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ព្រះវិហារ

 

Tag:
 សរីរាង្គ
  កសិករ
© រក្សាសិទ្ធិដោយ thmeythmey.com