កីឡាអន្តរជាតិ
អន្តរជាតិ
លោក Conte និង Spurs ចែកផ្លូវគ្នា ក្រោយរកាំរកូសជាមួយកូនក្រុម
27, Mar 2023 , 11:59 am        
រូបភាព
ក្រុម Tottenham Hotspur បានសម្រេចចែកផ្លូវជាមួយអ្នកចាត់ការក្រុមលោក ​Antonio Conte នៅថ្ងៃទី២៦ ខែមីនា។ នេះបើតាមសេចក្តីប្រកាសរបស់ក្លិបរហស្សនាមមាន់ខ្នាយមាស។ ការសម្រេចចិត្តនេះកើតឡើងត្រឹមតែរយៈពេល ៨ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអ្នកចាត់ការសញ្ជាតិអ៊ីតាលីបង្ហាញកំហឹងចំពោះកូនក្រុមដែលបានត្រឹមស្មើ Southampton នៅក្របខណ្ឌ Premier League បើទោះនាំមុខ២គ្រាប់មុន។



លទ្ធផលស្មើក្នុងការប្រកួតនោះ ក្រុម ​Spurs នៅតែបន្តស្ថិតនៅចំណាត់ថ្នាក់លេខ ៤ ដដែលនៃតារាង Premier League ដោយឈរពីលើ​ក្រុម Newcastle ដែលស្ថិតនៅចំណាត់ថ្នាក់លេខ៥ តែ ២ពិន្ទុប៉ុណ្ណោះ។ យ៉ាងណា ​Newcastle នៅសល់ ២ប្រកួតក្នុងដៃមានប្រៀបជាង ​Spurs ក្នុងការដណ្តើមតំណែង Top4។
 
បន្ទាប់ពីប្រកួតស្មើលទ្ធផល ៣-៣ លោក Conte ដែលមានកុងត្រាជាមួយក្លិបដល់ខែមិថុនា ​បានស្តីបន្ទោសកូនក្រុមយ៉ាងខ្លាំង ហើយបានចោទកីឡាករថាអត្មានិយម។
 
ខណៈដែលក្រុមកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៤ នៃកំពូលតារាង ប៉ុន្តែកាលពីប៉ុន្មានសប្តាហ៍មុនក្រុមរហ័សនាមមាន់ខ្នាយមាសមួយនេះ ត្រូវបានក្រុម MC Milan ទម្លាក់ចេញពី Champions League វគ្គ១៦ក្រុម និងបានធ្លាក់ចេញពី FA Cup ក្រោមថ្វីជើងក្រុមនៅលីគទីពីរ Sheffield United។
 
យ៉ាងណា មកដល់ពីនេះលោក Conte ដែលទទួលបានតំណែងដឹកនាំ Spurs កាលពីខែវិច្ឆិកា ឆ្នាំ ២០២១ ត្រូវបានក្លិបប្រកាសចែកផ្លូវ បន្ទាប់ពីមានរឿងហេតុផ្ទៃក្នុងក្រុម។
 
«យើងអាចប្រកាសថាគ្រូបង្វឹកលោក ​Antonio Conte បានចាកចេញពីក្លិបដោយការព្រមព្រៀងគ្នា។ យើងទទួលបានការប្រកួត Champions League ក្រោមការដឹកនាំរបស់ Conte នៅរដូវកាលដំបូងជាមួយក្លិប ហើយយើងពិតជាអរគុណ Conte សម្រាប់ការលះបង់របស់គាត់ យើងជូនពរគាត់សម្រាប់អនាគតល្អប្រសើរ។»។ នេះបើតាមសម្តីប្រធានក្លិបលោក ​Daniel Levy បាននិយាយក្នុងសេចក្តីថ្លែងការណ៍។
 
បន្ទាប់ពី Conte ចាកចេញលោក Cristian Stellini ដែលជាគ្រូជំនួយនឹងចូលដឹកនាំក្រុមបណ្តោះអាសន្នជំនួសអ្នកចាត់ការសញ្ជាតិអ៊ីតាលី។ លោក ​Ryan Mason ក៏នឹងក្លាយជាគ្រូជំនួយបន្ទាប់ពីគ្រូបង្វឹកថ្មីដែលទើបតែងតាំងនេះវិញផងដែរ។
 
ក្រោយការធ្លាក់ចេញពី Champions League វាហាក់បីដូចជាការបញ្ចប់ក្តីសង្ឃឹមតាមប្រម៉ាញ់ពានរង្វាន់លើកដំបូងសម្រាប់ ​Spurs អ៊ីចឹង បន្ទាប់ពីខកខានឈ្នះពានរង្វាន់នានា រយៈពេលជាង ១៥ឆ្នាំមកនេះ។ Spurs កំពុងតែបន្តរង់ចាំការឈ្នះពានរង្វាន់លើកដំបូង បន្ទាប់ពីឈ្នះ League Cup លើកចុងក្រោយបង្អស់ក្នុងឆ្នាំ ២០០៨៕
 
 
 

Tag:
 Tottenham Hotspur
  Antonio Conte
© រក្សាសិទ្ធិដោយ thmeythmey.com