ជាតិ
លោក ហ៊ុន ម៉ាណែត៖ នរណាយកឈ្មោះ និងរូបថតខ្ញុំ ទៅធ្វើរឿងខុសច្បាប់ ចាប់ទៅ ដោយមិនចាំបាច់សួរខ្ញុំទេ
27, Mar 2023 , 2:08 pm        
រូបភាព
លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន មេបញ្ជាការកងទ័ពជើងគោក ប្រាប់ឱ្យសមត្ថកិច្ចចាប់ខ្លួនបុគ្គលណា ដែលយកឈ្មោះ និងរូបថតលោក ទៅប្រព្រឹត្តរឿងខុសច្បាប់ ដោយមិនចាំបាច់សួរយោបល់ពីលោកនោះទេ។



«ថ្ងៃមុនគេមកសួរជំនួយការខ្ញុំ ថា បងមាន(មនុស្ស)ម្នាក់ថតរូបជាមួយបងឯង ទៅកៀបគេនៅកំពង់សោម ហើយជាជំនួយការពិសេសបងឯង ថាបងឯងឱ្យទៅចុះចាប់យកដី»។ នេះជាការលើកឡើងរបស់នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នៅក្នុងវេទិកាសាធារណៈមួយ តាមរយៈវីដេអូលើហ្វេសប៊ុកខ្លួន នាថ្ងៃទី២៧ មីនា។
 
លោក ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគតរូបនេះ បានស្នើឱ្យសមត្ថកិច្ច និងអាជ្ញាធរចាប់បុគ្គល ដែលយកកិត្តិយស និងរូបថតលោក ទៅប្រើក្នុងបទល្មើសខុសច្បាប់ទាំងនោះ ដោយមិនចាំបាច់ឆ្លងយោបល់ពីលោកឡើយ។ «ចាប់ទៅ! ចាប់ដោយមិនចាំបាច់សួរខ្ញុំទេ! ជំនួយការខ្ញុំក៏ដោយ ដើរជាមួយខ្ញុំក៏ដោយឱ្យតែធ្វើខុស ចាប់ទៅ។ និយាយឱ្យច្បាស់អ៊ីចឹងហ្មង»។ នេះបើតាមលោក ម៉ាណែត ដែលបានបន្ថែមថា បុគ្គលខិលខូចទាំងនោះ ប្រើពាក្យជំនួយការផ្ទាល់ ជំនួយការពិសេស និងជំនួយការជិតស្និទជាមួយលោកជាដើម។
 
កូនប្រុសច្បងនាយករដ្ឋមន្រ្តីរូបនេះ បន្ថែមថា បើពលរដ្ឋ ឬសាធារណជន លេចឮអ្នកប្រព្រឹត្តទង្វើបែបនេះ សូមប្រាប់ទៅលោក នឹងចាត់ការករណីនេះផ្ទាល់តែម្ដង តាមរយៈការប្ដឹងទៅតុលាការ៕

Tag:
 ហ៊ុន ម៉ាណែត
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com