ជាតិ
សង្គមជាតិ
មានបុគ្គល៤នាក់ បន្លំធ្វើជាមេធាវី, គណៈមេធាវី ព្រមានចាត់វិធានការ
27, Mar 2023 , 3:09 pm        
រូបភាព
ដោយ៖ ទេពញាណ

គណៈមេធាវីកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន២ដាច់ដោយឡែកពីគ្នា ដើម្បីជម្រាបជូនដល់សាធារណជនអំពីករណីបុគ្គល៤រូប ដែលបានក្លែងធ្វើជាមេធាវី។


បុគ្គលម្នាក់ បានបង្ហោះលិខិត១ច្បាប់លើបណ្តាញសង្គម ដោយលិខិតនោះ បង្ហាញថា រូបគេ បានប្រឹក្សាយោបល់ផ្នែកច្បាប់ដល់ភាគីដែលមានទំនាស់ដីធ្លី។ តាមរយៈសេចក្តីប្រកាសព័ត៌មាន១ ដែលចេញនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ គណៈមេធាវី បំភ្លឺថា បុគ្គលនេះ ពុំមានសិទ្ធិផ្តល់ការប្រឹក្សាយោបល់ផ្នែកច្បាប់ក្នុងនាមជាមេធាវី និងពុំមានសិទ្ធិប្រកបវិជ្ជាជីវៈមេធាវីឡើយ។ 
 
ក្នុងករណីបុគ្គលខាងលើនេះ មិនបញ្ឈប់សកម្មភាពនៃការបន្លំធ្វើជាមេធាវី គណៈមេធាវី នឹងមានវិធានការតាមផ្លូវច្បាប់យ៉ាងម៉ឹងម៉ាត់ ចំពោះសកម្មភាពប្រកបវិជ្ជាជីវៈខុសនឹងច្បាប់ស្តីពីលក្ខន្តិកៈមេធាវី។ នេះជាការព្រមានរបស់គណៈមេធាវី។  
 
រីឯសេចក្តីប្រកាសព័ត៌មាន១ទៀត ដែលចេញកាលពីថ្ងៃទី២៤ ខែមីនា បាននិយាយរួមអំពីករណីបុគ្គល៣នាក់ ដែលក្លែងធ្វើជាមេធាវី។ គណៈមេធាវី លើកឡើងថា បុគ្គលទាំង៣នាក់នេះ បានក្លែងត្រាមូលមេធាវី និងត្រាឈ្មោះមេធាវីនៅលើឯកសារ ហើយពួកគេ ថែមទាំងពាក់អាវមេធាវីទៀតផង។ 
 
គណៈមេធាវី ព្រមានថា អំពើក្លែងធ្វើជាមេធាវី និងអំពើពាក់ឯកសណ្ឋានមេធាវី ដែលខ្លួនពុំមានសិទ្ធិ ត្រូវផ្តន្ទាទោសតាមច្បាប់ស្តីពីលក្ខន្តិកៈមេធាវី និងបទប្បញ្ញត្តិជាធរមាន៕ 
 

Tag:
 ករណីក្លែងធ្វើជាមេធាវី
© រក្សាសិទ្ធិដោយ thmeythmey.com