ជាតិ
បុគ្គលិកពេទ្យ៣ពាន់នាក់ រថយន្តសង្គ្រោះ១០០គ្រឿង នឹងបម្រើសេវ៉ា២៤ម៉ោងអំឡុងស៊ីហ្គេម
31, Mar 2023 , 8:59 pm        
រូបភាព
រូបតំណាង
រូបតំណាង
ម្ចាស់ផ្ទះកម្ពុជា នឹងដាក់ចល័តបុគ្គលិកពេទ្យចំនួន៣០០០នាក់ និងរថយន្តសង្គ្រោះ១០០គ្រឿង ដើម្បីបម្រើការ២៤ម៉ោងក្នុងអំឡុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅគ្រប់ទីតាំងរៀបចំក្នុងក្រុងភំពេញ សៀមរាប កែប កំពត និងក្រុងព្រះសីហនុ។



បុគ្គលិកពេទ្យទាំង៣០០០នាក់ និងរថយន្តសង្គ្រោះ១០០គ្រឿង នឹងបម្រើជូនលើសេវ៉ាសង្គ្រោះបន្ទាន់បឋម ការថែទាំបន្ទាន់ ចាប់សរសៃ និងថែទាំងសុខភាពមាត់ធ្មេញជាដើម។
 
សេវ៉ាកម្មវេជ្ជសាស្ត្រទាំងនេះ នឹងដាក់នៅតាមតំបន់មួយចំនួនរួមមាន ទីលានប្រកួត ភូមិកីឡា (២៤ម៉ោង) សណ្ឋាគារ (២៤ម៉ោង) និងព្រលានយន្តហោះ។ ដោយឡែកសម្រាប់រថយន្តសង្គ្រោះបន្ទាន់ នឹងដំណើរការលើ២៤ម៉ោងផងដែរ។ ទីតាំងមន្ទីរពេទ្យដែលត្រូវរ៉ាប់រងសេវ៉ាទាំងអស់នេះមាននៅភ្នំពេញ ព្រះសីហនុ កំពត សៀមរាប និងកែប ដែលជាទីតាំងត្រូវទទួលរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២នេះ។
 
រាល់សេវ៉ាទាំងអស់ខាងលើ នឹងមិនតម្រូវឱ្យបង់ថ្លៃជាដាច់ខាត សម្រាប់សាមាជិកគ្រួសារកីឡាទាំងអស់ក្នុងអំឡុងពេលពេញមួយព្រឹត្តិការណ៍តែម្តង។
ដោយឡែក សម្រាប់ការបង្កាជំងឺកូវីដ-១៩ ដើម្បីធានាសុវត្ថិភាពអត្តពលិក និងគណៈប្រតិភូចូលរួមទាំងអស់ ម្ចាស់ផ្ទះកម្ពុជា នឹងប្រើប្រាស់វិធានការរបស់ក្រុមប្រឹក្សាជាតិអូឡាំពិកអាស៊ី និងក្រុមប្រឹក្សាអាស៊ីប៉ារ៉ាឡាំពិក។
 
ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ផ្លូវការ នឹងធ្វើឡើងពីថ្ងៃទី៥ ខែឧសភា រហូតដល់ថ្ងៃទី១៧ ខែឧសភា៕
 

Tag:
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com