ជាតិ
ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ បង្កើតគ្រឹះស្ថានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា
31, Mar 2023 , 5:04 pm        
រូបភាព
ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី។ រូបថត Royal du Cambodge
ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី។ រូបថត Royal du Cambodge
ភ្នំពេញ៖ ព្រះបាទសម្រេចព្រះបរមនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យ ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដែលក្នុងនោះមានសាលាជំនាញពាក់ព័ន្ធវិស័យតុលាការនិងច្បាប់ចំនួន៥។

 
បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា (ប.ភ.យ.ក) ជាគ្រឹះស្ថានបណ្ដុះបណ្ដាលសាធារណៈ ដែលស្ថិតក្រោមការគ្រប់គ្រង់របស់ក្រសួងយុត្តិធម៌។ គោលបំណងនៃការរៀបចំឱ្យមានគ្រឹះស្ថាននេះ ដើម្បីលើកកម្ពស់សមត្ថភាព គុណភាព និងប្រសិទ្ធភាព នៃការបណ្តុះបណ្តាលវិជ្ជាជីវៈតុលាការ វិជ្ជាជីវៈច្បាប់ និងជំនាញផ្សេងទៀតក្នុងវិស័យច្បាប់និងយុត្តិធម៌។ 
 
នៅក្នុងគ្រឹះស្ថាន ប.ភ.យ.ក មានសាលាជំនាញ៥ គឺសាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញា សាលាភូមិន្ទអាជ្ញាសាលា សាលាភូមិន្ទក្រឡាបញ្ជី សាលាភូមិន្ទសារការី និងសាលាច្បាប់។ លើសពីនេះ មានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី និងការបណ្ដុះបណ្ដាលជាច្រើនទៀត ជុំវិញវិស័យច្បាប់និងប្រព័ន្ធយុត្តិធម៌។ 
 
ប.ភ.យ.ក. មានភារកិច្ច រៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម សិស្សព្រះរាជអាជ្ញា សិស្សអាជ្ញាសាលា សិស្សក្រឡាបញ្ជី សិស្សសារការី ព្រមទាំងសិស្សវិជ្ជាជីវៈតុលាការនិងវិជ្ជាជីវៈច្បាប់ផ្សេងទៀត។ ជាមួយគ្នាដែរ 
 
ក៏មានរៀបចំការបណ្តុះបណ្តាលពាក់ព័ន្ធនឹងវិស័យច្បាប់ និងយុត្តិធម៌ដល់មន្ត្រីរាជការនៃក្រសួងយុត្តិធម៌មន្ត្រីរដ្ឋបាលតុលាការនៅសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ និងមន្ត្រីអនុវត្តច្បាប់នៅតាមក្រសួងសា្ថប័ននានា។ ក្រៅពីនេះ រៀបចំជ្រើសរើស និងបណ្តុះបណ្តាលសាស្ត្រាចារ្យ និងគ្រូបង្រៀន ដើម្បីធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈតុលាការ វិជ្ជាជីវៈច្បាប់ ហើយផ្តល់គោរមងារកិត្តិយស ឋានៈ ងារ ដល់ពួកគេផងដែរ។ 
 
កន្លងមកឆ្នាំ២០០៥ គឺធ្លាប់មានការបង្កើតរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។ ប៉ុន្តែ ឥឡូវត្រូវប្ដូរទៅជា ប.ភ.យ.ក ដែលទើបបង្កើតថ្មីនេះវិញ។ នេះបើតាមព្រះក្រឹត្យចេញថ្ងៃទី២៥មីនា ឆ្នាំ២០២៣៕ 
 

Tag:
 បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌
© រក្សាសិទ្ធិដោយ thmeythmey.com