ជាតិ
រដ្ឋព្រមឱ្យសង់វារីអគ្គិសនី និងស្ថានីយពន្លឺព្រះអាទិត្យចំនួន៥ ដែលអាចប្រមូលពន្ធ​ជាង៣២២លានដុល្លារ
31, Mar 2023 , 9:59 pm        
រូបភាព
កិច្ចប្រជុំពេញអង្គរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីថ្ងៃទី៣១មីនា ២០២៣។ រូបពីទីស្ដីការគណៈរដ្ឋមន្ត្រី
កិច្ចប្រជុំពេញអង្គរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីថ្ងៃទី៣១មីនា ២០២៣។ រូបពីទីស្ដីការគណៈរដ្ឋមន្ត្រី
ភ្នំពេញ៖ រដ្ឋាភិបាលប្រជុំសម្រេចអនុម័តទាំងស្រុងលើ​សំណើសុំវិនិយោគវិស័យថាមពលចំនួន៥គម្រោង ដែលក្នុងនោះមាន គម្រោងវារីអគ្គិសនី១គម្រោងនិងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ៤គម្រោង។ រដ្ឋរំពឹងថានឹងប្រមូលចំណូលពន្ធពីស្ថានីយអគ្គិសនីទាំង៥បានជាង ៣២២លានដុល្លារ។

 
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយសម្ដេច ហ៊ុន សែននាយករដ្ឋមន្ត្រី បានសម្រេចឱ្យដំណើរការគម្រោងទាំង៥ខាងលើ។ ចំពោះ គម្រោងវារីអគ្គិសនីធ្វើនៅស្ទឹងឫស្សីជ្រុំកណ្ដាល ផ្គួបជាមួយនឹងវារីអគ្គិសនីស្ទឹងវាយថ្មកំបុតបញ្ចូលគ្នាជាគម្រោងតែមួយដែលស្ថិតនៅខេត្តកោះកុង។ ចំណែក គម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យមាន៤គម្រោងនៅខេត្តពោធិ៍សាត់ កំពង់ឆ្នាំង ស្វាយរៀង និងព្រៃវែង។ 
 
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានសរសេរលម្អិតលើហ្វេសប៊ុករបស់ថា គម្រោងវិនិយោគក្នុងវិស័យអគ្គិសនីថ្មីទាំង៥គម្រោងនេះបាននឹងបង្កើតបានថាមពលអគ្គិសនីជាច្រើនរយមេហ្គាវ៉ាត់។ អត្ថប្រយោជន៍ដែលទទួលបានវិញក៏ច្រើនលើសលុបដែរ គឺនឹងទទួលបានអគ្គិសនីពីប្រភពថាមពលស្អាតកាត់បន្ថយការប្រើប្រាស់ឥន្ធនៈដែលបញ្ចេញឧស្ម័នកាបូនច្រើនហើយធានារក្សាបាននូវបរិស្ថាន ធនធានធម្មជាតិនិងការប្រែប្រួលអាកាសធាតុ។
 
វារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្តាលមានអាងស្តុកទឹកធំនឹងជួយស្ដុកប្រភពទឹកភ្លៀងនៅរដូវវស្សានិងអាចផលិតអគ្គិសនីបន្ថែមនៅរដូវប្រាំងចំនួន១២២លានគីឡូវ៉ាត់ម៉ោងក្នុង១ឆ្នាំបន្ថែមទៀតផងដែរ។
 
លើសពីនេះ អាចជួយធានាបានអត្រាថ្លៃប្រភពអគ្គិសនីមួយថេរ នៅរយៈពេល៤០ឆ្នាំផងដែរ។ ចំណែកគម្រោងថាមពលពន្លឺព្រះអាទិត្យ គឺអាចជួយធានាបានអត្រាថ្លៃប្រភពអគ្គិសនីមួយថេរនៅរយៈពេលប្រមាណ២០ឆ្នាំ។ 
 
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលនឹងទទួលបានចំណូលពន្ធជាង ៣២២ ៨៨០ ៣៨៣ លានដុល្លារពីអាជីវកម្មនៃគម្រោងទាំង ៥ ដោយមិនទាន់គិតបញ្ចូលចំណូលពន្ធលើប្រាក់បៀវត្សរ៍ពន្ធកាត់ទុកលើការជួលនានា រួមទាំងពន្ធដោយប្រយោលដ៏ទៃទៀត។
 
សូមជម្រាបថា គម្រោងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្ដាលមានទំហំ៧០មេហ្គាវ៉ាត់ហើយគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុតមានអានុភាព១០០មេហ្គាវ៉ាត់សម្រាប់ផ្គួបបញ្ចូលគ្នា។
 
ចំណែក គម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តពោធិ៍សាត់គម្រោងនេះទំហំដល់ទៅ១៥០មេហ្គាវ៉ាត់។ គម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យនៅខេត្តកំពង់ឆ្នាំងទំហំ៦០មេហ្កាវ៉ា គម្រោងនៅស្វាយរៀងទំហំ៦០មេហ្កាវ៉ាត់និងគម្រោងនៅខេត្តព្រៃវែង ទំហំ៨០មេហ្កាវ៉ាត់។ ការសម្រេចអនុម័តគម្រោងនេះគឺដើម្បីធានានិរន្តភាពនៃការរៀបចំអភិវឌ្ឍគម្រោង វិស័យថាមពលអគ្គិសនីតាមពេលវេលាដែលបានគ្រោងក្នុងផែនការមេធ្វើយ៉ាងណាឱ្យការផ្គត់ផ្គង់ថាមពលមានគ្រប់គ្រាន់៕ 
 
 
 
 
 

Tag:
 ថាមពលអគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com