កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
កម្ពុជា ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ក្រោយឈ្នះម៉ាឡេស៊ី(B) ៣-០
01, Apr 2023 , 4:39 pm        
រូបភាព
ការប្រកួតរវាងក្រុមកម្ពុជា និងម៉ាឡេស៊ី(B)។ រូបពី VFC
ការប្រកួតរវាងក្រុមកម្ពុជា និងម៉ាឡេស៊ី(B)។ រូបពី VFC
ដោយ:
ក្រុមបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជា បានលត់ក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី(B)ដោយមិនមានការតដៃបានវិញឡើយ។ កម្ពុជា បានឈ្នះក្នុងលទ្ធផល ៣-០សិត ក្នុងការប្រកួតពានរង្វាន់បាល់ទះ Tri-Nation នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ នាទីលានបាល់ទះក្នុងសាល MBSA Indoor Volleyball Hall ក្នុងក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

 
នៅក្នុងសិតទី១ ក្រុមកម្ពុជា ធ្វើបានល្អដោយបាននាំមុខក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី(B) ក្នុងលទ្ធផល ២៥-១៦។ យ៉ាងណាចូលដល់សិតទី២ កម្ពុជា បន្តដាក់សម្ពាធសារជាថ្មីម្តងទៀតទៅលើក្រុមម្ចាស់ផ្ទះ។ ទោះបីជាក្រុមម៉ាឡេស៊ី ប្រឹងប្រែងទប់ទល់យ៉ាងណាក៏ដោយម៉ាឡេស៊ី(B) នៅតែមិនអាចយកឈ្នះកម្ពុជាបាននោះទេ។ សិតទី២ ត្រូវបានបញ្ចប់ក្នុងលទ្ធផល ២៥-២១។
 

ការលោតធ្វើរនាំងពីកីឡាករកម្ពុជា ផុល រតនៈ និងសឿន ហេង ក្នុងជំនួបទល់នឹងម៉ាឡេស៊ី(B)។ រូបពីVFC
 
ចូលដល់សិតទី៣ ក្រុមភ្ញៀវកម្ពុជា នៅតែបន្តធ្វើបានល្អដោយបានយកឈ្នះទៅលើក្រុមម៉ាឡេស៊ីឈុត(B) ដោយលទ្ធផលដាច់ឆ្ងាយ ២៥-១៧។ ចំណែកក្រុមបាល់ទះម៉ាឡេស៊ី(A) បានយកឈ្នះសិង្ហបុរី ក្នុងលទ្ធផល ៣-១សិត ដែលនាំឱ្យក្រុម ទៅជួបភ្ញៀវកម្ពុជា សារជាថ្មីម្តងទៀតនៅវគ្គផ្តាច់ព្រ័ត្រ។
 
គួបញ្ជាក់ថា ការប្រកួតរវាងក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី(A) និងក្រុមភ្ញៀវកម្ពុជា នឹងចាប់ផ្តើមនៅម៉ោង៩យប់ បន្ទាប់ពីបញ្ចប់ការប្រកួតរវាងក្រុមសិង្ហបុរី និងម៉ាឡេស៊ី(B) នៅម៉ោង៧យប់៕ 
 

Tag:
 កីឡាបាល់ទះ
 Tri-Nation
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com