ជាតិ
ខេត្តសៀមរាប មានមគ្គុទ្ទេសក៍ទេសចរណ៍ជាង ៥ពាន់នាក់ និងទីភ្នាក់ងារទេសចរណ៍ ៣២១ ទីភ្នាក់ងារ
01, Apr 2023 , 8:19 pm        
រូបភាព
មគ្គុទ្ទេសក៍ទេសចរណ៍នៅខេត្តសៀមរាប
មគ្គុទ្ទេសក៍ទេសចរណ៍នៅខេត្តសៀមរាប
ភ្នំពេញ៖ វិស័យទេសចរណ៍ ជាចំណែកមួយដ៏សំខាន់ដែលជួយលើកស្ទួយជីវភាពប្រជាជន និងសេដ្ឋកិច្ចខេត្តទាំងមូល បន្ទាប់ពីវិស័យកសិកម្ម។ អភិបាលខេត្តសៀមរាប លោក ទៀ សីហា អះអាងថា ខេត្តសៀមរាប មានមគ្គុទ្ទេសក៍ទេសចរណ៍ចំនួន ៥ ១១៧នាក់ និងទីភ្នាក់ងារទេសចរណ៍ ៣២១។



សៀមរាប ជាខេត្តដែលមានសក្តានុពលទេសចរណ៍ និងកេរ្តិ៍ល្បីល្បាញនៅក្នុងកម្ពុជា និងពិភពលោក។ ខេត្តដែលសម្បូរតំបន់បេតិកភណ្ឌនេះ មានមគ្គុទ្ទេសក៍ទេសចរណ៍រហូតដល់ ៥ ១១៧នាក់ និងទីភ្នាក់ងារទេសចរណ៍ចំនួន ៣២១ ចាំបម្រើសេវាដល់ទេសចរ។ 


លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប។ រូបភាព៖ ឈុំ ចន្ថា
 
ក្នុងសន្និសីទសារព័ត៌មាន «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមករបស់ខេត្តសៀមរាប» នៅថ្ងៃទី២៩ មីនា លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានឱ្យដឹងថា ខេត្តមានសណ្ឋាគារ ២៣៧ទីតាំង ស្មើនឹង ១៥ ២២២បន្ទប់, ផ្ទះភ្ញៀវ ២៨៣ទីតាំង, ភោជនីយដ្ឋាន ២៣៩កន្លែង។ 
 
លោក ទៀ សីហា ក៏បានរំឭកពីវិបត្តិកូវីដ-១៩ ដែលវាយប្រហារសេដ្ឋកិច្ចខេត្តសៀមរាបដូច្នេះ៖ «ដោយសារវិបត្តិកូវីដ-១៩  បានជះឥទ្ធិពលយ៉ាងខ្លាំងចំពោះវិស័យទេសចរណ៍ខេត្ត ចាប់ពីឆ្នាំ២០១៩ ដែលសេវាកម្មទេសចរណ៍ត្រូវបានបិទ និងផ្អាក ស្ទើរតែទាំងស្រុង ហើយទើបនឹងចាប់ផ្ដើមមានកំណើនភ្ញៀវទេសចរប្រសើរឡើងវិញនៅឆ្នាំ២០២២»។
 
បើតាមអភិបាលខេត្តរូបនេះ ក្រៅពីរមណីយដ្ឋានប្រវត្តិសាស្រ្ត និងប្រាសាទបុរាណ ខេត្តសៀមរាប ក៏មានរមណីយដ្ឋានធម្មជាតិ និងកែច្នៃជាច្រើន កន្លែងដូចជា រមណីយដ្ឋានធម្មជាតិចង្រ្កានរយ, រមណីយដ្ឋានសួនពិព័រណ៍ត្រីទឹកសាប ទឹកប្រៃ និងរមណីយដ្ឋានជាច្រើនទៀត។ គួរបញ្ជាក់ថា ខេត្តទេសចរណ៍មួយនេះ តែងជាប់ពានរង្វាន់ តួយ៉ាង «ភូមិវត្តបូព៌» ដែលស្ថិតក្នុងក្រុងសៀមរាប បានជាប់លំដាប់លេខ៣ ក្នុងចំណោមទីតាំងដ៏សែនមនោរម្យទាំង ៥១ លើពិភពលោក៕ 
 

Tag:
 ទេសចរណ៍
  សៀមរាប
  មគ្គុទ្ទេសក៏
© រក្សាសិទ្ធិដោយ thmeythmey.com