កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
នាយកប្រតបត្តិ CPL ចង់ឱ្យពានលីគខាប់ច្នៃតាមរចនាបថខ្មែរ ទោះចំណាយច្រើន
01, Apr 2023 , 10:19 pm        
រូបភាព
ពានរង្វាន់ Cambodian League Cup 2023 រូបពី CPL
ពានរង្វាន់ Cambodian League Cup 2023 រូបពី CPL
លោក ខេង សុខហេង ប្រធានផ្នែកផ្សព្វផ្សាយក្រុមហ៊ុន Cambodian Premier League (CPL) បានបញ្ជាក់ថា លោក Satoshi Saito នាយកប្រតិបត្តិ CPL គាំទ្រឲ្យការប្រកួតលីគបាល់ទាត់កម្ពុជា រួមទាំងការប្រកួតពានលីគខាប់ឆ្នាំ២០២៣ មានពាន ដែលច្នៃឡើងតាមរចនាបថខ្មែរ ទោះត្រូវចំណាយប្រាក់ច្រើន។ រូបពានថ្មី បង្កប់អត្ថន័យដូចជា កម្លាំងថាមពល, ឆន្ទៈ និងការជំរុញទឹកចិត្ត។



ក្រុមហ៊ុន CPL បានបង្ហាញពីរូបរាងពានរង្វាន់ Cambodian League Cup 2023 ដែលមានទ្រង់ទ្រាយខុសគ្នាទាំងស្រុងទៅនិងពានរង្វាន់នាឆ្នាំ២០២២។ លោក ខេង សុខហេង បានប្រាប់សារព័ត៌មានថ្មីៗតាមតេលេក្រាមថាពានរង្វាន់នេះ គឺជាការច្នៃផ្ទាល់ និងរចនាម៉ូតផ្ទាល់ ដោយលោក វិសាល វិសិដ្ឋ ដែលជាអ្នករចនាម៉ូតពានរង្វាន់លីគ១ និងលីគ២។ ពានលីគខាប់កាលពីរដូវកាលដំបូង ត្រូវបានទិញស្រាប់មកពីប្រទេសថៃ ព្រោះជាការចាប់ផ្ដើមប្រកួតព្រឹត្តិការណ៍នេះផង ហើយក៏មិនមានពេលគ្រប់គ្រាន់ក្នុងការរចនាផង។ ដោយឡែក ក្នុងរដូវកាលនេះ CPL មានពេលវេលាគ្រប់គ្រាន់ក្នុងការរចនាពាន ដោយ លោក Satoshi Saito មានគោលបំណងចង់ឲ្យការប្រកួតបាល់ទាត់នៅកម្ពុជា មានអ្វីៗ ដែលជារបស់ច្នៃដោយទេព្យកោសល្យរបស់ប្រជាជនកម្ពុជា។


ពានរង្វាន់ Cambodian League Cup 2022 រូបពី លោក ខេង សុខហេង
 
ប្រធានទីផ្សព្វផ្សាយ CPL លោក សុខហេង បាននិយាយដូច្នេះថា៖« ឆ្នាំមុន ពានទិញ ពីប្រទេសក្រៅ។ ឆ្នាំនេះយើងមានពេលច្រើនសម្រាប់ធ្វើពានថ្មី ដើម្បីធ្វើអ្វីជារបស់យើង និងសម្រា​ប់ប្រើប្រាស់ក្នុងប្រទេសយើង។ ថ្វីត្បិតពាន ខ្លួនឯង ចំណាយរៀងច្រើនក៏ពិតមែន ប៉ុន្តែ CEO គាត់ចង់ឲ្យមានពានរបស់ប្រទេសយើងវិញ។»។
 
យោងទៅលើការផ្សាយរបស់ក្រុមហ៊ុន CPL ពានរង្វាន់ខេមបូឌាលីគខាប់ថ្មី ឆ្នាំ២០២៣ គឺតំណាងឲ្យកម្លាំង ឆន្ទៈ និងការជំរុញទឹកចិត្ត។ ពណ៌ស្វាយ នៃផ្នែកខាងក្រោមពាន ជាពណ៌តំណាងឲ្យការប្រកួតក្នុងព្រឹត្តិការណ៍លីគខាប់។ ចំណែកផ្នែកខាងលើ ពណ៌ប្រាក់ តំណាងឲ្យជ័យជម្នះ ភាពស្មោះត្រង់ សំណាងល្អ ភាពរុងរឿង និងទ្រព្យសម្បត្តិ។ រីឯដងចន្លុះ ផ្នែកនេះ គឺដើម្បីអុជបំភ្លឺ ដែលពេញនិយមប្រើប្រាស់របស់មនុស្សសម័យបុរាណ ហើយបញ្ជាក់ពីគោលបំណងផ្សារភ្ជាប់ទំនាក់ទំនង របស់ប្រជាពលរដ្ឋកម្ពុជា ជាអ្នកគាំទ្របាល់ទាត់ ទៅនិងពាន។ ភ្លើង បង្ហាញពីអំណាច ថាមពលដ៏មោះមុត និងការជម្នះរាល់ឧបសគ្គគ្រប់បែបយ៉ាង។ ចំពោះរូបមនុស្សលើពាន នេះ គឺតំណាងឲ្យការអបអរ ភាពក្លាហាន និងការប្រកួតប្រជែង ដោយផ្អែកលើស្មារតីកីឡា។ 
 
នៅលើផ្ទៃនៃពានខាងក្រោយ ក៏មានឆ្លាក់រូបផែនទីប្រទេសកម្ពុជាផងដែរ។ នេះ គឺចង់បង្ហាញពីបូរណភាពទឹកដីរបស់កម្ពុជា និងទំនាក់ទំនងរបស់ប្រជាជន ទាំងអស់គ្រប់បណ្ដា ២៥រាជធានី ខេត្ត៕
 

Tag:
 បាល់ទាត់
  CPL
  ខេង សុខហេង
  Satoshi Saito
© រក្សាសិទ្ធិដោយ thmeythmey.com