ជាតិ
ឆ្នាំនេះ រដ្ឋបាលខេត្ត​រតនគិរី រៀបចំ​សង្រ្កាន្ត​ឆ្នាំថ្មី២០២៣ រយៈពេល៧ថ្ងៃ
01, Apr 2023 , 10:59 pm        
រូបភាព
 រូបភាពពីរដ្ឋបាលខេត្តរតនគិរី
រូបភាពពីរដ្ឋបាលខេត្តរតនគិរី
ភ្នំពេញ៖ រដ្ឋបាលខេត្ត​រតនគិរី នឹង​រៀប​ចំ​សង្រ្កាន្តឆ្នាំ​ថ្មី​២០២៣ រយៈពេល ៧​ថ្ងៃ ចាប់​ពីថ្ងៃទី​១០-១៦ ខែមេសា នៅ​មន្ទីរវប្បធម៌ និង​វិចិត្រសិល្បៈខេត្ត។ លោក ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី ប្រាប់​សារព័ត៌មាន​ Thmey Thmey 25 ថា ការ​រៀបចំ​រយៈពេល​យូរនេះ ដើម្បី​ផ្ដល់​ភាព​រីករាយ​ដល់ពលរដ្ឋ​ និង​ភ្ញៀវទេសចរ​អាច​ចូលរួម​កម្សាន្ត​នៅ​ថ្ងៃណាមួយ​ ក្នុង​រយៈពេល​៧ថ្ងៃនេះ។​



រដ្ឋបាលខេត្ត​រតនគិរី កំពុង​មមាញឹក​រៀបចំ​ព្រឹត្តិការណ៍​សង្រ្កាន្ត​ឆ្នាំ​ថ្មី២០២៣ ។ សង្រ្កាន្តរតនគិរី ឆ្នាំនេះ មាន​រយៈពេលវែង​ជាង​ឆ្នាំមុន គឺចាប់ពីថ្ងៃទី១០-១៦ ខែមេសា នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត។ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី លើកឡើងថា ក្នុង​ព្រឹត្តិការណ៍នេះ នឹង​មាន​កម្មវិធី​បែប​សាសនា ប្រពៃណី ការលេង​ល្បែង​ប្រជាប្រិយ​ រួមទាំង​ការ​ប្រគំតន្រ្តី និង​ការបាញ់​កាំជ្រួចជាដើម។


រូបភាពពីរដ្ឋបាលខេត្តរតនគិរី
 
«ខ្ញុំ​ជឿ​ថា​ នឹងមាន​ការចូលរួម​ច្រើន ព្រោះ​អី​យើង​បាន​ផ្សព្វផ្សាយតាម​តុ​កាហ្វេ និង​ពលរដ្ឋ​ទូទៅ​។ អ្នក​ខ្លះ គាត់​ថា ដូចជា​មិន​ចាំ​បាច់​ទៅណា​ទៀតទេ ទៅ​ឆ្ងាយ​ត្រូវ​ចំណាយ។ ណាមួយ​ នៅ​ក្រុង​បាន​លុង មាន​រៀប​ចំ​សង្រ្កាន្តដែរ»។ លោក ញ៉ែម សំអឿន ប្រាប់​ដូច្នេះ។
 
​បើតាម​អភិបាលខេត្ត​ ក្នុង​កម្មវិធីនេះ ក៏​មានការដាក់តាំងបង្ហាញផលិតផល និងសមិទ្ធផលនានារបស់មន្ទីរអង្គភាព ជុំវិញខេត្ត និងរដ្ឋបាលក្រុងស្រុក។ លើសពីនេះ នឹង​បង្ហាញ​នូវរបាំ​ និង​ប្រពៃណី​របស់​ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគតិច​ផងដែរ។ 
  
រូបភាពពីរដ្ឋបាលខេត្តរតនគិរី
 
លោក បញ្ជាក់​បែបនេះ​៖ «ដោយសារ​តែខេត្ត​យើង​ សម្បូរ​បង​ប្អូន​ជនជាតិ​ដើម​ភាគតិចដល់​ទៅ​៦៥ភាគរយ។ យើង​តែង​តែ​ជំរុញ​ពួក​គាត់​ឱ្យ​មើល​វប្បធម៌ពួកគាត់ ហើយអ្វីខ្លះ​អាច​ចូលរួម​ និង​ធ្វើ​បាន​។ ខ្ញុំ​ចង់​ជំរុញណាស់ អ្វី​ជា​វប្បធម៌​របស់​បងប្អូន​ដើមភាគតិច។ ដើម្បី​ទាក់​ទាញ​ទេសចរ»។​
 
ចំពោះ​ទីតាំង​កម្មវិធី លោក ញ៉ែម សំអឿន បាន​ឱ្យដឹងថា អាជ្ញាធរ​ខេត្ត​បាន​ចាក់បេតុង មាន​ទី​ធ្លា​ធំ​ទូលាយ ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ពលរដ្ឋ​ និង​ភ្ញៀវទេសចរ​មក​កម្សាន្ត។ ជាមួយ​គ្នានេះ រដ្ឋបាលខេត្ត​ នឹងបន្ត​ពង្រឹងសុវត្ថិភាព​ឱ្យ​បាន​ល្អ​នៅថ្ងៃកម្មវិធី៕ 


រូបភាពពីរដ្ឋបាលខេត្តរតនគិរី
 


Tag:
 សង្រ្កាន្ត
  ចូលឆ្នាំ
  រតនគិរី​
© រក្សាសិទ្ធិដោយ thmeythmey.com