ជាតិ
ការប្រើប្រាស់ទឹកស្អាតនៅក្រុងសៀមរាបនារដូវប្រាំងពុំមានសញ្ញាខ្វះឡើយ
02, Apr 2023 , 7:59 am        
រូបភាព
ការតបណ្ដាញទឹកស្អាតនៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
ការតបណ្ដាញទឹកស្អាតនៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
សៀមរាប៖ មិនមានសញ្ញានៃការខ្វះទឹកស្អាតប្រើប្រាស់ឡើយ សម្រាប់ក្រុងសៀមរាប។ ផ្ទុយទៅវិញ ការផលិតទឹកស្អាតនាពេលបច្ចុប្បន្ន គឺលើសពីតម្រូវការទៅវិញទេ។

 
អគ្គនាយករដ្ឋាករទឹកស្វយ័តសៀមរាប លោក ចាន់ សេងឡា បានឱ្យដឹងថា បើទោះក្នុងរដូវប្រាំង បរិមាណទឹកនៅតាមរោងចក្រប្រព្រឹត្តិកម្មចម្រោះទឹកស្អាតមានភាពថមថយពិតមែន តែពុំមានសញ្ញា នៃការខ្វះទឹកស្អាតសម្រាប់ប្រើប្រាស់ឡើយ។ លោកបន្តថា បច្ចុប្បន្នរោងចក្រផលិតទឹកស្អាតរបស់រដ្ឋាករ ទឹកស្វយ័តសៀមរាប មានលទ្ធភាពផលិតទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃចំនួន៩ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ ខណ់ៈការប្រើប្រាស់មានចំនួនត្រឹមជិត ៣ម៉ឺនម៉ែត្រគីបប៉ុណ្ណោះ។
 
លោក ចាន់ សេងឡា ពន្យល់ថា បច្ចុប្បន្នបណ្ដាញទឹកស្អាតដែលបានតរួចមានប្រមាណ៨០ភាគរយ ក្នុងក្រុងសៀមរាប ខណៈដែលមានតបណ្ដាញប្រើប្រាស់សរុបមានខ្ទង់២ម៉ឺនគ្រួសារប៉ុណ្ណោះ។ លោកបន្ថែមថា ពលរដ្ឋភាគច្រើនមិនទាន់ភ្ជាប់បណ្ដាញទឹកស្អាតប្រើប្រាស់ទេ ទោះបណ្ដាញរត់កាត់មុខ​ផ្ទះ​ក៏ដោយ គឺពួកគេនៅបន្តប្រើប្រាស់ទឹកអណ្ដូង។ 
 
ជាមួយគ្នានេះដែរ រដ្ឋាករទឹកស្វយ័តសៀមរាប ក៏កំពុងត្រៀមទទួលសមិទ្ធផលថ្មីមួយទៀត នោះគឺវត្តមាន នៃរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនៅសង្កាត់ជ្រាវ ដែលទាញទឹកពីទន្លេសាប។ រោងចក្រនេះនឹងអាចភ្ជាប់ បណ្ដាញប្រើប្រាស់ក្នុងក្រុងពីខែមេសា តទៅ។ 
 
ចំពោះការតបណ្ដាញទឹកស្អាតទៅកាន់ភូមិអភិវឌ្ឍន៍រុនតាឯក នៃស្រុកបន្ទាយស្រី វិញ បច្ចុប្បន្នសម្រេចបាន១០០ភាគរយហើយ ក្នុងនោះបានតបណ្ដាញដល់ពលរដ្ឋជាង១ពាន់គ្រួសារ។ ចំណែកនៅតំបន់ពាក់ស្នែងវិញ អគ្គនាយករដ្ឋាករទឹកស្វយ័តសៀមរាប បញ្ជាក់ថា កំពុងដំណើរការ អូសបណ្ដាញបានប្រមាណ៨០ភាគរយ ហើយគ្រោងនឹងបញ្ចប់នៅខែ ឧសភា ខាងមុខ៕
 
 
 

Tag:
 ទឹកស្អាត
© រក្សាសិទ្ធិដោយ thmeythmey.com