ជាតិ
ប្រជាជនសម័យអង្គរ ចូលរួមកសាងប្រាសាទ ដើម្បីបាន «បុណ្យ» ប្រាសាទបាគង ត្រូវបានសាងសង់ក្នុងរាជព្រះបាទឥន្ទ្រវម៌្មទី១ សម្រាប់ជាកិច្ចបូជាផ្ទាល់ព្រះអង្គ។ ប្រាសាទបាគង ជាប្រាសាទភ្នំធំដំបូងគេនៅសម័យអង្គរ ដែលស្ថិតនៅរាជធានីហរិហរាល័យ ឬតំបន់រលួស។ រូបថត៖ សែម វណ្ណា
× សៀមរាប៖ សម័យអង្គរ ត្រូវបានបុរាណវិទូកំណត់ពីសតវត្សរ៍ទី៩ ដល់ទី១៥។ នៅសម័យអង្គរ ព្រះមហាក្សត្រខ្មែរជាច្រើនជំនាន់ បានកសាងប្រាសាទធំៗ និងបុរាណស្ថានជាច្រើន។ ការកសាងប្រាសាទរបស់បុព្វបុរស គឺដើម្បីឧទ្ទិសជូនបុព្វការីជន និងខ្លួនឯង។
លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា បានពន្យល់ថា ព្រះមហាក្សត្រខ្មែរ កសាងប្រាសាទមួយ ដើម្បីជាការតបស្នងសងគុណដល់បុព្វការីជនរបស់ព្រះអង្គ។ ក្រោយមក ព្រះមហាក្សត្រខ្មែរ កសាងប្រាសាទមួយទៀត ដើម្បីអាចទៅសោយសុខនៅឋានបរមសុខ ក្រោយពេលចូលទិវង្គត។ ប្រជាជនសម័យមុន ចូលរួមកសាងប្រាសាទ ដើម្បីបានកុសលផលបុណ្យ និងជាករណីកិច្ចរបស់ពលរដ្ឋ។
«ប្រាសាទ គឺជាឋានរបស់ព្រះ។ អ្នកសាងសង់ ទៅគោរពបូជាព្រះ ដែលខ្លួនគោរព។ ប្រាសាទ ជាកន្លែងគោរពបូជាដល់ទេពរបស់អ្នកសាងសង់។ អ្នកសាងសង់ ទៅរស់នៅឋានហ្នឹង ពេលដែលខ្លួនស្លាប់»។ លោក អ៊ឹម សុខរិទ្ធី ថ្លែងបែបនេះក្នុងវេទិការពិភាក្សាពីតំបន់អង្គរ។
លោកបុរាណវិទូ អះអាងថា នាសម័យអង្គរ ពលរដ្ឋ មានករណីយកិច្ចចូលរួមកសាងប្រាសាទ។ ប៉ុន្តែពលរដ្ឋ ក៏ស្ម័គ្រចិត្តដោយខ្លួនឯងផងដែរ។ អ្នកកសាងប្រាសាទ រំពឹងថា បានទៅសោយសុខនៅឋានបរមសុខ តាមរយៈការចូលរួមកសាងប្រាសាទ។
លោក អ៊ឹម សុខរិទ្ធី ពន្យល់ពីខ្លឹមសារសិលាចារឹកដូច្នេះ៖ «នៅចុងសតវត្សរ៍ទី១០ ព្រះបាទយសោវម៌្ម បានចារថា អ្នកចូលរួមកសាង និងថែរក្សាប្រាសាទរបស់លោក ឱ្យទៅរស់នៅសោយសុខនៅឋានបរមសុខ។ ហើយសិលាចារឹកហ្នឹង ក៏មានចារពីផ្ដាសា ថា អ្នកដែលបំផ្លាញប្រាសាទ ឱ្យធ្លាក់ទៅនរក»៕
Tag:
ប្រាសាទ
កសាងប្រាសាទ
យសោវរ្ម័ន
© រក្សាសិទ្ធិដោយ thmeythmey.com