ជាតិ
ពលរដ្ឋស្រុកស្វាយលើចង់ឱ្យមានការបន្ថែមសម្ភារបរិក្ខាសម្រាលកូននៅមណ្ឌលសុខភាព
02, Apr 2023 , 6:59 pm        
រូបភាព
មណ្ឌលសុខភាពស្វាយលើ ស្ថិតនៅឃុំស្វាយលើ ស្រុកស្វាយលើ ថតថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។ រូបភាព៖ អ៊ីសា រ៉ហានី
មណ្ឌលសុខភាពស្វាយលើ ស្ថិតនៅឃុំស្វាយលើ ស្រុកស្វាយលើ ថតថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។ រូបភាព៖ អ៊ីសា រ៉ហានី
ស្រុកស្វាយលើ, ខេត្តសៀមរាប៖ អ្នកស្រី សេង ឈន កំពុងបារម្ភចំពោះការឆ្លងទន្លេនៅអំឡុងខែ មេសានេះ។ អ្នកស្រីខ្លាចដូចករណីកូនទីមួយ ដែលត្រូវបញ្ជូនទៅសម្រាលនៅក្រុងសៀមរាប ដោយសារ​មណ្ឌល​សុខភាពខ្នងភ្នំ នៃស្រុកស្វាយលើ ពុំមានសេវា និងសម្ភារបរិក្ខាសម្រាលគ្រប់គ្រាន់។

 
ក្នុងទឹកមុខព្រួយបារម្ភ អ្នកស្រី សេង ឈន ប្រាប់ថា ខ្លួនធ្លាប់មានប្រវត្តិសម្រាល​កូនលំបាក ទើបបារម្ភខ្លាចការសម្រាលកូនទី២នេះ ដូចកូនទី១ទៀត។ កាលកូនទី១ ក្រោយបែកទឹកភ្លោះហើយ កូនមិនព្រមកើត ទើបគ្រូពេទ្យមណ្ឌលសម្រេចបញ្ជូនស្រ្តីវ័យ ២៤ឆ្នាំនេះ ទៅសម្រាលនៅ​មន្ទីរពេទ្យជ័យវរ្ម័នទី៧(ពេទ្យគន្ធបុប្ផាទី៣) ក្នុងក្រុងសៀមរាប ដោយសារមណ្ឌលពុំមានសម្ភារ និងបច្ចេកទេសគ្រប់គ្រាន់ ដើម្បីជួយសម្រាល។ ដល់ទីនោះ ពេទ្យបានជួយសង្រ្គោះកូនអ្នកស្រី សេង ឈន តាមរយៈការប្រើឧបករណ៍បូម។ 
 
ស្រ្តីរូបនេះរំឭកថា៖« កាលណោះខែចន្ទី! ខ្ញុំទៅរើសចន្ទី មកវិញបែកទឹកភ្លោះទៅ ខ្ញុំអត់មានឈឺ [ឈឺពោះ] អីទេ។ ទៅមណ្ឌល(សុខភាព) (ពេទ្យ)មណ្ឌលសុខភាពគេថា អត់ហ៊ានទុកទេ គេបញ្ជូនទៅពេទ្យក្រោម [មន្ទីរពេទ្យនៅទីរួមខេត្ត]។ ពេទ្យថា កូនខ្ញុំអត់មានសុខភាពល្អ មិនអាចកើតមកខ្លួនវាបាន ពេទ្យគេសម្រេចបូមជូនទៅ»។
 

អ្នកស្រី សេង ឈន កំឡុងពេលបទសម្ភាសជាមួយអ្នកសារព័ត៌មាន នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។ រូបភាព៖ អ៊ីសា រ៉ហានី
 
ទោះកន្លងទៅ៥ឆ្នាំហើយក៏ដោយ តែអារម្មណ៍ពេលនោះមិនទាន់ទៅណាឆ្ងាយ ពីស្រ្តីអ្នកភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ នេះឡើយ។ អ្នកស្រីនៅតែខ្លាច គួបផ្សំនឹងជីវភាពខ្វះខាត។ កាលណោះ គ្រួសារមួយនេះ ត្រូវចំណាយថ្លៃឡានពេទ្យសម្រាប់បញ្ជូនចំនួន២៥ម៉ឺនរៀល រួមនិងការចាយវាយ​ផ្សេងៗ​កំឡុងពេលស្នាក់នៅក្នុងមន្ទីរពេទ្យមួយយប់ សរុបអស់ខ្ទង់ ៦០ម៉ឺនរៀល។ ថវិកានេះមានចំនួនតិច សម្រាប់អ្នកមានជីវភាពធូរធារ តែវាច្រើនសម្រាប់គ្រួសារអ្នកស្រី សេង ឈន។ 
 
លើកនេះក៏ដូចគ្នា អ្នកស្រី សេង ឈន និងប្ដី ប្រឹងដើរស៊ីឈ្នួលគេមិនឈប់ទេ ដើម្បីសន្សំទុកសម្រាលកូន​ដោយខ្លាចក្រែងមានអាសន្នដូចលើកមុនទៀត។ «ត្រៀមលុយដែរ។ ប្ដីស៊ីឈ្នួលគេ ខ្ញុំក៏ស៊ីឈ្នួល គេដែរ ទៅជីកអន្លង់ដាក់របងឱ្យគេ ត្រួសស្មៅចម្ការ។ បើរកលុយមិនបាន ក៏មានតែខ្ចីគេសិន»។ និទានដោយសំដីមួយៗ និងហាក់ខ្វល់ខ្វាយជាខ្លាំង អ្នកស្រី សេង ឈន បន្ថែមទៀតថា ក្នុងមួយថ្ងៃ អ្នកស្រីនិងប្ដីអាចរកប្រាក់បានប្រមាណ៥ម៉ឺនរៀល តែថាការងារទាំងនោះ មិនមានរាល់ថ្ងៃឡើយ។


អ្នកស្រី ណន ណេង ថតជាមួយកូនៗនៅផ្ទះកំឡុងពេលផ្តល់បទសម្ភាសជាអ្នកសារព័ត៌មាន នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។ រូបភាព៖ អ៊ីសា រ៉ហានី
 
ចំណែកអ្នកស្រី ណន ណេង ក៏ធ្លាប់ជួបករណីស្រដៀងគ្នាដែរ។ សព្វថ្ងៃ កូនទី៣របស់អ្នកស្រី ណន ណេង អាយុបាន៧ខែហើយ។ ពលរដ្ឋនៅភូមិអូរមានជ័យ ឃុំស្វាយលើ រូបនេះ នៅតែមិនអស់ចិត្ត និងរកមូលហេតុជាក់លាក់ពុំឃើញ កំឡុងពេលសម្រាលកូននៅ​មណ្ឌលសុខភាព​ស្វាយលើ។
 
កំពុងបំបៅដោះកូនបណ្ដើរ ឆ្លៀតនិយាយបណ្ដើរ អ្នកស្រី ណន ណេង អាយុ២៤ឆ្នាំ រំឭកយ៉ាងដូច្នេះថា៖ «អារឿងមើលគេមើលហើយ ប៉ុន្តែគេអត់មានថាចាក់ថ្នាំអីឱ្យយើងដែរ…ពេលខ្ញុំឈឺពោះខ្លាំង ខ្ញុំថាពេទ្យអើយដាក់ថ្នាំដាក់សេរ៉ូម​ខ្ញុំបន្ដិចមក ឱ្យខ្ញុំរហ័សបានកើត។ គាត់ [គ្រូពេទ្យ] ថា គាត់មិនហ៊ាន ចាក់ទេ ខ្លាចប៉ះពាល់ដល់កូន។ ខ្ញុំក៏ទ្រាំឈឺរហូតដល់កើត កើតមកក៏គេមិនដាក់សេរ៉ូមឱ្យយើង»។
 
ស្រ្តីដដែលបន្តថា៖« ពេលសម្រាលហើយខ្ញុំតែងយកកូនទៅចាក់ថ្នាំ ខ្ញុំឃើញគេអ្នកក្រោយៗគេដាក់សេរ៉ូម ដាក់អី។ ខ្ញុំថាខុសតែខ្ញុំមួយ ម៉េចទៅកើតមិនដែលដាក់សេរ៉ូម ចាក់ថ្នាំអីនឹងគេសោះ ឬមួយយើងអត់លុយ មិនដឹង ទើបគេមិនដាក់ឱ្យយើង»។ អ្នកស្រី ណន ណេង រៀបរាប់ទៀតថា៖« ខ្ញុំឮតែអ្នកផ្ទះខាងកើត​នេះថា គេទល់តែមានលុយឱ្យពេទ្យ ទើបគេមើលថែដិតដល់ ហើយគេដាក់សេរ៉ូមដាក់ថ្នាំឱ្យ ដោយសារ​ប្តីគេទាហានដែរ គេមានលុយមានអី គេមើលដិតដល់ មើលថែល្អ។ បើអត់ដូចខ្ញុំអ៊ីចេះ មិនងាយទេ បើមិនប្រឹងកើត​កូន​ខ្លួនឯងទេ ​ក៏យ៉ាប់ដែរ»។
 
ណន ណេង បានរំឭកករណីកូនទី២ ដែលពេលនេះ គេមានអាយុ៥ឆ្នាំហើយ។ កាលនោះ ការសម្រាលក៏មានគ្រោះថ្នាក់ដែរ នៅពេលមណ្ឌលសុខភាពក្នុងមូលដ្ឋាន ពុំមានសេវា និងគ្រឿងបរិក្ខាសម្រាលគ្រប់គ្រាន់។ កូននាងកើតបញ្ច្រាស ហើយពេទ្យទាមទារបញ្ជូន។ ស្រ្តីរូបនេះនិទានថា៖« ពេលនោះពិបាកកើត មិនមានថ្នាំអីទេ កើតបញ្ច្រាសជើង ពេទ្យពិភាក្សាគ្នាថា​បញ្ជូនដែរ តែម៉ែថា បើចេញជើងមកមួយចំហៀងហើយ បញ្ជូនទៅទម្រាំដល់ពេទ្យងាប់ល្មម ដល់ហើយ​ម៉ែខ្លាចខ្ញុំដាច់ខ្យល់ ថាមិនបាច់បញ្ជូនទេ ជួយគ្នាទៅ កាលណោះបានឆ្មបពីស្រុកដែលគាត់​នាំកូនទៅកើតដែរ គេនាំគ្នាជួយ បង្វិលពោះ ក៏បានកើត»។
 
មិនធ្លាប់ជួបករណីពិបាកដូចគេនោះទេ អ្នកស្រី វឹង លន វ័យប្រមាណ៣០ឆ្នាំ ប្រាប់ថា កូនទាំងបីរបស់​ខ្លួនកើត នៅមណ្ឌលសុខភាពស្វាយលើ និងទទួលការមើលថែ ចាក់ថ្នាំ និងសេរ៉ូមធម្មតាពីក្រុមគ្រូពេទ្យ។ អ្នកភូមិអូរមានជ័យ​រូបនេះលើកឡើងថា៖« រឿងគេផ្សេងខ្ញុំមិនដឹង តែសម្រាប់ខ្ញុំ គឺស្រួល ព្រោះប្ដីខ្ញុំគាត់ មានមុខមាត់ដែរ គាត់ធ្វើទាហាន…គេដាក់សេរ៉ូមឱ្យដែរ ខ្ញុំលើសឈាម គេដាក់អស់៣កំប្លោកទម្រាំកើត»។


អ្នកស្រី ធឿប សាឡំ កំពុងបីកូនលើអង្រឹងក្រោមផ្ទះ នាភូមិតាហៀរ ឃុំបឹងមាលា ស្រុកស្វាយលើ ថ្ងៃនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។ រូបភាព៖ អ៊ីសា រ៉ហានី
 
ចំណែកអ្នកស្រី ធឿប សាឡំ នៅឃុំបឹងមាលា ក៏បានទៅទទួលសេវាសម្រាលកូននៅមណ្ឌលសុខភាព ស្វាយលើដែរ ដែលត្រូវធ្វើដំណើរជិតកន្លះម៉ោងពីភូមិ។ សាឡំ មានបណ្ណក្រីក្រ ទាំងសម្រាល និងក្រោយ សម្រាល នាងទទួលបានថវិកឧបត្ថម្ភពីរដ្ឋបន្ថែមទៀត។ នាងរៀបរាប់ថា៖« ពេលទៅកើតគេមើលថែ ធម្មតា ដាក់សេរ៉ូម ចាក់ថ្នាំ គ្រែគេង សម្ភារអី មិនអីទេ»។
 
យ៉ាងណា ដោយសារមិនមានសេវាគ្រប់គ្រាន់នៅមណ្ឌលសុខភាព ស្រ្តីវ័យ២៧ឆ្នាំរូបនេះ ត្រូវឡើងចុះ​ទៅឃុំដំដែក ស្រុកសូទ្រនិគម ដែលអ្នកភូមិយល់ថា មានមន្ទីរពេទ្យឯកជនច្រើនកន្លែង សម្រាប់ការ​អូសអេកូ​ពិនិត្យសុខភាព និងភេទកូន។ 
 
សាឡំ រៀបរាប់ថា៖« កូនមួយ បានអូសម្ដង អត់លុយ កូនមុនៗអាបងអូសនៅដំដែកទាំងបី មានតែមីនេះទេ អូសនៅស្វាយលើដែលគេទើបបង្កើត។ កាលទៅដំដែកជិះឡាន សេវាអូសអស់២ម៉ឺន ថ្លៃឡានអស់១ម៉ឺន ទិញអីហូបផងអស់៤ ៥ម៉ឺន»។
 
ចង់ឱ្យមានសេវា និងបរិក្ខាសម្រាលកូនបន្ថែមនៅមណ្ឌលសុខភាព
 
ទោះសម្រាលងាយស្រួល និងមិនធ្លាប់ឆ្លងកាត់ការលំបាក តែអ្នកស្រី ធឿប សាឡំ វ័យ២៧ឆ្នាំ នៅភូមិតាហៀរ ឃុំបឹងមាលា ចង់ឱ្យមានម៉ាស៊ីនអូសអេកូពោះ ដែលអាចជួយកាត់បន្ថយចំណាយ សម្រាប់ពលរដ្ឋក្រីក្រដូចជាខ្លួនបានមួយផ្នែក។ នាងថា៖« ចង់ឱ្យគេធ្វើអូសអេកូនៅមណ្ឌលសុខភាព ក្រែងអ្នកក្រោយៗមានកូនអី មានទម្ងន់អីទៀត មិនពិបាកទៅឆ្ងាយ និងមិនបាច់អស់លុយទៅឆ្ងាយ»។
 
ចំណែកអ្នកស្រី សេង ឈន នៅលើភ្នំគូលែនឯណោះវិញ សុំឱ្យមណ្ឌលមានពេទ្យជំនាញ និងបំពាក់ ឧបករណ៍គ្រប់គ្រាន់សម្រាប់ស្រ្តីដែលពិបាកសម្រាល ដូចករណីអ្នកស្រីដូច្នោះដែរ។ អ្នកស្រីនិយាយដោយ​កា​ររំពឹងទៅឆ្ងាយ​យ៉ាងដូច្នេះថា៖« ប្រហែលអាចងាយស្រួល ប្រសិនមានឧបករណ៍សម្រាលគ្រប់ មិនពិបាកយើង​ចុះ​ទៅក្រោម ទៅឆ្ងាយ»។ 
 
ដកដង្ហើមធំ អ្នកស្រី ណន ណេង និយាយថា៖« មិនចង់អីទេ ចង់តែថាពេលពិបាកក៏ជួយចាក់ថ្នាំ ឬដាក់សេរ៉ូមឱ្យមានកម្លាំង ជួយទៅមិនបានអីបានថ្នាំចាក់រហ័សបើកស្បូន ចង់ដាក់សេរ៉ូមឱ្យមានកម្លាំង រហ័សកើត ចំពោះអ្នកយ៉ាប់ៗ។ ចង់បានដូចពេទ្យខេត្តដែរ ឬដូចពេទ្យមណ្ឌលសំរោង (ស្រុកសូទ្រនិគម) ឮថាពេទ្យគេមើលថែដិតដល់ណាស់។ គេមានឧបករណ៍គ្រប់គ្រាន់។ បានខ្ញុំថា ស្វាយលើម៉េចបានមិនធ្វើ ដូចគេអ៊ីចឹងទៅ កុំពិបាកឱ្យគ្នាទៅឆ្ងាយ»។
 
ប្រធានមណ្ឌលសុខភាពស្វាយលើ លោក យឿន សុខា ប្រាប់ថា ការផ្តល់សេវានៅមណ្ឌលសុខភាព គឺធ្វើដោយសមភាព និងរើសអើងអ្នកមានឬអ្នកក្រឡើយ។ ចំណែកតម្លៃសេវាវិញ គឺយកតាមតារាង​បានកំណត់ ដែលមានបិទនៅជញ្ជាំង។ 
 
ចំពោះករណីការចាក់ថ្នាំ និងសេរ៉ូម សម្រាប់ស្រ្តីសម្រាលកូនវិញ លោក យឿន សុខា ប្រាប់ថា ស្រ្តីមានធ្លាក់ឈាម ព្រាយក្រឡាភ្លើង​ និងកើតពិបាក ទើបមានការចាក់ថ្នាំត្រៀមបញ្ជូន។ ចំណែកស្រ្តីសម្រាលទាំងអស់ដែលមានអាការធម្មតា ក៏គ្រូពេទ្យដាក់សេរ៉ូមឱ្យដែរ។ យ៉ាងណា ប្រធានមណ្ឌលសុខភាពស្វាយលើ ទទួលស្គាល់ថា ក៏មានករណីមួយចំនួនតូច ក៏ឆ្មបមិនបានព្យូរសេរ៉ូម ឱ្យដែរ គឺចំពោះស្រ្ដីដែលងាយសម្រាល ព្រោះយល់ថា ការព្យូរសេរ៉ូមអាចបង្កការលំបាកដល់ពួកគាត់​ទៅវិញទេ។​
 
«ស្រ្តីមកសម្រាលកូនជាជំនាញរបស់ឆ្មប មើលទៅប៉ះណាយើងមិនបាច់ដាក់ក៏បានដែរ។ ខ្ញុំធ្លាប់សួរដែរ ថាម៉េចមិនដាក់? គាត់ថាមិនបាច់ដាក់ទេកុំឱ្យពិបាក យោងចុះយោងឡើង ពិបាកដើរ មើលទៅគាត់ធ្លាប់​កើតស្រួលហើយ ព្រោះអត់មានបញ្ហាត្រូវដាក់ទេ»។ លោក យឿន សុខា បន្ថែម។
 
ចំពោះស្រ្តីក្រោយសម្រាលកូន គ្រូពេទ្យក៏បានផ្តល់ថ្នាំជាតិដែក៦០គ្រាប់ ព្រមទាំងការចាក់ថ្នាំបង្ការ​តេតាណុស វីតាមីន និងការផ្ដល់ប្រឹក្សាថែទាំ ឬតាមដានបន្ថែម ក្រែងខ្វះជីវជាតិ និងមានបញ្ហា​ស្លេកស្លាំង។
 
ជាមណ្ឌលសុខភាពស្ថិតនៅទីរួមស្រុក មណ្ឌលសុខភាពស្វាយលើ បាន និងកំពុងរ៉ាប់រងការព្យាបាល និងផ្តល់សេវាកម្រិតតូច ដល់ប្រជាជនចំនួន ៣ឃុំ មានឃុំស្វាយលើ ឃុំបេងមាលា និងឃុំតាសៀម។ ជាមធ្យមអ្នកជំងឺភាគច្រើនជាស្រ្តី និងកុមារប្រមាណ ៥០០ ទៅ៦០០នាក់ក្នុងមួយខែ ដែលបានទៅទទួល​សេវា​ពីកន្លែងនេះ។ 
 

អភិបាលស្រុកស្វាយលើ លោក អៀង ពិសិដ្ឋ ក្នុងកម្មវិធីពិនិត្យសុខភាព និងព្យាបាលជំងឺ ដែលរៀបចំឡើងដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក​ ហ៊ុន​ ម៉ានី នាថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០២៣។ រូបភាព៖ អ៊ីសា រ៉ហានី
 
ស្រុកស្វាយលើមានចម្ងាយប្រមាណជាង៨០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។ អភិបាលស្រុកស្វាយលើ លោក អៀង ពិសិដ្ឋ លើកឡើងថា ស្រុកនេះមានមណ្ឌលសុខភាពចំនួន៣​ ដែលគ្របដណ្ដប់លើឃុំ​ចំនួន​៥។ ឃុំដែលមានមណ្ឌលសុខភាព មានឃុំខ្នងធំ ស្វាយលើ និងកន្ទួត។ លោកថា អាជ្ញាធរកំពុងប្រឹងប្រែង​ដើម្បីស្នើសុំឱ្យមានការសាងសង់មណ្ឌលសុខភាពលើឃុំចំនួន២ទៀត គឺឃុំបឹងមាលា និងឃុំតាសៀម។ 
 
យ៉ាងណា ដើម្បីបំពេញតម្រូវការដល់ប្រជាពលរដ្ឋក្នុងគ្រានេះ មន្ទីរសុខាភិបាលខេត្ត បានផ្តល់​អគារ​មន្ទីរពេទ្យថ្មីមួយខ្នង ពីរជាន់ ដើម្បីឱ្យការបម្រើសេវាកានតែទូលំទូលាយ។ 
 
លោក អៀង ពិសិដ្ឋ បន្ថែមថា៖«ភូមិសាស្រ្ដស្រុកស្វាយលើ ពីភូមិទៅឃុំគឺឆ្ងាយណាស់ ទើបយើង​ប្រឹងប្រែងធ្វើយ៉ាងណា ឱ្យមធ្យោបាយរហ័ស ផ្លូវប្រទាក់ក្រឡាគ្នា ពិសេសយើងកំពុងគិតគូរជំរុញទៅដល់ឃុំ ពីរដែលមិនទាន់មានមណ្ឌលសុខភាព»។
 

ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោក ក្រុស សារ៉ាត់ ពេលផ្តល់បទសម្ភាសជាមួយ​​សារព័ត៌មានថ្មីៗ នៅការិយាល័យរបស់លោក នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣។ រូបភាព៖ អ៊ីសា រ៉ហានី
 
ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោក ក្រុស សារ៉ាត់ បានឱ្យដឹងថា ខេត្តសៀមរាបមាន មន្ទីរពេទ្យស្រុកប្រតិបត្តិចំនួន៤ មាននៅស្រុកសូទ្រនិគម ក្រឡាញ់ អង្គរជុំ និងពួក ដែលជាមន្ទីរពេទ្យ កម្រិត២ មិនមែនកម្រិតឯកទេស។ ចំណែកមណ្ឌលសុខភាពមាន ៩៤ ក្នុងឃុំចំនួន១០០។ 
 
លោក ក្រុស​ សារ៉ាត់៖« យើងស្ទើរតែមានមណ្ឌលសុខភាពគ្រប់ឃុំ ព្រោះឃុំទាំងនោះមានអត្រាប្រជាជន មិនទាន់គ្រប់កម្រិតលក្ខខណ្ឌ ដែលត្រូវបង្កើតមណ្ឌលសុខភាព»។ លោក សារ៉ាត់ ពន្យល់ថា តាមគោលនយោបាយរបស់ក្រសួងសុខាភិបាល ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កម្រិតស្ដង់ដា ដែលអាចសង់មណ្ឌលសុខភាពបាន គឺត្រូវមានដង់ស៊ីតេប្រជាជនចាប់ពី៨,០០០ ទៅ១,២ម៉ឺននាក់ តែក៏មានករណីលើកលែងខ្លះដែរ ប្រសិនមានតម្រូវការចាំបាច់ ពីប្រជាពលរដ្ឋ ឬអាជ្ញាធរមូលដ្ឋាន។ 
 
​របាយការណ៍ស្ថិតិប្រជាពលរដ្ឋក្នុងស្រុកស្វាយលើ បានបង្ហាញពីប្រជាជនក្នុងឃុំបឹងមាលា និងឃុំតាសៀម ដែលពុំទាន់មានមណ្ឌលសុខភាព គឺស្ទើរគ្រប់តាមលក្ខខណ្ឌស្ដង់ដាហើយដែរ។ ក្នុងនោះឃុំបឹងមាលា មានប្រជាជនសរុប ជិត៨ពាន់នាក់ ឬស្មើនឹងប្រមាណ១ ៨០០គ្រួសារ។ រីឯឃុំតាសៀម មានប្រជាជនជាង ៩ពាន់នាក់ ឬស្មើនឹងជាង២ពាន់គ្រួសារ។ ចំនួននេះ ហាក់ខុសគ្នា​បន្ដិចបន្តួច​ពីស្ថិតិប្រជាជននៅតាមតំបន់ ដែលគ្រប់លក្ខខណ្ឌនៃការសាងសង់មណ្ឌលសុខភាព គឺពី៨ពាន់ទៅ ១,២ម៉ឺននាក់ ដូចដែល លោក ក្រុស សារ៉ាត់ បានលើកឡើង។
 
យ៉ាងណា សម្រាប់លោកប្រធានមន្ទីរសុខាភិបាល ការសាងសង់មណ្ឌលភាព ក្នុងដំណាក់កាលនេះ រដ្ឋបាលស្រុក អាចរកមធ្យោបាយ​សង់បាន តែបញ្ហានៅត្រង់ការចំណាយ និងសម្ភារក្នុងមណ្ឌល។ លោក សារ៉ាត់ ពន្យល់ថា៖« វាពិបាក​អ៊ីចេះ ឥឡូវនេះការសាងសង់មណ្ឌលសុខភាពយើងមាន (លទ្ធភាព) មានសប្បុរសជន យើង​អំពាវនាវអីទៅ ជួនកាលអាជ្ញាធរគាត់រកជួយបាន។ តែសំខាន់​ដែលត្រូវ Supply (ផ្គត់ផ្គង់)កាលណាកើត​មណ្ឌលសុខភាពមួយ ត្រូវមានបុគ្គលិក ត្រូវមានថ្នាំ ត្រូវមានសម្ភារបរិក្ខា ហើយត្រូវមានការគាំទ្រថវិកា ៦២០២៨ របស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយកាលណាយើងដាក់អត់គ្រប់លក្ខខណ្ឌ ក្រសួងអត់Approv(អនុម័ត)»។
 
ឆ្លើយតបចំពោះបញ្ហាដែលស្នើឱ្យមានការពង្រឹងសមត្ថភាពតាមមណ្ឌលសុខភាព អ្នកនាំពាក្យក្រសួង សុខាភិបាល លោកស្រី ឱ វណ្ណឌីន ប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី២៣ កុម្ភៈ ថារាជរដ្ឋាភិបាល​បាននិងកំពុងប្រឹងប្រែងជាដំណាក់ៗ ក្នុងការពង្រឹងសេវាសុខាភិបាល ដើម្បីឆ្លើយតបចំពោះតម្រូវការ​ពលរដ្ឋនៅតាមមូលដ្ឋាន ពិសេសនៅតាម មណ្ឌលសុខភាព។ 
 

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល (ពាក់អាវខ្មៅកណ្ដាល) ថតជាមួយក្រុមគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋាន កំឡុងពេលចុះពិនិត្យសកម្មភាពចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩​នៅសាលាបឋម​សិក្សា​ភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប នាថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០២៣។ រូបភាព៖ អ៊ីសា រ៉ហានី
 
លោកស្រី ឱ វណ្ណឌីន ប្រាប់ដូច្នេះថា៖« យើងនឹងគិតពីការពង្រឹងនូវសមត្ថភាពនៅតាមមណ្ឌលសុខភាព របស់យើង ដើម្បីឱ្យគាត់ អាចធ្វើការងារស្វែងរកការផ្ដល់សេវាជូនដល់បងប្អូនប្រជាពលរដ្ឋ នៅតាម សហគមន៍របស់យើង ប្រកបដោយគុណភាព។ ហើយមិនត្រឹមប៉ុណ្ណោះទេ យើងនឹងបោះជំហានទៅរក ការធ្វើម៉េច គឺមណ្ឌលសុខភាពនីមួយៗ គឺក្ដោបក្ដាប់នូវបញ្ហាសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ នៅតាមសហគមន៍នីមួយៗ នៅតាមតំបន់កាន់កាប់»។
 
យ៉ាងណា លោកស្រីវេជ្ជបណ្ឌិតបញ្ជាក់ថា ការងារនេះអាចធ្វើទៅបាន គឺទាមទារឱ្យមានការចូលរួមពី អាជ្ញាធរមូលដ្ឋាន ពីមន្រ្តីសុខាភិបាលតាមមណ្ឌលសុខភាព ពិសេសសហគមន៍។ 
 
ក្រៅពីគិតគូរការពង្រឹងសេវាសុខាភិបាលនៅមូលដ្ឋានហើយ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបន្ថែមថា ក្រសួងក៏មានការគិតគូរវែងឆ្ងាយ ចំពោះការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង និងជំងឺមិនឆ្លង តាមរយៈ​ផ្តល់ការអប់រំសុខភាព ព្រោះថាជំងឺមិនឆ្លងបានក្លាយជាបញ្ហាសុខភាពសាធារណៈ គួរឱ្យបារម្ភ។  លោកស្រី ឱ វណ្ណឌីន ពន្យល់ថា៖«ការកើនឡើងនូវជំងឺមិនឆ្លង ដូចជាលើសឈាម ទឹកនោមផ្អែម មហារីក នៅតែជាកង្វល់សម្រាប់សុខភាពសាធារណៈ ដែលក្រសួងសុខាភិបាលខិតខំបណ្ដុះបណ្ដាល»។
 
ទោះបីនិយាយពីចេតនាចង់ពង្រឹងសេវាសុខាភិបាលនៅមូលដ្ឋាន តែមន្រ្តីក្រសួងសុខាភិបាល មិនចង់និយាយពីថវិកាជាតិ ដែលប្រើប្រាស់ប្រចាំឆ្នាំសម្រាប់វិស័យនេះឡើយ។ លោកស្រី ឱ វណ្ណឌីន៖« ខ្ញុំគិតថា រាជរដ្ឋាភិបាលលោកយកចិត្តទុកដាក់ លោកនឹងបង្កើន»។
 

លោក គួច ម៉េងលី ស្ថាបនិ ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ រូបភាព៖ ក្រុមការងាររបស់លោក គួច ម៉េងលី
 
ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន និងជាវេជ្ជបណ្ឌិត លោក គួច ម៉េងលី មើលឃើញចំណុចល្អប្រសើរ លើវិស័យសុខាភិបាលនៅកម្ពុជា នារយៈពេលចុងក្រោយនេះ។ លោកថា៤ទៅ៥ឆ្នាំមកនេះ វិស័យនេះមានការកែប្រែ និងជឿនលឿនច្រើន ក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល។ ប៉ុន្តែលោក ម៉េងលី នៅតែមើលឃើញចំណុចខ្វះខាតតិចតួច តាមមណ្ឌលសុខភាព ដែលលោកថាហាក់នៅទន់ខ្សោយ នោះគ្មានអ្វីក្រៅពីគុណភាព និងក្រមសីលធម៌​វិជ្ជាជីវៈ ដែលពលរដ្ឋតែងរអ៊ូនោះឡើយ។ 
 
លោក ម៉េងលី លើកឡើងដូច្នេះថា៖« ​អ្វីដែលខ្វះខាត គឺការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រមសីលធម៌ និងជំនាញផ្សេងៗ និងការចុះអធិការកិច្ចមូលដ្ឋានពីលើ និងពិនិត្យការអនុវត្តការព្យាបាលទៅលើពលរដ្ឋ ឱ្យបានដិតដល់ ខ្ញុំគិតថាសេវាមណ្ឌលសុខភាពតាមតំបន់មួយៗអាចប្រសើរឡើង»។
 
ទោះបីមានការសរសើរពីការប្រឹងប្រែងអភិវឌ្ឍន៍ ជាមួយគ្នានោះលោក ម៉េងលី ដែលធ្លាប់រិះគន់គុណភាព​សុខាភិបាលជារឿយៗផងនោះ ចង់ឃើញរាជរដ្ឋាភិបាល ពង្រឹងការបណ្ដុះបណ្ដាលជំនាញគុរុកោសល្យ វិជ្ជាជីវៈបន្ថែម ដែលលោកថានៅទន់ខ្សោយ ក្នុងនោះការចុះស្ដារ ឬការអនុវត្តផ្ទាល់ ក៏នៅមានកម្រិតដែរ។ លោកលើកឡើងដូច្នេះថា៖«គ្រូពេទ្យខ្លះគាត់ខ្វះកន្លែងស្ដារ ខ្លះស្ដារហ្វឹកហ្វឺនមិនបានពេញលក្ខណៈ ហើយខ្លះទៀត មានការធ្វេសប្រហែសនឹងការហ្វឹកហ្វឺនរបស់និស្សិតពេទ្យ។ ដូច្នោះហើយមានការ​ចន្លោះប្រហោង ធ្វើឱ្យនិស្សិតពេទ្យខ្លះ មិនចេះបានពេញលេញ ការចុះអនុវត្តឆៅៗច្រើន មានហានិភ័យ មានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។ ចំណុចនេះ ប្រទេសណាក៏មានដែរ តែសំខាន់វិជ្ជាជីវៈ»។
 
ជុំវិញបញ្ហាគុណភាព និងវិជ្ជាជីវៈពេទ្យនេះដែរ ប្រមុខរាជរដ្ឋាភិបាល សម្ដេច ហ៊ុន សែន ក៏ធ្លាប់បានរំឭក ដល់ក្រុមគ្រូពេទ្យកាលពីពេលថ្មីៗនេះដែរ។ ក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២២​របស់ក្រសួងសុខាភិបាល នាថ្ងៃទី៧ មីនា ឆ្នាំ២០២៣ សម្ដេចនាយករដ្ឋមន្រ្តីបាន​ផ្តល់អនុសាសន៍​៦ចំណុច ក្នុងន័យលើកកម្ពស់គុណភាព និងក្រមសីលធម៌ក្នុងវិស័យសុខាភិបាល។ ចំណុចទី២ ទី៣ និងទី៥ ផ្តោតលើការកែលម្អ ពង្រឹងសេវា និងឱ្យគ្រូពេទ្យគិតពីអាយុជីវិតអ្នកជំងឺជាធំ។ 
 
អនុសាសន៍ទី៥របស់សម្ដេច លើកឡើងដូច្នេះថា៖« ខ្ញុំសូមលើកទឹកចិត្តដល់មន្រ្តីសុខាភិបាល គ្រូពេទ្យ និងបុគ្គលិកថែទាំវេជ្ជសាស្រ្ដទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ខ្ពស់ ជាពិសេសការធ្វើ​អាទិភាវូនីយកម្ម លើការសង្រ្គោះជីវិតលើសអ្វីៗទាំងអស់ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌អាជីព ដោយហេតុថា មុខងារអាជីពជាចម្បងរបស់មន្រ្តីសុខាភិបាល គ្រូពេទ្យ និងបុគ្គលិកថែទាំវេជ្ជសាស្រ្ដ ទាំងអស់ គឺការសង្រ្គោះជីវិតប្រជាជនទូទៅ ដែលតម្រូវឱ្យមានការព្យាបាលសុខភាព ប្រកបដោយទឹកចិត្ត បរិសុទ្ធ និងគោរពស្រឡាញ់អ្នកជំងឺ និងអ្នកទទួលសេវាសុខាភិបាល»។
 
សម្ដេច ហ៊ុន សែន ក៏បានលើកពីការពង្រឹងក្រមសីលធម៌ តាមរយៈការបញ្ចូលជំនាញទន់ក្នុង​វិស័យសុខាភិបាលផងដែរ ក្នុងអនុសាសន៍ទី៣។ «​ក្រសួងសុខាភិបាល ត្រូវពង្រឹងឱ្យបានជាអតិបរមា នូវការផ្តល់សេវាសុខាភិបាល ក៏ដូចជាពង្រឹងការបណ្ដុះបណ្ដាលលើផ្នែកសុខាភិបាល ទាំងជំនាញរឹង និងជំនាញទន់ តាមរយៈការធ្វើបច្ចុប្បន្នកម្ម កម្មវិធីសិក្សាជាប្រចាំ ដើម្បីលើកកម្ពស់ក្រមសីលធម៌អាជីព ក្នុងវិស័យដ៏មានសារៈសំខាន់នេះ»។
 

ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ។ រូបភាព៖ លោក សន ជ័យ
 
ទោះបង្ហាញពីចេតនាអភិវឌ្ឍន៍វិស័យសុខាភិបាលក្ដី តែការចំណាយថវិកាជាតិ សម្រាប់ឆ្នាំ២០២៣ ត្រូវបានគេមើលឃើញថា ថយចុះ។ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ បានឱ្យដឹងថា​ ថវិកាសម្រាប់ក្រសួងសុខាភិបាលបានធ្លាក់ចុះ ៧.៥១៥លានរៀល ឬប្រហែល ១,៨លានដុល្លារ ឬស្មើនឹងជាង២ភាគរយ ធៀបនឹងឆ្នាំ២០២២។
 
យ៉ាងណាលោក សន ជ័យ យល់ថា ការថយចុះនេះទំនងដោយសារការផ្លាស់ប្ដូរ​នៅក្នុងអាទិភាព​នៃការចំណាយរបស់រាជរដ្ឋាភិបាល បន្ទាប់ពីជំងឺកូវីដ១៩នៅកម្ពុជា​មានការស្ងប់ស្ងាត់ច្រើន។
 
ជាមួយគ្នានេះដែរ តាមការយល់ឃើញរបស់លោក សន ជ័យ ការទម្លាក់ចុះថវិកានេះ ហាក់ផ្ទុយពីចេតនារបស់រាជរដ្ឋាភិបាល​ដែលបានប្រកាសយក​វិស័យសុខាភិបាល ជាអាទិភាព និងការព្យាករណ៍ថានឹងមានកំណើនសេដ្ឋកិច្ចជាង៦ភាគរយនៅឆ្នាំនេះ។ 
 
ងាកទៅមើលចំណូលសម្រាប់មណ្ឌលសុខភាពស្រុកស្វាយលើ ខេត្តសៀមរាបវិញ តាមវេបសាយប្រព័ន្ធ​ត្រួតពិនិត្យ តាមដានការអនុវត្តសកម្មភាពគណនេយ្យភាពសង្គម (ISAF M&E Database System) បានបង្ហាញថា ចំណូលរបស់មណ្ឌលសុខភាពឆ្នាំ ២០២២ ថយចុះជិត​ ៣៤៥លានរៀល ឬស្មើនឹងជាង ៨៧ភាគរយ ធៀបនឹងឆ្នាំ២០២១។ ក្នុងនោះដែរ ចំណូលដែលបានពីថវិកាជាតិទម្លាក់ឱ្យ​ សម្រាប់ឆ្នាំ​២០២២ មានត្រឹមជាង ២៤លានរៀលប៉ុណ្ណោះ ខណៈដែលឆ្នាំ​២០២១ មានជាង៣០៣លានរៀល។
 
តើត្រូវពង្រឹងវិស័យសុខាភិបាលនៅមូលដ្ឋានដោយរបៀបណា?
 
ប្រធានមណ្ឌលសុខភាពស្វាយលើ លោក យឿន សុខា យល់ដូច្នេះថា៖« បំណែកមណ្ឌលសុខភាព។ ធ្វើមណ្ឌលសុខភាពតាសៀម (ឃុំតាសៀម) ឃុំបឹងមាលាធ្វើមួយទៅ អ៊ីចឹងយើងអាចដំណើរការដោយ រលូន ហើយមិនអាចរាំងស្ទះការងារទេ ព្រោះឃុំមួយមណ្ឌលសុខភាពមួយ តែយើងឃុំបី​មណ្ឌលសុខភាពមួយ គឺពិបាកហើយ»។
 
ចំណែកលោកវេជ្ជបណ្ឌិត គួច ម៉េងលី បង្ហាញមតិថា៖« ខ្ញុំសំណូមពរថា ឱ្យមានការចុះមូលដ្ឋានឱ្យ​បានច្រើន ធ្វើអធិការកិច្ចឱ្យបានច្រើន តាមដាននូវការព្យាបាល ការពិនិត្យ ការប្រើប្រាស់ថ្នាំឱ្យបាន ច្បាស់លាស់»។
 
ប្រធានអង្គការសម្ព័ន្ធគណនេយ្យសង្គមកម្ពុជា លោក សន ជ័យ ចាប់អារម្មណ៍ពីការរៀបចំ ហេដ្ឋារចនាសម្ពន្ធនៅមណ្ឌលសុខភាព ដោយធានាថាមានទឹកស្អាត ភ្លើងគ្រប់គ្រាន់ បរិក្ខាពេទ្យ និងប្រព័ន្ធសុវត្ថិភាពផ្សេងៗទៀត ដើម្បីធានាថា ការបម្រើសេវាសុខាភិបាលទៅតាមតម្រូវការរបស់ ប្រជាពលរដ្ឋ។ មួយទៀត គឺការប្រមូលផ្ដុំសេវាមូលដ្ឋាននៅកន្លែងតែមួយ គឺមណ្ឌលសុខភាព សេវាឃុំសង្កាត់ និងប៉ុស្ដិ៍នគរបាល។ ហើយការផ្ដល់សេវាដែលស៊ីចង្វាក់គ្នា ក៏ជាផ្នែកមួយបង្ក​ភាពងាយស្រួល​​ដល់ពលរដ្ឋអ្នកទទួលសេវាផងដែរ។
 
លោក សន ជ័យ៖« ក្រៅពីនោះយើងចង់ឃើញវិភាជថវិកាជាតិដើម្បីឱ្យបានទៅមណ្ឌលសុខភាពហ្នឹង ឱ្យក្លាយជាទីកន្លែ​ងមួយដែលមានសម្ភារប្រើប្រាស់គ្រប់គ្រាន់ និងពេទ្យជំនាញ ដែលធ្វើឱ្យការផ្តល់សេវា មាន​ជំនឿទុកចិត្តពី​អ្នកជំងឺ​»។
 
ដើម្បីលើកកម្ពស់សុខភាពប្រជាជននៅតាមមូលដ្ឋាននេះ នៅពាក់កណ្ដាលឆ្នាំ២០១៩ រាជរដ្ឋាភិបាល​បានដាក់ចេញនូវគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ប្រចាំខែដល់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុ២ឆ្នាំ។ 
 
សារព័ត៌មានថ្មីៗ មិនអាចស្វែងរករបាយការណ៍បូកសរុបចំពោះការអនុវត្តន៍ការងារនេះ ចាប់ពីឆ្នាំ២០១៩ បានទេ ដោយអ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក តូច ចាន់នី មិនឆ្លើយតប និងចុចបិទទូរសព្ទ។ 
 
យ៉ាងណាក្នុងសន្និបាតបូកសរុបការងារ ២០២១-២០២២ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០២២ លោក វង សូត ដែលជារដ្ឋមន្រ្តី បានបញ្ជាក់ថា តាំងពីឆ្នាំ២០១៩ ដល់ដើមឆ្នាំ​២០២២ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុ២ឆ្នាំ មានចំនួនប្រមាណ ២៥ម៉ឺននាក់ គឺស្មើនឹងថវិកាប្រមាណ ១៧លានដុល្លារ។ 
 
រីឯរបាយការណ៍បូកសរុបការងារប្រចាំឆ្នាំ២០២២ របស់រដ្ឋបាលខេត្តសៀមរាប ចំពោះការឧបត្ថម្ភ​សាច់ប្រាក់នៅតាមឃុំ-សង្កាត់លើស្រ្តីមានផ្ទៃពោះ និងកុមារអាយុ២ឆ្នាំ សរុបជាទឹកប្រាក់ប្រមាណ ៤២ម៉ឺនដុល្លារអាមេរិក។ 
 
ទោះក្នុងចេតនាលើកកម្ពស់សុខុមាលភាពប្រជាជននៅតាមមូលដ្ឋាន ឱ្យបានល្អប្រសើរក៏ពិតមែន តែគេសង្កេតឃើញថា គោលនយោបាយនេះ មិនទាន់ឆ្លើយតបសមស្របដល់ពលរដ្ឋមូលដ្ឋានបានច្រើន​នៅឡើយ។ អ្វីដែលពលរដ្ឋចង់បានជាងនេះទៅទៀតនោះ គឺសេវាសុខាភិបាល ដែលមានគុណភាព សេវាដែលឆ្លើយតបតាមតម្រូវការប្រចាំថ្ងៃឯណោះទេ។ តែសព្វថ្ងៃ អ្វីដែលពួកគាត់ចង់បាន និងចង់ឃើញ មិនទាន់ឆ្លើយតបបានពេញលេញនៅឡើយ។ 
 
ជាក់ស្ដែង សេវាសម្រាលកូននៅមណ្ឌលសុខភាពស្វាយលើ ដែលរ៉ាប់រងការព្យាបាលជំងឺដល់ពលរដ្ឋនៅ​តំបន់ដាច់ស្រយាលចំនួន៣ឃុំ មានអ្នកទៅទទួលសេវាសម្រាលកម្រិតទាបនៅឡើយ។ របាយការណ៍ក្នុង​វេបសាយ ISAF M&E Database System បង្ហាញថា ស្រ្តីមានផ្ទៃពោះដែលទៅ​សម្រាលកូន ក្នុង​មណ្ឌលសុខភាព​ស្វាយលើ មាន​ចំនួន៧០នាក់ប៉ុណ្ណោះ ក្នុងឆ្នាំ២០២២​ ក្នុងចំណោមស្រ្តី​មាន​ផ្ទៃពោះ​២២៨នាក់ ដែលស្មើនឹងជាង៣០ភាគរយ។ 
 
តាមរយៈតួលេខនេះបញ្ជាក់ថា ប្រជាពលរដ្ឋនៅមូលដ្ឋាន ពិសេសស្រ្តីមានផ្ទៃពោះ មិនទាន់មាន​ជំនឿចិត្តខ្លាំង លើសេវានៅមណ្ឌលសុខភាពឡើយ។ ពួកគេមានជម្រើស ដោយអ្នកមានជីវភាពធូរធារ រត់ទៅទទួលសេវានៅមន្ទីរពេទ្យឯក និងអ្នកខ្សត់ខ្សោយខ្លះ ចេញទៅសម្រាលកូននៅមន្ទីរពេទ្យ​កុមារ ដែលមានសម្ភារ និងជំនាញសម្រាលច្បាស់លាស់ ដូចជាមន្ទីរពេទ្យជ័យវរ្ម័នទី៧ជាដើម។ ក្នុងរបាយការណ៍សង្ខេប​របស់​មន្ទីរពេទ្យគន្ធបុប្ផា ក្នុងឆ្នាំ២០២២ ស្រ្តីមានផ្ទៃពោះដែលទៅសម្រាល​កូននៅមន្ទីរគន្ធបុប្ផាទី៣ ឬមន្ទីរពេទ្យ ជ័យវរ័្មនទី៧ ខេត្តសៀមរាប មានជាង២ម៉ឺននាក់៕
 

Tag:
 បទយកការណ៍
© រក្សាសិទ្ធិដោយ thmeythmey.com