កីឡាជាតិ
ជាតិ
លោក អេ ភូថង៖ ក្បាច់ពិសេសៗមិនអាចប្រាប់បានទេ តែបច្ចេកទេសខ្លះប្រាប់កីឡាករជំនាន់ក្រោយ ដើម្បីអនុវត្តតាម
03, Apr 2023 , 8:29 am        
រូបភាព
លោក អេ ភូថង ថ្លែងប្រាប់សារព័ត៌មានថ្មី
លោក អេ ភូថង ថ្លែងប្រាប់សារព័ត៌មានថ្មី
លោក អេ ភូថង ប្រធានក្លិបប្រដាល់គុនខ្មែរ អេ ភូថង បាននិយាយថា គ្រូបង្វឹក និងកីឡាករ មានយុទ្ធសាស្ដ្រ និងបច្ចេកទេសប្រកួតច្រើន ប៉ុន្ដែ ស្ថិតលើកាលៈទេសៈប្រកួតជាក់ស្ដែង។ ប្រធានក្លិបរូបនេះ បន្ថែមថា យុទ្ធសាស្ដ្រមួយចំនួន ក្រោយការប្រកួតចប់ ខ្លួនអាចបញ្ជាក់ប្រាប់ជាសាធារណបាន ព្រោះចង់ឲ្យកីឡាករ និងអ្នកជំនាន់ក្រោយអនុវត្ត និងហ្វឹកហាត់តាម ប៉ុន្ដែ យុទ្ធសាស្ដ្រខ្លះ មិនអាចប្រាប់បានទេ ព្រោះទុកផ្ដួលគូប្រកួត។



ប្រធានក្លិបប្រដាល់គុនខ្មែរ លោក អេ ភូថង បានប្រាប់សារព័ត៌មានថ្មីៗថា ការប្រកួតនីមួយៗ គ្រូបង្វឹកតែង មើលការប្រកួតរបស់គូប្រកួត ដើម្បីពន្យល់ប្រាប់សិស្សរបស់ខ្លួន ដើម្បីឲ្យត្រៀមលក្ខណៈ និងកែស្នៀត ក្បាច់ដើម្បី ទប់ និងផ្ទួលដៃគូ។ ក្បាច់ត្រៀមទាំងអស់នោះ មុនពេលប្រកួត លោក អេ ភូថង បញ្ជាក់ថា មិនអាចប្រាប់ដល់អ្នកសារព័ត៌មាន ឬសាធារណជន បានទេ ព្រោះជាស្នៀត និងជាកល្បិចសម្រាប់ផ្តួលដៃគូ។
 
«យើង មិនអាចប្រាប់អ្នកសារព័ត៌មានពីបច្ចេកទេសពិសេសមួយចំនួន ជាសាធារណៈបានទេ។ យើង ខំសិក្សាពីគេ សិក្សាពីគូប្រកួត យើងឃើញហើយ យើងយកមកប្រាប់កូនសិស្សយើង កន្លែងនេះ ក្បាច់នេះ ចំណុចនេះ ត្រូវកែឆ្នៃយ៉ាងមិច។ យើង ហ្វឹកហាត់ហើយ យើងលាក់ការណ៍ មិនឲ្យគូប្រកួតដឹងនោះទេ ហើយត្រូវលាក់ស្នៀតប្រកួតថែមទៀត។ យើង ប្រាប់គេ យើងអាចប្រាប់ត្រឹមតែការត្រៀមខ្លួនបន្ដិច បន្ដួច ប៉ុន្ដែ យើងមិនអាចប្រាប់ស្នៀត និងបច្ចេកទេសពិសេស បានទេ។»។ ប្រធានក្លិបវ័យ ៤៨ឆ្នាំរូបនេះ បាននិយាយដូច្នេះ។
 
លោក អេ ភូថង បានបន្ដទៀតថា យុទ្ធសាស្ដ្រមួយចំនួន ក្រោយចប់ការប្រកួត គឺអាចប្រាប់បាន ព្រោះក្បាច់ និងស្នៀតទាំងនោះ បានបង្ហាញលើសង្វៀនរួចរាល់ហើយ។ ការប្រាប់យុទ្ធសាស្ដ្របែបនេះ គឺមិនមែនមានន័យថា មោទកភាពរហូតដល់ភ្លេចការពារខ្លួននោះទេ ប៉ុន្ដែជាការចែករំលែកដល់កីឡាករ និងអ្នកជំនាន់ក្រោយអាចអនុវត្ត ដោយខ្លួនឯងបាន។ 
 
លោក អេ ភូថង រៀបរាប់ដូច្នេះថា៖« គ្រូប្រាប់យុទ្ធសាស្ដ្រ ពេលដែលប្រកួតខ្លះៗ ទៅអ្នកសារព័ត៌មាននោះ មិនមានន័យអ្វីទេ គឺគ្រាន់តែចែកជាបទពិសោធន៍ ឲ្យអ្នកជំនាន់ក្រោយអាចអនុវត្ត និងហ្វឹកហាត់បច្ចេកទេសមួយចំនួននោះ ដោយខ្លួនឯង។ គ្រូចង់ឲ្យក្មេងៗ ស្រករក្រោយ ដឹងយុទ្ធសាស្ដ្រអ៊ីចឹង គេធ្វើតាម និងហ្វឹកហាត់ខ្លួនឯងបាន។»។
 
ប្រធានក្លិបរូបនេះ បានបន្ដទៀតថា ការប្រកួតនីមួយៗ គ្រូតែងមើលវីដេអូ ភាគីម្ខាងទៀត ដើម្បីប្រាប់កូនសិស្សខ្លួន ចំណែក ភាគីម្ខាងទៀត ពួកគេ ក៏ធ្វើបែបនេះដែរ។ ដូចនេះ ទាំងគ្រូបង្វឹក និងសិស្ស មានក្បាច់ និងយុទ្ធសាស្ដ្រប្រកួតច្រើន ដោយបត់បែនទៅតាមគូប្រកួត និងកាលទេសលើសង្វៀនជាក់ស្ដែង។ លោក អេ ភូថង បានលើកឧទាហរណ៍អំពី កីឡាករ ធឿន ធារ៉ា ដែលមិនសូវប្រើកែង ដើម្បីកុំឲ្យគូប្រកួតចាប់ស្នៀតពិសេសបាន។
 
គ្រូបង្វឹករូបនេះ បានលើកឧទាហរណ៍ដូច្នេះថា៖«គូប្រកួតនីមួយៗ តែប្រយ័ត្នកែងរបស់ ធឿន ធារ៉ា ប៉ុន្ដែ សម្រាប់ ៣-៤ប្រកួតចុងក្រោយនេះ ធឿនធារ៉ា មិនដែលវាយកែងទេ។ ជួនកាល ធារ៉ា ប្រើកែង តែមួយលើកប៉ុណ្ណោះ ក្នុងមួយតឹក។ គាត់ព្យាយាមវាយដៃឲ្យច្រើន។ បើគេ បិទកែង យើងវាយដៃវិញ។ នេះ គឺយើងត្រូវផ្លាស់ប្ដូរក្បាច់គុន។ ពេល ខ្លះ យើងគ្រាន់តែ ជន្ល ធ្វើយ៉ាងមិចកុំឲ្យគេចាប់ចំណុចយើងបាន។ ធឿន ធារ៉ា ផ្លាស់ប្ដូរ ស្នៀតរហូត។ អ៊ីចឹង យើងអត់ខ្លាចគេចាប់ស្នៀតយើង បានទេ ព្រោះយើងផ្លាស់ប្ដូររហូត។ សូម្បីពេលខ្លះ កន្ដាប់ដៃ របស់ធឿន ធារ៉ា ក៏ធ្វើឲ្យគូប្រកួតខ្លាចដែរ។»៕
 

Tag:
 ប្រដាល់គុនខ្មែរ
  អេ ភូថង
© រក្សាសិទ្ធិដោយ thmeythmey.com