ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន គាំទ្រនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលហាមមហាអំណាចលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសនានា
03, Apr 2023 , 11:03 am        
រូបភាព
លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជួបពិភាក្សាគ្នា ទ្វេភាគី និងបញ្ហាក្នុងតំបន់ និងពិភពលោក កាលពីថ្ងៃទី២៧ មីនា ២០២៣។ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានេះ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងកម្ពុជា បានធ្វើជាអធិបតីភាពលើការចុះហត្ថលេខាឯកសារចំនួន២ទៀតផង។
លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជួបពិភាក្សាគ្នា ទ្វេភាគី និងបញ្ហាក្នុងតំបន់ និងពិភពលោក កាលពីថ្ងៃទី២៧ មីនា ២០២៣។ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានេះ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងកម្ពុជា បានធ្វើជាអធិបតីភាពលើការចុះហត្ថលេខាឯកសារចំនួន២ទៀតផង។
លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានហាមប្រទេសមហាអំណាច លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ។ សម្ដេច ហ៊ុន សែន ប្រកាសគាំទ្រចំពោះពាក្យសម្ដីរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ីនេះ។



«ខ្ញុំបានដៃគូមួយដ៏ល្អនៅក្នុងអាស៊ានទៀតហើយ»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលពេញចិត្តចំពោះជំហររបស់លោក អាន់វ៉ា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៣ មេសានេះ សម្ដេច ហ៊ុន សែន ក៏បានលើកពីបញ្ហាបរទេសរំលោភលើការអនុវត្តការងាររបស់កម្ពុជាកន្លងមក។ សម្ដេច ចាត់ទុកសកម្មភាពពួកគេ ជាការបំពាន និងកៀបសង្កត់ដល់ការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា។
 
«រឿងអី ជារឿងរបស់កម្ពុជា ហើយ(បរទេស)លូកដៃមកទាំងបំពានរួចហើយ មកប្រដៅយើងថា នែ! ត្រូវគោរពច្បាប់ ត្រូវបែងចែកអំណាចនីតិបញ្ញត្តិ នីតិប្រតិបត្តិ អំណាចតុលាការ។ ក៏ប៉ុន្តែខ្លួនឯងមក ជ្រៀតជ្រែកតែអំណាចតុលាការ។ ហើយមកបង្ខំនាយករដ្ឋមន្រ្តី ឬរដ្ឋាភិបាលឱ្យទៅជ្រៀតជ្រែកអំណាចតុលាការ»។ នេះបើតាមសម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា កម្ពុជារក្សាជំហរឯករាជ្យ និងទំនាក់ទំនងដៃគូទូលំទូលាយជាបណ្ដាប្រទេសទាំងអស់។
 
សម្ដេច ហ៊ុន សែន បន្ថែមថា កម្ពុជា មិនធ្វើជាសត្រូវជាមួយបណ្ដាប្រទេសណាមួយទេ។ «ក៏ប៉ុន្តែខ្ញុំគ្រាន់តែប្រាប់បង្ហាញថា អ្នកជ្រើសរើសមនុស្សមួយក្រុម ដែលប្រព្រឹត្តខុស ឬអ្នកជ្រើសរើសប្រទេសមួយ។ អាហ្នឹងត្រូវឱ្យច្បាស់ជាមួយគ្នា»។ នេះជាការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល ដែលបន្ថែមថា បើបរទេសជ្រើសអ្នកដែលច្បាប់ដាក់ទោស ហើយមិនពេញចិត្តចំពោះកម្ពុជា ពួកគេអាចដកទូតចេញពីកម្ពុជាបាន៕

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com