កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ប្រធានាធិបតីទីម័រខាងកើត នឹងចូលរួមរត់ភ្លើងគប់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម នៅក្រុងឌីលី
03, Apr 2023 , 11:28 am        
រូបភាព
រូបថត៖ ខឹម សុវណ្ណារ៉ា
រូបថត៖ ខឹម សុវណ្ណារ៉ា
ភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ បានចាកចេញពីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ទៅដល់ទីក្រុងឌីលី ប្រទេសទីម័រខាងកើតហើយ នៅព្រឹកថ្ងៃទី៣ ខែមេសានេះ។ ទីម័រខាងកើត ជាប្រទេសទី៤ ក្នុងចំណោមប្រទេសទាំង១១ដែលត្រូវចូលរួមដង្ហែភ្លើងគប់កីឡា បន្ទាប់ពីវៀតណាម ហ្វីលីពីន និងឥណ្ឌូណេស៊ីបានបញ្ចប់ដោយជោគជ័យ។



គណៈប្រតិភូកម្ពុជា ដែលមានលោកហោ សារុន​ ជាបេសកជនពិសេស CAMSOC ទទួលបានការស្វាគមន៍ពីលោក Francisco Kalbuadi Lay ប្រធានគណៈកម្មាធិការជាតិអូឡាំពិកទីម័រខាងកើត។ ប្រតិភូកម្ពុជា នឹងត្រូវចូលជូបលោក Jose Ramos-Horta ប្រធានាធិបតីទីម័រខាងកើត នៅរសៀលថ្ងៃច័ន្ទដដែលនេះ ផងដែរ។


គណៈប្រតិភូកម្ពុជាទៅដល់ប្រទេសទីម័រខាងកើត។ រូបភាព៖ Cambodia2023
 
មុនពេលទៅដល់ ទីម័រខាងកើត ពិធីរត់ដង្ហែភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានធ្វើនៅក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃទី១ ខែមេសា ដោយក្បូនដង្ហែរ មានការចូលរួមពីអត្តពលិកល្បីៗរបស់ឥណ្ឌូណេស៊ី ក៏ដូចជាវត្តមាន លោក អ៉ីវ ហ៊ាង ឯកអគ្គរាជទូតកម្ពុជាប្រចាំឥណ្ឌូណេស៊ី លោក Raja Sapta Oktohari ប្រធានគណៈកម្មាធិការជាតិអូឡាំពិកឥណ្ឌូណេស៊ី និងលោក Muhadjir Effendy រដ្ឋមន្ដ្រីក្រសួងយុវជន និងកីឡាឥណ្ឌូណេស៊ីផងដែរ។
 
ទីម័រខាងកើត ជាប្រទេសទី៤ដែលត្រូវរត់ដង្ហែភ្លើងគប់ បន្ទាប់ពី ឥណ្ឌូណេស៊ី វៀតណាម និងហ្វីលីពីន បានបញ្ចប់ការដង្ហែក្បូនភ្លើងគប់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាទទួលសិទ្ធិធ្វើម្ចាស់ផ្ទះជាលើកដំបូងក្រោយរង់ចាំ៦៤ឆ្នាំ។ 
 
ពិធីដង្ហែផ្លូវការ ក្នុងក្រុងឌីលី ប្រទេសទីម័រខាងកើត នឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៤ ខែមេសា ដោយមានមន្រ្តីជាន់ខ្ពស់ និងថ្នាក់ដឹកនាំជាច្រើនចូលរួម ក្នុងនោះក៏នឹងមានវត្តមានប្រធានាធិបតីទីម័រខាងកើតផងដែរ។
 
ក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ដែលចូលរួមហែភ្លើងគប់កីឡា ឡាវជាប្រទេសចុងក្រោយ ដែលត្រូវទទួលភ្លើងគប់ មុនត្រឡប់ចូលទឹកដីកម្ពុជាវិញតាមជ្រកព្រំដែនខេត្តចំប៉ាសាក់របស់ឡាវ តាមខេត្តស្ទឹងត្រែងរបស់កម្ពុជា។
 
ពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នឹងធ្វើឡើងនៅថ្ងៃទី៥ ខែឧសភា និងបិទបញ្ចប់ទៅវិញ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕
 

Tag:
 ស៊ីហ្គេម២០២៣
  ភ្លើងគប់
© រក្សាសិទ្ធិដោយ thmeythmey.com