ជាតិ
ចូលឆ្នាំ! ឡាន​ក្រុង​៣៤៥គ្រឿង​ ត្រៀម​ដឹកពលរដ្ឋ​ទៅតាមរាជធានី-ខេត្ត
03, Apr 2023 , 12:09 pm        
រូបភាព
ការធ្វើដំណើរ​របស់​ព​ល​រដ្ឋ​ទៅ​បណ្តា​ខេត្ត​តាម​រថយន្តក្រុង​សាធារណៈ កាលឆ្នាំ២០១៩
ការធ្វើដំណើរ​របស់​ព​ល​រដ្ឋ​ទៅ​បណ្តា​ខេត្ត​តាម​រថយន្តក្រុង​សាធារណៈ កាលឆ្នាំ២០១៩
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ​រៀបចំ​រថយន្ត​ក្រុង​ចំនួន ៣៤៥គ្រឿង​សម្រាប់​ដឹក​ជញ្ជូន​ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ និង​ទៅតាម​បណ្ដាខេត្ត​នានា​ក្នុង​ថ្ងៃចូលឆ្នាំខ្មែរ។ បើតាម​សេចក្ដីជូន​ដំណឹងចេញ​ផ្សាយ​ថ្ងៃទី​៣ មេសានេះខេត្តសៀមរាប មាន​​រថយន្តក្រុង​ដឹកពលរដ្ឋច្រើនជាងគេ រហូតដល់១០០គ្រឿង។​


ដើម្បី​សម្រួល​ដល់​ការ​ចំណាយ​របស់​ពលរដ្ឋនៅ​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​ខាង​មុខនេះរដ្ឋបាល​រាជធានីភ្នំពេញ បាន​ត្រៀម​រថយន្ត​ក្រុង​ចំនួន ៣៤៥គ្រឿងសម្រាប់​ដឹកពលរដ្ឋ​ទៅ​ស្រុកកំណើត​ដោយ​ឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៣-១៧ ខែមេសា។
 
រថយន្តក្រុង​ទាំង ៣៤៥គ្រឿងនេះ រដ្ឋបាលរាជធានីភ្នំពេញ បាន​បែង​ចែក ៧០គ្រឿងសម្រាប់​ដឹក​ជញ្ជូនពលរដ្ឋ​នៅ​រាជធានីភ្នំពេញ។ ចំណែក ២៧៥គ្រឿង​ទៀតសម្រាប់​ដឹក​ជញ្ជូន​ពលរដ្ឋ​ធ្វើ​ដំណើរ​ពីរាជធានីភ្នំពេញ​ទៅ​កាន់​បណ្ដាខេត្ត​មួយចំនួន។
 
បើតាម​រដ្ឋបាល​រាជធានី​ភ្នំពេញ រថយន្ត​ក្រុង​ទាំងនេះនឹង​ដឹក​ជញ្ជូន​ពលរដ្ឋ​ទាំង​ទៅ និង​មក ដោយ​ចាប់​ផ្ដើម​ចេញ​ដំណើរ​ពី​ម៉ោង៥៖៣០នាទីព្រឹក​នៅតាម​គោលដៅ​ដែល​បាន​កំណត់។ សម្រាប់​ផ្លូវ​ជាតិ​លេខ១ភ្នំពេញ​-កណ្ដាល,​ព្រៃវែង-ភ្នំពេញ មាន​រថយន្ត​ចំនួន ៥គ្រឿង និង​​ភ្នំពេញ​-កណ្ដាល,​ស្វាយ​រៀង-ភ្នំពេញ មាន​ចំនួន ៥គ្រឿងដោយ​ចេញ​ដំណើរ​ពី​ស្ថានីយ​ចំណត​វាល​ស្បូវ​។
 
រីឯ​ផ្លូវជាតិ​លេខ​២​ ភ្នំពេញ-កណ្ដាល, តាកែវ-ភ្នំពេញ មាន​រថយន្តចំនួន៥គ្រឿង​ ចេញដំណើរ​ពី​ទល់​មុខ​ព្រះវិហារ​យេស៊ូ​ នៅផ្លូវ​វេងស្រេង។ ដោយ​ឡែកផ្លូវ​ជាតិ​លេខ​៣ វិញ ភ្នំពេញ-កែប មាន​ចំនួន ៥គ្រឿង និង​ភ្នំពេញ-កំពត មាន​ចំនួន៥គ្រឿង ចេញ​ដំណើរ​ពី​ដីឡូតិ៍ទល់មុខគណបក្សរាជធានី​ភ្នំពេញ​ នៅ​ផ្លូវ២០០៤។ 
 
សម្រាប់​ផ្លូវជាតិ​លេខ៤ ភ្នំពេញ-កំពង់ស្ពឺ មាន​ចំនួន ៣គ្រឿងនិង​ភ្នំពេញ-ព្រះសីហនុ មានចំនួន ៧ គ្រឿង​ចេញ​ដំណើរ​ពី​ដីឡូតិ៍ទល់មុខគណបក្សរាជធានី​ភ្នំពេញ​ នៅ​ផ្លូវ២០០៤។
ក្រឡេក​ទៅ​មើល​ផ្លូវជាតិ​លេខ​៥វិញ ភ្នំពេញ-កំពង់ឆ្នាំង មាន​រថយន្ត​ចំនួន ៥គ្រឿង, ភ្នំពេញ-ពោធិ៍សាត់មាន​រថយន្ត​ចំនួន ១០គ្រឿង, ភ្នំពេញ-បាត់ដំបងមាន​រថយន្តចំនួន ៥០គ្រឿង និង​ភ្នំពេញ-បន្ទាយមានជ័យ មាន​រថយន្តចំនួន ៥០ គ្រឿងចេញ​ដំណើរ​ពី​ស្ថានីយចំណត​សួនច្បារ​ឫស្សីកែវ។
 
ក្នុងឆ្នាំនេះ ផ្លូវជាតិលេខ៦ នឹង​មាន​ចរាចរណ៍មមាញឹក ដោយ​សារ​រដ្ឋបាលរាជធានីភ្នំពេញរៀបចំរថយន្តក្រុង​​ទៅ​ខេត្ត​សៀមរាប​ រហូត​ដល់​១០០គ្រឿង​ឯណោះ និង​ភ្នំពេញ​-កំពង់ធំមាន​ចំនួន ៥គ្រឿង​ ដោយចេញ​ដំណើរ​ពី​រង្វង់មូល​ទេព​មច្ឆា។ ឯ​ផ្លូវជាតិ​លេខ៦,៧ភ្នំពេញ-កំពង់ចាម​ មាន​ចំនួន ៥គ្រឿង និង​ភ្នំពេញ-ត្បូងឃ្មុំ មាន​ចំនួន ៥គ្រឿងចេញដំណើរពីមុខ​រាជាយស្ម័យយាន។ 
 
ចំណែក​ផ្លូវ​ជាតិលេខ៨,១៣ ភ្នំពេញ-ក្រចេះ មាន​ចំនួន​៥គ្រឿងនិង​ភ្នំពេញ-ស្ទឹងត្រែង មាន​ចំនួន ៥គ្រឿងចេញ​ដំណើរ​ពី​ស្ថានីយចំណត​រង្វង់មូល​កួចកាណុង។ សូម​បញ្ជាក់ថា ក្នុងឆ្នាំ​នេះ
នៅ​ខេត្ត​សៀមរាប នឹង​មាន​រៀបចំព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត​រយៈពេល ១០ឆ្នាំដែល​នាំ​ឱ្យ​រដ្ឋបាល​រាជធានីភ្នំពេញ​ ត្រៀម​រថយន្ត​រហូត​ដល់ ១០០គ្រឿងសម្រាប់​ដឹក​ជញ្ជូន​ពលរដ្ឋ និង​ភ្ញៀវទេសចរ៕ 
 
 

Tag:
 រថយន្ត​ក្រុង​
 ចូលឆ្នាំ​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com