កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
អត្តពលិកវ៉ូវីណាមកម្ពុជា២៧រូប ទៅហ្វឹកហាត់នៅវៀតណាម ត្រៀមស៊ីហ្គេម
04, Apr 2023 , 2:39 pm        
រូបភាព
ប្រតិភូគ្រូបង្វឹក និងអត្តពលិកកីឡាវ៉ូវីណាមកម្ពុជា។ រូបពី កៅ មករា
ប្រតិភូគ្រូបង្វឹក និងអត្តពលិកកីឡាវ៉ូវីណាមកម្ពុជា។ រូបពី កៅ មករា
ដោយ:
ប្រតិភូគ្រូបង្វឹក កីឡាករ-កីឡាការិនីវ៉ូវីណាមជម្រើសជាតិកម្ពុជាចំនួន ៣១រូបចេញដំណើរពីប្រទេសកម្ពុជា ទៅបោះជំរុំហ្វឹកហាត់នៅប្រទេសវៀតណាម រយៈពេល១ខែគិតចាប់ពីថ្ងៃទី៤ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ។

 
បន្ទាប់ពីបញ្ចប់ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៦ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា បានត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានបញ្ជូនអត្តពលិកកម្ពុជា ទៅបោះជំរំហ្វឹកហាត់នៅប្រទេសវៀតណាម ដើម្បីសម្រេចគោលដៅក្នុងការប្រជែងមេដាយនាព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនាខែឧសភា ខាងមុខ។
 

អត្តពលិកកីឡាវ៉ូវីណាមកម្ពុជា ពេលចេញដំណើរទៅប្រទេសវៀតណាម។ រូបពី CVF
 
ទៅហ្វឹកហាត់នៅវៀតណាមនេះ មានប្រតិភូគ្រូបង្វឹកចំនួន៤រូប កីឡាករ១៦រូប និងកីឡាការិនី១១រូប ដែលត្រូវហ្វឹកហាត់លើវិញ្ញាសាមេគុនសម្តែង និងវិញ្ញាសាប្រយុទ្ធ។ មន្រ្តីសហព័ន្ធកីឡាវ៉ូវីណាមបានផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ តាមសារអេឡិចត្រូនិក ថាការចេញទៅហ្វឹកហាត់នេះ ដើម្បីពង្រឹងលើសមត្ថភាពដែលមានចំណុចខ្វះខាត។
 
លោក យ៉ាំ ថៃសាន អគ្គលេខាធិការសហព័ន្ធកីឡាវ៉ូវីណាម និយាយថា៖«យើងសល់ពេលមួយខែគត់ ដើម្បីបង្កើនបច្ចេកទេស និងសមត្ថភាពរបស់កីឡាករ-កីឡាការិនីត្រៀមស៊ីហ្គេម២០២៣ ក្រោយប្រកួតជើងឯកអាស៊ីអាគ្នេយ៍ចប់ ដែលយើងឃើញនៅមានចំនុចដែលត្រូវពង្រឹងបន្ថែម ទាំងកម្លាំង និងបច្ចេកទេស នៃវិញ្ញាសាមួយចំនួន»។
 
គួរំឮកផងដែរថា សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា កំណត់គោលដៅប្រជែងយកមេដាយមាសយ៉ាងតិច៩ ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនាខែឧសភា ខាងមុខ៕
 

Tag:
 កីឡាវ៉ូវីណាម
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com