ជាតិ
នំបញ្ចុកព្រះដាក់ ត្រូវបាន​ចុះបញ្ជីម៉ាកសមូហភាពកម្មសិទ្ធិបញ្ញា ​
04, Apr 2023 , 5:19 pm        
រូបភាព
សៀមរាប៖ នំបញ្ចុកព្រះដាក់ ត្រូវបាននាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្មចុះបញ្ជីជាម៉ាកសមូហភាព នៅថ្ងៃទី៤ មេសានេះ ដោយដាក់ឈ្មោះជា ផ្លូវការថា «នំបញ្ចុកសៀមរាប»។

 
សន្និបាតដំបូងរបស់ក្រុមអ្នកផលិត និងអាជីវករនំបញ្ចុកសៀមរាប ត្រូវបានរៀបចំឡើងនៅថ្ងៃទី៤ មេសា នៅបរិវេណសាលាឃុំព្រះដាក់។ ក្នុងសន្និបាតនេះ ក៏មានការជ្រើសរើសប្រធាន អនុប្រធានគណៈកម្មាធិការប្រតិបត្តិ នៃក្រុមអ្នកផលិត និងអាជីវករនំបញ្ចុកសៀមរាបផងដែរ។
 
លោក សួន វិជ្ជា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាន​នាយដ្ឋានកម្មសិទ្ធិបញ្ញា បានឱ្យដឹងថា នំបញ្ចុកព្រះដាក់មានភាពល្បីល្បាញយូរមកហើយ ហើយការចុះបញ្ជីកម្មសិទ្ធិបញ្ញានៅពេលនេះ នឹងជួយបង្កើនកេរ្តិ៍ឈ្មោះផលិតផលនេះ កាន់តែល្បីល្បាញ មួយកម្រិតទៀត។ 
 


លោក សួន វិជ្ជា បន្ថែមថា៖«នំបញ្ចុកជាផលិតផលដូនតាដែលចាត់ទុកជាបេតិកភណ្ឌ ក្នុងនោះ​នាយករដ្ឋមន្រ្តីសម្ដេចតេជោ បានចាត់ទុកនំបញ្ចុកជាអាហាររួបរួមសាមគ្គីគ្នា យើងយល់ថាសារ​សំខាន់ ​នៃនំបញ្ចុក​ដើម្បីអភិរក្ស អភិវឌ្ឍន៍ជំនាញ ដើម្បីបង្កើតម៉ាកសមូហភាពដើម្បីមានក្រុមផលិតចូលរួមមាន គណៈកម្មការប្រតិបត្តិ ដើម្បីរៀបចំជាសៀវភៅបន្ទុក និងបទបញ្ជារួម ដោយកំណត់រូបមន្តនៃការផលិត អនាម័យ ដើម្បីអភិវឌ្ឍន៍​ម៉ាកសមូហភាពនៃនំបញ្ចុកសៀមរាប ដើម្បីជាប្រយោជន៍រួម»។ 
មន្រ្តីដដែល ស្នើឱ្យពលរដ្ឋ ពិសេសអ្នកផលិតនំបញ្ចុកទាំងអស់ ​ចូលរួម​ប្រើប្រាស់​កម្មសិទ្ធិបញ្ញា ​តាមរយៈការចុះបញ្ជីម៉ាក​សមូហភាព ដើម្បីលើកកម្ពស់ផលិតផលរបស់ខ្លួន ដោយប្រើប្រាស់ឡូហ្គោ ជាសញ្ញាសម្គាល់ បិទនៅកន្លែងលក់នំបញ្ចុកជាដើម។ 
 
លោក ថន ថោន ដែលអ្នកលក់នំបញ្ចុកមួយរូបនៅភូមិព្រះដាក់ យល់ថា ការចុះបញ្ជីម៉ាកសមូហភាព កម្មសិទ្ធិបញ្ញានំបញ្ចុកសៀមរាបនៅពេលនេះ នឹងជំរុញឱ្យសាធារណស្គាល់នំបញ្ចុកព្រះដាក់កាន់ច្រើន។ លោកបន្ថែមថា៖« កន្លងមកនំបញ្ចុកព្រះដាក់គេស្គាល់ច្រើន តែមិនទាន់ទូលំទូលាយដល់ប្រទេសក្រៅ ការធ្វើយីហោអ៊ីចឹងសប្បាយចិត្ត និងរំពឹងថាវាកាន់តែល្បីល្បាញ»៕
 






Tag:
 នំបញ្ចុកសៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com