កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ថៃ បញ្ជូនប្រតិភូកីឡាមកស៊ីហ្គេមច្រើនជាងគេ ឯម្ចាស់ផ្ទះកម្ពុជានៅលេខ៧ ចំណោម១១ប្រទេស
04, Apr 2023 , 5:49 pm        
រូបភាព
ការសម្ដែងសិល្បៈវប្បធម៌កម្ពុជា ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២
ការសម្ដែងសិល្បៈវប្បធម៌កម្ពុជា ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (CAMSOC) បានប្រកាសចំនួនប្រតិភូកីឡាទាំង១១ប្រទេស សរុប១២៤០៤នាក់ ដែលត្រូវចូលរួមដណ្តើមមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ ចំណោម១១ប្រទេស ថៃ បញ្ជូនប្រតិភូកីឡាច្រើនជាងគេចំនួន ១៩៨៥នាក់ តាមពីក្រោយដោយឥណ្ឌូណេស៊ី ១៨០២នាក់ ឯម្ចាស់ផ្ទះកម្ពុជានៅលេខ៧ មានចំនួន១១៥៨នាក់។



លោក ញ៉ាន សុខវិសាល ប្រធាននាយកដ្ឋានទំនាក់ទំនង អន្តរជាតិ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ តាមទូរស័ព្ទថា ចំនួនប្រតិភូតិច ឬច្រើនទៅតាមការចុះឈ្មោះរបស់ប្រទេសនីមួយៗ ហើយចំនួននោះ គឺសរុបទាំងអស់ ដោយរាប់បញ្ចូលទាំងអត្ដពលិក មន្ដ្រីបច្ចេកទេស គ្រូបង្វឹក ពេទ្យ មន្ដ្រីផ្នែកផ្សព្វផ្សាយ និងអ្នកដែលពាក់ព័ន្ធសំខាន់ទៀត។ ដោយឡែក ចំពោះចំនួនអត្ដពលិក តាមប្រទេសដែលចូលរួមនីមួយៗ លោក សុខវិសាល មិនទាន់អាចបញ្ជាក់នៅឡើយទេ ដោយត្រូវរង់ចាំការប្រជុំសម្រេចលើកចុងក្រោយ នាចុងខែមេសា។
  

ប្រតិភូកីឡាកម្ពុជា ទទួលទង់ស៊ីហ្គេម នៅកម្មវិធីបិទស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម
 
កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ បានដាក់ប្រតិភូកីឡា សរុបទាំងអស់ចំនួន ១១៥៨នាក់។ ចំណែក ប្រទេស ដែលមានប្រតិភូច្រើនជាងគេ គឺប្រទេសថៃ មានចំនួន ១៩៨៥នាក់ តាមពីក្រោយដោយឥណ្ឌូណេស៊ី ១៨០២នាក់។ វៀតណាមនៅលេខ៣ មានប្រតិភូ ចំនួន ១៦៦៣នាក់ ស្របពេលព្រុយណេបញ្ជូនប្រតិភូមកកម្ពុជាតិចជាងគេចំនួន ១១៣នាក់។
 
ម៉ាឡេស៊ី នឹងបញ្ជូនប្រតិភូកីឡាចំនួន ១៥៣២នាក់ ស្ថិតនៅចំណាត់ថ្នាក់លេខ៤ ចំណោម១១ប្រទេស ឯហ្វីលីពីន មានប្រតិភូ ១៣៤២នាក់នៅលេខរៀងទី៥។ លេខរៀងបន្តបន្ទាប់មាន សិង្ហបុរី ចំនួន ១២២៨នាក់ មីយ៉ាន់ម៉ាចំនួន ៦៩៤នាក់ ឡាវចំនួន ៦៥៦នាក់ និងទីម័រខាងកើត មាន១៧១នាក់។
 
គួរបញ្ជាក់ផងដែរថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ នៅថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ ចំណែក អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣។ កម្ពុជា បានដាក់កីឡា៣៧ ប្រភេទដើម្បីប្រកួត ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នេះ៕
 

Tag:
 ស៊ីហ្គេម
  ប្រតិភូ
  អាស៊ានប៉ារ៉ាហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com