ជាតិ
និស្សិតកម្ពុជា៣ក្រុម ជាប់លេខ១ ពីការផលិតឧបករណ៍តាមដានស្ថានភាពទឹកទន្លេមេគង្គ
06, Apr 2023 , 9:59 pm        
រូបភាព
និស្សិតកម្ពុជានិងឡាវ ដែលឈ្នះក្នុងកម្មវិធីប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាតាមដានទន្លេលើកដំបូងបង្អស់។ រូបពី MRC
និស្សិតកម្ពុជានិងឡាវ ដែលឈ្នះក្នុងកម្មវិធីប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាតាមដានទន្លេលើកដំបូងបង្អស់។ រូបពី MRC
ភ្នំពេញ៖ និស្សិតកម្ពុជា ពីបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ឈ្នះការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាតាមដានទន្លេលើកដំបូង ដោយទទួលបានទឹកប្រាក់៥ពាន់ដុល្លារ ក្នុងមួយក្រុមៗ។

 
គណៈកម្មការទន្លេមេគង្គ (MRC) បានប្រកាសលទ្ធផលកម្មវិធីប្រកួតប្រជែង ផ្នែកបច្ចេកវិទ្យាតាមដានទន្លេលើកដំបូងបង្អស់ ចំនួន៤ក្រុម ក្នុងនោះនិស្សិតកម្ពុជា៣ក្រុមឈ្នះ បានលេខ១ និងមួយក្រុមទៀត និស្សិតឡាវ។ កម្មវិធីនេះ មានគោលដៅស្វែងរកបច្ចេកវិទ្យាទំនើបៗ ជួយគាំពារដល់ទន្លេ ដែលធំជាងគេបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជំរុញការបង្កើតបច្ចេកវិទ្យានៅក្នុងតំបន់។
 
កម្មវិធីខាងលើ មានក្រុមនិស្សិតមកពីប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម ចំនួន១៥ក្រុម បានចូលរួមប្រកួតប្រជែងអភិវឌ្ឍបច្ចេកវិទ្យាឧបករណ៍ចាប់សញ្ញាទូរមាត្រ ដែលអាចវាស់ស្ទង់ និងតាមដានកម្រិតទឹក បរិមាណភ្លៀងធ្លាក់ សំណើមដី ឬគុណភាពទឹក។ បើតាម MRC បានប្រកាសលទ្ធផលនៅឡាវ កាលពីថ្ងៃទី៥មេសា។
 
ចំពោះឧបករណ៍ផ្នែកវាស់ស្ទង់ និងតាមដានកម្រិតទឹក ចំណាត់ថ្នាក់ទី១ បានទៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។ បន្ទាប់ពីជ័យលាភីលេខ១ គឺចំណាត់ថ្នាក់កិត្តិយស បានទៅលើសាកលវិទ្យាល័យធុយល័យវៀតណាម។ 
 
ចំណែក ផ្នែកគុណភាពទឹក ចំណាត់ថ្នាក់ទី១ បានទៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ខណៈសាកលវិទ្យាល័យជាតិឡាវ ទទួលបានចំណាត់ថ្នាក់កិត្តិយស។ រីឯ ឧបករណ៍ផ្នែកស្ទង់ភ្លៀងធ្លាក់វិញ ចំណាត់ថ្នាក់ទី១ បានទៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ហើយចំណាត់ថ្នាក់កិត្តិយសបានទៅវិទ្យាស្ថានបច្ចេកវិទ្យាស៊ូតសាកាប្រទេសឡាវ។ ទន្ទឹមនឹងនេះ ឧបករណ៍ផ្នែកស្ទង់សំណើមដី ចំណាត់ថ្នាក់ទី១ បានទៅសាកលវិទ្យាល័យជាតិឡាវ ខណៈសាកលវិទ្យាល័យកាន់ធើប្រទេសវៀតណាម ទទួលបានចំណាត់ថ្នាក់កិត្តិយស។
 
និស្សិតកម្ពុជាមកពីបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាម្នាក់ ឈ្មោះ សូលិតា ប៉ុន ចាត់ទុកការប្រកួតនេះ ជាបទពិសោធន៍ដ៏អស្ចារ្យមួយ។​ ការប្រកួតនេះ ជាឱកាសដ៏ល្អមួយសម្រាប់ឱ្យយុវជនទន្លេមេគង្គ ឈានឆ្ពោះទៅមុខ និងចូលរួមរកវិធីដោះស្រាយបញ្ហាប្រឈម ដែលទន្លេមេគង្គជួបប្រទះ។
 
និស្សិតរូបនេះ លើកឡើងថា៖ «វាផ្តល់ឱកាសឱ្យយើងបង្ហាញពីគំនិតបែបនវានុវត្តន៍ ក៏ដូចជាអារម្មណ៍របស់យើងផងដែរ ថាយើងមិនត្រឹមតែខ្វល់ពីទន្លេនេះទេ តែយើងក៏បារម្ភពីពិភពលោកនេះផងដែរ…។គ្មាននរណាម្នាក់អាចជួយយើងបានទេ បើយើងមិនជួយខ្លួនឯង»។ 
 
នៅក្នុងកម្មវិធីប្រកួតប្រជែងនេះ MRC លើកឡើងថា ស្ថានីយប្រមាណ២៥០ ដែលវាស់ស្ទង់ស្ថានភាពទន្លេមេគង្គ ដូចជាជលសាស្ត្រ ភ្លៀងធ្លាក់ គុណភាពទឹក សុខភាពអេកូឡូស៊ី ជលផល និងគ្រោះរាំងស្ងួត ភាគច្រើនត្រូវបានផលិតនៅបរទេស មានតម្លៃថ្លៃ និងពិបាកក្នុងការថែទាំ។ ជាមួយគ្នាដែរ បច្ចេកវិទ្យាចាប់សញ្ញា ជាទូទៅត្រូវបានតំឡើងតាមច្រាំងទន្លេ ឬក្នុងតំបន់កសិកម្ម។ ដូច្នេះ គោលបំណងរបស់និស្សិត រៀបចំបង្កើតបច្ចេកវិទ្យាឱ្យសមស្របទៅនឹងសណ្ឋានដី ទីតាំង អាកាសធាតុ និងមុខងារនានា អាចប្រតិបត្តិការបានតាមថាមពលអគ្គិសនី ហើយសមត្ថភាពប្រមូលនិងបញ្ជូនទិន្នន័យទូរមាត្រពីស្ថានីយទៅកាន់ម៉ាស៊ីនមេ។  
 
លោក សានទិ បារាន (Santi Baran) ប្រធានផ្នែកយុទ្ធសាស្ត្រ និងភាពជាដៃគូរបស់ MRC បានលើកឡើងថា ការស្រាវជ្រាវរបស់ក្រុមនិស្សិតពីឧបករណ៍ខាងលើ ជាការចូលរួមវិភាគទានដ៏មានតម្លៃ ក្នុងតំបន់ទន្លេមេគង្គ។ បើតាមលោក បារាន ទន្លេមេគង្គ ខ្វះឧបករណ៍ចាប់សញ្ញាឲ្យបានគ្រប់គ្រាន់ ខណៈឧបករណ៍ទាំងនោះមានតម្លៃថ្លៃខ្លាំង។ 
 
តាមរយៈកម្មវិធីនេះ លោកបានប្រាប់ទៅក្រុមនិស្ស័យដែលចូលរួមប្រកួតយ៉ាងដូច្នេះ៖ «យើងបានដឹងថា​ វាត្រូវតែជាយុវជន ដែលគួរផ្តល់ឱកាសក្នុងការច្នៃប្រឌិតនានាដល់ពួកគេ ដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរ​។ ហើយនឹងគ្មាននរណាម្នាក់ អាចធ្វើកិច្ចការនេះ បានល្អប្រសើរជាងយុវជនដែលនៅទីនេះ នាពេលនេះទេ!»។ 
ប្រជាជនទន្លេមេគង្គ ត្រូវបង្ហាញឱ្យគ្រប់គ្នាដឹងថា ផលិតបច្ចេកវិទ្យាតាមដាននិងថែទាំទន្លេទាំងនេះ គឺប្រជាជននៃទន្លេមេគង្គអាចធ្វើបាន។ លោក បារានបន្ថែមបែបនេះ៕ 
 

Tag:
 MRC
© រក្សាសិទ្ធិដោយ thmeythmey.com