ជាតិ
រដ្ឋមន្រ្តី​​កសិកម្ម ស្នើ​ឱ្យភាគី​ឆែកបញ្ជូនគ្រូបច្ចេកទេស និងភាសាអង់គ្លេស មកអភិវឌ្ឍន៍​​​កសិកម្ម​នៅ​កម្ពុជា
07, Apr 2023 , 8:59 pm        
រូបភាព
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (ខាងស្ដាំដៃ) និងលោក Martin V´avra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា (ខាងឆ្វេងដៃ)។ រូបភាពពីហ្វេសប៊ុកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (ខាងស្ដាំដៃ) និងលោក Martin V´avra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា (ខាងឆ្វេងដៃ)។ រូបភាពពីហ្វេសប៊ុកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ បាន​ស្នើ​ឱ្យ​ភាគី​​ឆែកបញ្ជូនគ្រូ ទាំង​ផ្នែក​បច្ចេកទេស និងភាសាអង់គ្លេស ដើម្បី​ជួយ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស និង​ចូល​រួម​ចំណែក​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅកម្ពុជា។ ការ​ស្នើនេះ ធ្វើ​ឡើង​ក្នុងជំនួបរវាងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា និង​លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម កាលពី​ថ្ងៃទី​៦ មេសា។​



លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបជាមួយ​លោក​ Martin V´avra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា ដើម្បី​ពិភាក្សា​ពាក់ព័ន្ធ​នឹង​កសិកម្មរវាង​ប្រទេសទាំង​ពីរ។ ក្នុង​ជំនួប​ខាងលើ​ ​ភាគី​កម្ពុជា និង​ឆែក​ បាន​បង្ហាញ​ជំហរ​បន្ត​កិច្ច​សហ​ប្រតិបត្តិ​ការ​ ​និង​ការ​ធ្វើ​ការ​ងារ​ជាមួយគ្នា​បន្ត​ទៀត​លើ​ការ​ផ្ទេរ​បច្ចេក​វិទ្យា​មេកានិច​ និង​ថាមពល។ ​ទន្ទឹម​នឹង​នឹង កម្ពុជា​ត្រូវ​ការ​នាំ​ចេញ​ផលិត​ផល​កសិកម្ម​ជាច្រើន​ ដែល​ទាម​ទារឱ្យមានការសម្របសម្រួល និង​ជំរុញពាណិជ្ជកម្មពី​សាធារណរដ្ឋឆែក។ 


ថ្នាក់ដឹកនាំក្រសួងកសិកម្ម និងភាគីសាធារណរដ្ឋឆែក។ រូបភាពពី​ហ្វេសប៊ុក​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
 
រដ្ឋមន្ត្រីកសិកម្ម លើកឡើងដូច្នេះ៖​«ទីផ្សារ​ គឺ​ជា​អាទិ​ភាព​ដែល​ភាគី​ទាំងពីរ​ត្រូវ​ពិភាក្សា​គ្នា​ ការ​ផ្ទេរ​បច្ចេកវិទ្យា​គ្រឿង​ម៉ាស៊ីន​សម្រាប់​វិស័យ​កសិកម្ម​ គ្រឿង​ម៉ាស៊ីន​មាន​គុណភាព ​​​និង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ក្នុង​វិស័យ​កសិកម្ម​ឱ្យ​មានគុណភាពរួមទាំងគ្រូបណ្តុះបណ្តាល និងវិស្វករ»។ នេះបើតាម​ហ្វេសប៊ុក​ក្រសួងកសិកម្ម។​
 
ដើម្បីរួមចំណែកអភិវឌ្ឍន៍​វិស័យកសិកម្មនៅកម្ពុជា លោក ឌិត ទីណា​ បាន​ស្នើឱ្យ​ភាគីឆែក​បញ្ជូន​គ្រូ​មក​កម្ពុជា​ទាំង​ផ្នែកបច្ចេក​ទេស និងភាសាអង់គ្លេស ដោយសារ​​​គ្រូ​ម្នាក់​អាច​ជួយ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​បាន​ច្រើននាក់។ បន្ថែម​លើនេះ លោក បន្ត​ស្នើឱ្យមានការជួបពិភាក្សាជាមួយដៃគូអភិវឌ្ឍ ដើម្បី​ចែក​រំលែក​ពី​សក្តានុពល​នៃវិស័យកសិកម្មនៅកម្ពុជាផងដែរ៕
 

Tag:
 កសិកម្ម
  ឌិត ទីណា
  ឆែក
© រក្សាសិទ្ធិដោយ thmeythmey.com