ជាតិ
សាលាល្អ! សិស្សពូកែ១៨នាក់នៅកំពង់ឆ្នាំង មានដល់ទៅ១៧នាក់ចេញពីវិទ្យាល័យព្រះបាទសុរាម្រឹត
07, Apr 2023 , 9:59 pm        
រូបភាព
រូបតំណាងពីហ្វេសប៊ុកវិទ្យាល័យព្រះបាទសុរាម្រឹត
រូបតំណាងពីហ្វេសប៊ុកវិទ្យាល័យព្រះបាទសុរាម្រឹត
ភ្នំពេញ៖ សិស្សវិទ្យាល័យ​ព្រះ​បាទសុរាម្រឹតចំនួន ១៧នាក់ បាន​ប្រឡង​ជាប់​សិស្ស​ពូកែ​ទូទាំង​ខេត្ត​កំពង់ឆ្នាំង​ ក្នុង​ចំណោម​ជ័យលាភី ១៨នាក់។ លោកស្រី លឿង បញ្ញាវុឌ្ឍ នាយិកាស្ដីទី​វិទ្យាល័យ​ព្រះ​បាទសុរាម្រឹត ខេត្ត​កំពង់ឆ្នាំង ប្រាប់សារព័ត៌មានថ្មីៗ តាម​ទូរសព្ទថា នេះជាលើកទី១ ដែលសាលា​មាន​សិស្សជាប់ច្រើនលើសសាលាដទៃបែបនេះ។



នៅ​ថ្ងៃទី​៣០ មីនាកន្លង​ទៅ មន្ទីរអប់រំ យុវជន និង​កីឡា ខេត្ត​កំពង់ឆ្នាំង បាន​រៀបចំ​ការ​ប្រឡង​សិស្ស​ពូកែថ្នាក់ខេត្ត​ លើ​មុខ​វិជ្ជា​អក្សរសិល្ប៍ខ្មែរ, គណិត​វិទ្យា និង​រូបវិទ្យា សម្រាប់សិស្សថ្នាក់ទី៩ និង​ថ្នាក់ទី១២​។​ ការ​ប្រឡង​សិស្សពូកែខាងលើ មាន​សិស្សចូលរួមចំនួន ១៧០នាក់ មកពីសាលារដ្ឋ និងឯកជន​ចំនួន ១៦នៅទូទាំងខេត្ត។ 
  

លទ្ធផលសិស្សពូកែទូទាំងខេត្តកំពង់ឆ្នាំង
 
ការ​ប្រឡង​សិស្សពូកែទូទាំងខេត្ត​កំពង់ឆ្នាំង បាន​រក​ឃើញ​ជ័យលាភីចំនួន ១៨នាក់ សម្រាប់​ចូលរួម​ប្រឡង​សិស្សពូកែទូទាំង​ប្រទេស​នៅខេត្ត​បាត់ដំបង នា​ថ្ងៃទី១២ មិថុនាខាងមុខ។ បើតាម​សេចក្ដី​សម្រេច​ស្ដីពី​ការ​ទទួល​ស្គាល់​សិស្ស​ពូកែ​ទូទាំងខេត្ត​កំពង់ឆ្នាំង​របស់​មន្ទីរអប់រំចេញផ្សាយ​នៅ​ព្រឹកថ្ងៃទី៧ មេសានេះ ក្នុង​ចំណោមជ័យលាភី ១៨រូប មានសិស្ស​វិទ្យាល័យព្រះបាទសុរាម្រឹត ១៧រូប និង​សិស្ស​មកពី​អនុ​វិទ្យាល័យពន្លៃចំនួន ១រូប។
 
លោកស្រី លឿង បញ្ញាវុឌ្ឍ នាយិកាស្ដីទីវិទ្យាល័យព្រះបាទសុរាម្រឹត លើកឡើងថា សិស្ស​វិទ្យាល័យនេះ ​តែង​ចូលរួម​ប្រឡង​សិស្ស​ពូកែជារៀង​រាល់ឆ្នាំ ប៉ុន្តែឆ្នាំនេះ មានសិស្សពូកែប្រឡងជាប់ច្រើន។ លោកស្រី បង្ហាញ​ក្ដី​រីករាយដូច្នេះ៖«ខ្ញុំ​សប្បាយចិត្ត​ និង​មោទកភាព​។ កូនសិស្សទាំង​អស់ ជា​កូន​របស់​ខ្ញុំ​ ទឹកចិត្ត​របស់ខ្ញុំគឺបែបនេះ។ លោកគ្រូ អ្នកគ្រូ​របស់ខ្ញុំ​ក៏​ដូចគ្នា​ដែរ គឺ​សប្បាយចិត្ត​ទាំងអស់គ្នា»។ 


លោកស្រី លឿង បញ្ញាវុឌ្ឍ នាយិកាស្ដីទីវិទ្យាល័យព្រះបាទសុរាម្រឹត។ រូបភាពពីហ្វេសប៊ុកវិទ្យាល័យព្រះបាទសុរាម្រឹត
 
នៅពេលចេញ​លទ្ធផលឃើញវិទ្យាល័យព្រះបាទសុរាម្រឹត មាន​សិស្សជាប់ច្រើន លោកស្រី បញ្ញាវុឌ្ឍ ភ្ញាក់ផ្អើលខ្លាំង​ ចំពោះ​ការ​ខិតខំ​របស់សិស្ស​ និង​គ្រូ នាពេល​កន្លងមក។ «ខ្ញុំ​មាន​ជំនឿ​ជឿ​ជាក់ ថា​សិស្ស​របស់ខ្ញុំ​អាច​ទទួល​បាន​ជ័យ​លាភី​ទូទាំងប្រទេស។ ​ជា​រៀង​រាល់ឆ្នាំ​ សិស្ស​របស់​ខ្ញុំ តែង​មាន​ជា​និច្ច ឆ្នាំ​ទៅ​ក៏​មាន​ដែរ»។ នេះ​ជា​ក្ដី​សង្ឃឹម​របស់​នាយិកាស្ដីទី​ ពីការ​ទទួលបាន​ជ័យ​លាភី​សិស្ស​ពូកែនៅ​ទូទាំងប្រទេស។​
 
បើតាម​លោកស្រី បញ្ញាវុឌ្ឍ កត្តា​នាំ​ឱ្យ​វិទ្យាល័យព្រះបាទសុរាម្រឹតមាន​សិស្សពូកែច្រើន កើត​ឡើង​តាមរយៈការ​សម្រួចសិស្សតាំង​ពី​ថ្នាក់ទី៧មកម៉្លេះ។ លើសពីនេះ លទ្ធផលដែលទទួលបាន​នៅពេលនេះ កើត​ចេញ​ពី​ការ​ប្រឹង​ប្រែង​របស់​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និង​អាណាព្យាបាល​។ 
 
លោក ស៊ឹម ប្រិម ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​កំពង់ឆ្នាំង បាន​ឱ្យសារព័ត៌មាន​ថ្មីៗដឹងថា៖ «តាមពិតទៅ គេ​បាន​បណ្ដុះ​បណ្ដាល​សិស្សទាំង​នោះ តាំងពីថ្នាក់ទី៧មកម៉្លេះ។ ដូច្នេះសិស្ស​ខិត​ខំ​ប្រឹង​ប្រែង​រៀនសូត្រ​ និង​មកពីការ​​ទំនុក​បម្រុង​របស់​អាណាព្យាបាល​ផង»។ 


លោក ស៊ឹម ប្រិម ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្ត​កំពង់ឆ្នាំង។ រូបភាពពី​ហ្វេសប៊ុក​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្ត​កំពង់ឆ្នាំង​
 
ត្បិត​សាលា​មួយចំនួន មិន​បាន​ជាប់ជ័យលាភីទូទាំងខេត្ត ប៉ុន្តែប្រធាន​មន្ទីរអប់រំខេត្តកំពង់ឆ្នាំង មើល​ឃើញ​​សិស្សបាន​ខំប្រឹងប្រែងដូចគ្នា គ្រាន់តែសិស្សនៅទីក្រុង​អាច​រៀនបាន​ច្រើនជាង។​ ប្រធាន​មន្ទីរ​អប់រំរូបនេះ សង្ឃឹមថា ឆ្នាំនេះ សិស្សនឹងទទួលបាន​មេដាយច្រើនជាង​ឆ្នាំមុនផងដែរ។
 
សូម​បញ្ជាក់ថា កាលឆ្នាំ​២០២២ ខេត្ត​កំពង់ឆ្នាំង មាន​សិស្ស​ប្រឡងជាប់សិស្ស​ពូកែទូទាំង​ប្រទេសចំនួន ៥នាក់ ក្នុង​នោះ​សិស្ស​វិទ្យាល័យព្រះបាទសុរាម្រឹតមានចំនួន ២នាក់, វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង ១នាក់, វិទ្យាល័យ​ ហ៊ុន សែន រលាប្អៀង ១នាក់ និង​អនុវិទ្យាល័យ​ទន្លេ​ក្រៅ ១នាក់៕ 
 

Tag:
 អប់រំ
  សិស្ស​ពូកែ
  កំពង់ឆ្នាំង​
© រក្សាសិទ្ធិដោយ thmeythmey.com