ជាតិ
សម្ដេច ហ៊ុន សែន ស្នើឱ្យបង្កើតវង់ភ្លេងពិណពាទ្យ នៅគ្រប់វត្តអារាម
08, Apr 2023 , 10:39 am        
រូបភាព
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ រូបពី ហ្វេសប៊ុកសម្ដេច ហ៊ុន_ សែន
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ រូបពី ហ្វេសប៊ុកសម្ដេច ហ៊ុន_ សែន
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ស្នើឱ្យមានវង់ភ្លេងពិណពាទ្យគ្រប់វត្តអារាម ដើម្បីរក្សាប្រពៃណី វប្បធម៌ ភ្លេងមួយនេះ ដល់ជំនាន់ក្រោយបានយល់ដឹងកាន់តែច្រើន។

 
នៅក្នុងពិធីជួបសំណេះសំណាលជាមួយ អាចារ្យ អាចារិនី​ នៅកោះពេជ្រ នៅថ្ងៃទី៨មេសា សម្ដេច ហ៊ុន សែន បានចាត់ទុកទីវត្តអារាមជាកន្លែងរក្សាសម្បត្តិវប្បធម៌ជាតិ ខណៈសព្វថ្ងៃកម្ពុជា មានវត្តអារាមប្រមាណ៥០០០វត្ត។ 
 
«កាលពីថ្ងៃទី២មីនា ខ្ញុំបានស្នើសុំឱ្យតាមទីវត្តអារាមនានា មានភ្លេងពិណពាទ្យគ្រប់វត្ត»។ សម្ដេច ហ៊ុន សែន លើកឡើងបែបនេះ ហើយសង្ឃឹមថា សប្បុរសជននឹងចែករំលែកជួយឱ្យវត្តនានា មានវង់ភ្លេងពិណពាទ្យគ្រប់វត្តអារាម។ 
 
ជាមួយគ្នាដែរ សម្ដេច ហ៊ុន សែន បានលើកឡើងថា វង់ភ្លេងពិណពាទ្យនេះ មិនមានតម្លៃថ្លៃខ្លាំងនោះទេ។ ដូច្នេះ បើមានការចូលរួមគ្នាដាក់ ឬផ្ដួចផ្ដើមឱ្យមានគ្រប់វត្ត ក្មេងៗនឹងចេះលេងភ្លេងពិណពាទ្យបានច្រើន ហើយបន្តគ្នាដល់ជំនាន់ក្រោយទៀត។ 
 
ដូនតាខ្មែរបន្សល់ទុកសម្បត្តិវប្បធម៌សម្បូរបែប ហើយក្នុងនោះ ទីវត្តអារាមបានដើរតួនាទីរក្សាវប្បធម៌ជាតិដ៏រឹងមាំ។ ជាក់ស្ដែង ដូចជា ទូកង ស្គរ គងតូច និងគងធំជាដើម សុទ្ធតែរក្សាទុកនៅទីវត្តអារាម។ ដូច្នេះវត្តជាកន្លែងនៃអត្តសញ្ញាណវប្បធម៌ជាតិ ហើយរក្សាទុកសម្បត្តិវប្បធម៌ដ៏ទៃទៀតផងដែរ។ នេះបើតាមសម្ដេច ហ៊ុន សែន៕
 

Tag:
 វត្តអារាម
  ពិណពាទ្យ
© រក្សាសិទ្ធិដោយ thmeythmey.com