ជាតិ
សម្ដេច ហ៊ុន សែន ផ្ដាំទៅអាចារ្យ កុំឲ្យជៀតជ្រែក កិច្ចការព្រះសង្ឃ
08, Apr 2023 , 2:39 pm        
រូបភាព
សម្ដេច ហ៊ុន សែន នៅក្នុងពិធីជួបសំណេះសំណាលជាមួយ អាចារ្យ អាចារិនីថ្ងៃទី៨មេសា។ រូបពី ហ្វេសប៊ុកសម្ដេច ហ៊ុន សែន
សម្ដេច ហ៊ុន សែន នៅក្នុងពិធីជួបសំណេះសំណាលជាមួយ អាចារ្យ អាចារិនីថ្ងៃទី៨មេសា។ រូបពី ហ្វេសប៊ុកសម្ដេច ហ៊ុន សែន
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ប្រាប់ទៅអាចារ្យ កុំឱ្យជៀតជ្រែត កិច្ចការព្រះសង្ឃច្រើនពេក ហើយងាកទៅបំពេញតួនាទី រក្សាក្រមសីលធម៌ ដើម្បីជាគំរូដល់ពុទ្ធបរិស័ទ។

សម្ដេច ហ៊ុន សែន នៅក្នុងពិធីជួបសំណេះសំណាលជាមួយ អាចារ្យ អាចារិនី​ថ្ងៃទី៨មេសានេះ បានកត់សម្គាល់ឃើញជម្លោះភាគច្រើន នៅទីវត្តអារាម គឺកើតឡើងដោយសារ អាចារ្យ ពុំត្រូវគ្នាជាមួយព្រះសង្ឃ ពិសេសរឿងកាន់កាប់ថវិកា។ 
 
ហេតុនេះ នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ទៅកាន់ អាចារ្យថា៖ «សូមផ្ដាំផ្ញើ អាចារ្យៗសូមកុំជៀតជ្រែកកិច្ចការ របស់ព្រះសង្ឃច្រើនពេក! កន្លែងខ្លះអាចារ្យ ទាស់ជាមួយចៅអធិការ ហើយទាស់ផ្ដើមចេញពីអ្វី! គឺផ្ដើមចេញពីរឿងបញ្ហានាំគ្នាកាន់កាប់ថវិកាហ្នឹងឯង ភាគច្រើនតែប៉ុណ្ណឹង! »។ 
 
ពាក់ព័ន្ធនឹងជម្លោះក្នុងវត្តអារាមនេះ សម្ដេច ក៏កត់សម្គាល់ឃើញដែរ ការបង្កើតវត្តថ្មី នៅក្បែរៗគ្នា ភាគច្រើនក៏កើតឡើងដោយសារភាពមិនចុះសម្រុងគ្នារវាង ព្រះសង្ឃនិងព្រះសង្ឃ រួមទាំងព្រះសង្ឃនិងអាចារ្យផងដែរ។ ដូច្នេះ សម្ដេចបន្ថែមថា៖ «សុំមេត្តាយោគយល់គ្នា…។ ហើយអាចារ្យត្រូវគោរពឋានានុក្រម»។ បើតាមសម្ដេច​ ការយោគយល់គ្នា គឺជាគំរូដល់ពុទ្ធបរិស័ទ។ 
 
ទន្ទឹមនឹងនេះ សម្ដេច ណែនាំឱ្យ ក្រសួងធម្មការ និងសាសនា ​ត្រូវបន្តរៀបចំបណ្ដុះបណ្ដាល ស្ដីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យ ដើម្បីបំពេញតម្រូវការរបស់ប្រជាពុទ្ធបរិស័ទ។ ជាមួយគ្នាដែរ ក្រសួងត្រូវយកចិត្តទុកដាក់ រៀបចំចងក្រង និងដំណើរការសហគមន៍ខ្មែរ ឱ្យបានទូលំទូលាយនៅទូទាំងប្រទេស។ ចំណែក អាចារ្យត្រូវរួមគ្នា សហការជាមួយគណៈសង្ឃ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់​ បំពេញភារកិច្ច ដើម្បីរួមចំណែកទ្រង់ទ្រព្រះពុទ្ធសាសនា ហើយត្រូវពង្រឹងការថែរក្សាក្រមសីលធម៌ គុណធម៌ ជៀសវាងរើងអើងឬប្រកាន់វណ្ណៈ៕ 
 

Tag:
 អាចារ្យ
  ព្រះសង្ឃ
© រក្សាសិទ្ធិដោយ thmeythmey.com