ជាតិ
សមត្ថកិច្ច ជួយចិន៤នាក់ ដែលចាញ់បោកមេខ្យល់ មកធ្វើការងារនៅខ្មែរ
08, Apr 2023 , 5:09 pm        
រូបភាព
ជនរងគ្រោះចិនទាំង៤នាក់ ដែលសមត្ថកិច្ចជួយសង្គ្រោះពីករណីឆបោកនៅព្រះសីហនុ។ រូបពីហ្វេសប៊ុក សម្ដេច ស ខេង
ជនរងគ្រោះចិនទាំង៤នាក់ ដែលសមត្ថកិច្ចជួយសង្គ្រោះពីករណីឆបោកនៅព្រះសីហនុ។ រូបពីហ្វេសប៊ុក សម្ដេច ស ខេង
ភ្នំពេញ៖ បុរសជនជាតិ៤នាក់ ត្រូវសមត្ថកិច្ចជួយសង្គ្រោះនៅខេត្តព្រះសីហនុ តាមពាក្យបណ្ដឹងរបស់ពួកគេ ដែលស្នើសុំអន្តរាគមន៍តាមទំព័រហ្វេសប៊ុករបស់សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ចិនទាំង៤នាក់នោះ សុទ្ធតែមានវ័យចន្លោះជាង២០ឆ្នាំ ត្រូវបានជនជាតិចិនដូចគ្នា បោកបញ្ឆោតឱ្យមកធ្វើការនៅកម្ពុជា។ ជនឆបោកនោះ ឱ្យពួកគេធ្វើការខុសពីការសន្យា។ នេះបើតាមព័ត៌មានពីទំព័រហ្វេសប៊ុកសម្ដេច ស ខេង។ 
 
កិច្ចចុះអន្តរាគមន៍នេះ បានធ្វើឡើងបន្ទាប់ពីជនរងគ្រោះសរសេរពាក្យបណ្ដឹង ចូលទំព័រហ្វេសប៊ុកសម្ដេច ស ខេង ចាប់ពីថ្ងៃទី២៨មីនា។ ក្រោយការស្រាវជ្រាវឃើញជនរងគ្រោះទាំង៤នាក់ បានចូលមកកម្ពុជា កាលពីថ្ងៃទី២៨កម្ភៈ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងគោលបំណងមកធ្វើការងារជាចុងភៅនៅខេត្តព្រះសីហនុ។ ក្រុមជនឆបោក សន្យាផ្តល់ប្រាក់១៤.០០០ទៅ១៥,០០០យ័ន ដល់ជនរងគ្រោះ រួមទាំងរៀបចំថ្លៃធ្វើដំណើរផងដែរ។  
 
លុះជនរងគ្រោះដល់កម្ពុជា បែរជាត្រូវធ្វើការតាមអនឡាញ ខុសពីគោលបំណងដើមជាចុងភៅទៅវិញ ទើបពួកគេដាក់ពាក្យប្តឹង ដើម្បីសុំជួយអន្តរាគមន៍។ បន្ទាប់មកនៅចុងខែមីនា សមត្ថកិច្ចក៏ចុះទៅនាំខ្លួនជនរងគ្រោះ ហើយនាំចេញពីក្រុមហ៊ុននោះ ទៅកាន់ស្នងការខេត្តព្រះសីហនុ។ 
 
ជុំវិញការទប់ស្កាត់ ករណីឆបោក និងជួញដូរមនុស្សនេះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានដាក់ចេញផែនការ ប្រតិបត្តិការ ,បង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ព្រមទាំងបានបង្កើត គណៈបញ្ជាការដឹកនាំប្រតិបត្តិការ ដើម្បីធ្វើជាសេនាធិការក្នុងការដឹកនាំ និងបញ្ជា ដោយផ្ទាល់នូវប្រតិបត្តិការបង្ក្រាប និងជួយសង្គ្រោះជនរងគ្រោះផងដែរ។ 
 
ករណីនេះដែរ សម្ដេច ស ខេង ក៏បានអំពាវនាវសាធារណជនជាតិ-អន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្តាប្រទេសពាក់ព័ន្ធ សហការផ្តល់ព័ត៌មានពាក់ព័ន្ធអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។
 
សូមជម្រាបថា គិតចាប់ពីថ្ងៃទី១៨សីហា ឆ្នាំ២០២២ ដល់ថ្ងៃទី៦មេសា មានពាក្យបណ្ដឹងសុំកិច្ចអន្តរាគមន៍៨៣០ករណី។ ពាក្យបណ្ដឹងទាំងនេះ សមត្ថកិច្ចបានរកឃើញមនុស្ស២ ០៩៤នាក់ ស្មើនឹង១៦សញ្ជាតិ ភាគច្រើនជនជាតិចិន វៀតណាម និងឥណ្ឌូណេស៊ី។ បណ្ដឹងទាំងអស់ បានប្ដឹងចូលទំព័រហ្វេសប៊ុកសម្ដេច ស ខេង , អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍៕ 
 

Tag:
 សង្គម
  ឆបោក
© រក្សាសិទ្ធិដោយ thmeythmey.com