ជាតិ
អាជ្ញាធរត្រៀមកម្លាំងជិត១ម៉ឺននាក់ ដើម្បីការពារក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត
09, Apr 2023 , 11:20 am        
រូបភាព
សៀមរាប៖ សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) នឹងរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តខួប១០ឆ្នាំ ថ្មី ដែលរំពឹងថា នឹងមានមនុស្សរាប់ម៉ឺននាក់ចូលមកខេត្តសៀមរាប។ ក្នុងព្រឹត្តិការណ៍ដ៏ធំនេះ កម្លាំងសមត្ថកិច្ចជិត១ម៉ឺននាក់ ត្រៀមសម្រាប់ការការពារពលរដ្ឋ។

 
ស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោក តេង ច័ន្ទណាត បានប្រាប់សារព័ត៌មានថ្មីៗថា អាជ្ញាធរបានត្រៀមកម្លាំងសរុប ៩,០៨៩នាក់ មកពី១៥ស្ថាប័ន និងអង្គភាព សម្រាប់ការការពារ ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ មេសា។ ក្នុងនោះ កម្លាំងបញ្ជាការឯកភាព របស់រដ្ឋបាលខេត្តសៀមរាបមានចំនួនជាង៣ពាន់នាក់។ 
 


ជាមួយគ្នានោះ កម្លាំងសមត្ថកិច្ចចម្រុះ នឹងដាក់ពង្រាយតាមគោលដៅសំខាន់ៗចំនួន៦ រួមមាន ខាងមុខព្រះលានជល់ដំរី ប្រាសាទបាយ័ន សួនច្បារមុខប្រាសាទអង្គរវត្ត តំបន់អង្គរឃ្យុងយូផ្លូវ៦០ម៉ែត្រ  សួរច្បារព្រះរាជដំណាក់ នៅសងខាងមាត់ស្ទឹងសៀមរាបពីស្ពានថ្មព្រះរាជដំណាក់ ដល់ស្ពានថ្មវត្តដំណាក់ និងតំបន់ផាប់ស្រ្ទីត។
 
គេរំពឹងថា ទេសចរនឹងសម្រុកមកលេងខេត្តសៀមរាបច្រើន កំឡុងពេលព្រឹត្តិការណ៍អង្គរសង្រ្កាន្តនេះ។ ជាមួយនោះក៏មានការគិតគូរពីបញ្ហាកកស្ទះចរាចរណ៍ផងដែរ។ បញ្ហានេះ លោក តេង ច័ន្ទណាត បានឱ្យដឹងថា ដើម្បីសម្រួលបញ្ហានេះ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបង្កើនការផ្សព្វផ្សាយ​នានា តាមរយៈឧឃោសនសព្ទ ប៉ុស្ដិ៍វិទ្យុ ទូរទស្សន៍ ផ្សព្វផ្សាយដោយផ្ទាល់របស់សមត្ថកិច្ច​តាមគោលដៅ​នានា តាមទីតាំងប្រារព្ធពិធី និងកន្លែងចំណតជាដើម។ ជាមួយនោះ បង្កើនកម្លាំងតាមបណ្ដាគោលដៅ​បញ្ជា​សម្រួលចរាចរណ៍ និងបញ្ជៀសចរាចរណ៍ឱ្យទៅតាមផ្លូវទាំង ៣៨ខ្សែ ដែលមានសភាពទូលាយ។
 
ជាមួយនឹងការរំពឹងនឹងទទួលបានភាពសប្បាយរីករាយក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តនេះដែរ លោក តេង ច័ន្ទណាត ស្នើឱ្យសាធារណជនទាំងអស់ ត្រូវបើកបមានការប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ គោរពតាមសញ្ញាបញ្ជា និងការណែនាំរបស់សមត្ថកិច្ច មានការយោគយល់ និងអធ្យាស្រ័យអនុគ្រោះ ដល់គ្នាទៅវិញទៅមក និងថែរក្សាអនាម័យឱ្យបានគ្រប់ៗគ្នា៕
 
 
 
 

Tag:
 អង្គរសង្រ្កាន្ត២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com