ជាតិ
ចូលឆ្នាំខ្មែរ៖ ក្រសួងក្រើនរំលឹកដល់ពលរដ្ឋឱ្យប្រយ័ត្នលើករណីផ្កាសាយបក្សី និងពុលស្រា
09, Apr 2023 , 3:09 pm        
រូបភាព
ភ្នំពេញ៖ ក្រសួងសុខាភិបាល អំពាវនាវឱ្យពលរដ្ឋប្រុងប្រ័ត្ន លើករណីផ្កាយសាយបក្សី ពុលអាហារ ពិសេសស្រា ឱ្យបានខ្ពស់ ព្រោះរាល់ឆ្នាំ តែងតែមានអ្នករងគ្រោះ។

 
ពលរដ្ឋទិញនិងចរាចរនូវបសុបក្សីជាច្រើន នៅអំឡុងពេលចូលឆ្នាំខ្មែរ។ ដូច្នេះ វាអាចមានហានិភ័យនៃការចម្លងវីរុសផ្កាសាយបក្សី ដែលជាប់មានលើសត្វនិងក្នុងបរិស្ថាន ទៅមនុស្សបានគ្រប់ពេលពេលវេលា។ នេះបើតាម សេចក្ដីណែនាំក្រើនរំលឹករបស់ក្រសួងសុខាភិបាល ។
 
ក្រសួងក៏សង្កេតឃើញដែរថា អំឡុងពេលបុណ្យទាន ពិសេសចូលឆ្នាំប្រពៃណី គឺមានការជួបជុំពិសារអាហារស្ទើគ្រប់កន្លែង។ ការជួបជុំគ្នាបរិភោគ ក៏ឃើញមានករណីពុលចំណីអាហារឬពុលស្រា កើតមាននៅតាមតំបន់មួយចំនួន។ 
 
«ដូច្នេះ សូមបងប្អូនយើងទាំងអស់គ្នា ចាំបាច់ត្រូវបង្កើននូវការប្រុងប្រយ័ត្ន
ខ្ពស់ ដោយបុគ្គលម្នាក់ៗត្រូវខិតខំថែរក្សាសុខភាពឱ្យបានល្អប្រសើរ និងចៀសវាងការពុលចំណីអាហារនៅគ្រប់កាលៈទេសៈ»។ ក្រសួងសរសេរដាក់តឿនបែបនេះ ។
 
ក្រសួងសង្កត់ធ្ងន់យ៉ាងដូច្នេះ៖ «សូមចៀសវាងការយកស្រា ស ឬស្រាផ្សេងៗ ទៅលាយជាមួយស្រាផ្សេងទៀត ឬជាមួយភេសជ្ជៈណាមួយទៀត ដែលយើងមិន
បានដឹងពីប្រតិកម្មរបស់វា ដែលបង្កឱ្យពុល និងអាចមានគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ»។ 
 
ក្នុងលិខិតណែនាំដដែល លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អំពាវនាវឱ្យពលរដ្ឋ បន្តការប្រុងប្រយ័ត្នផ្ទាល់ជាប្រចាំ ទាំងការរស់នៅជាប្រចាំថ្ងៃ រួមទាំងរដូវបុណ្យទាន ពីការឆ្លងវីរុសកូវីដ-១៩ ជំងឺផ្តាសាយបក្សី ពុលស្រា អាហារ និងជំងឺផ្សេងៗ។ 
 
ដើម្បីបន្តចៀសផុតការផ្ទុះឡើងវិញនូវការរាតត្បាតវីរុសកូវីដ-១៩ ផ្កាសាយបក្សី និងជំងឺឆ្លងផ្សេងទៀត ក្រសួងណែនាំឱ្យ រក្សាអនាម័យ លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ បន្ទាប់ពីការប៉ះពាល់សត្វ 
ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ។ ជាមួយគ្នាដែរ ត្រូវជៀសវាងប្រជ្រៀតគ្នានៅពេលទិញម្ហូបអាហារ ទិញសាច់ ឬបសុបក្សីរស់ រួមទាំងសម្ភារៈនានា។ 
 
ករណី សង្ស័យថា មានឆ្លងវីរុសផ្តាសាយបក្សី ដោយមានរោគសញ្ញាទូទៅរួមមាន គ្រុនក្ដៅលើសពី ៣៨.៥ អង្សាសេ ក្អកពិបាកដកដង្ហើម និងមានប្រវត្តិប៉ះពាល់បសុបក្សីឈឺ ឬស្លាប់ ក្នុងអំឡុង១៤ថ្ងៃ មុនចេញរោគសញ្ញា ត្រូវប្រញាប់ទៅកាន់មន្ទីរពេទ្យ ដែលនៅជិតផ្ទះ។ ក្រុមអ្នកដែលមានហានិភ័យខ្ពស់នៃការចម្លងជំងឺ ដូចជាជនចាស់ជរា ជនមានជំងឺប្រចាំកាយ និងស្ត្រីមានផ្ទៃពោះ។ 
 
ក្រសួងក៏បានប្រាប់ទៅ អាជ្ញាធរតាមមូលដ្ឋាន ឱ្យចាត់កម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំការអនុវត្តវិធានការការពារខាងលើ តាមកសិដ្ឋាន ទីផ្សារលក់បសុបក្សីរស់ ដោយមានការត្រួតពិនិត្យការអនុវធានការការពារឱ្យបានហ្មត់ចត់
ដើម្បីជៀសផុតពីការផ្ទុះចេញនូវជំងឺផ្ដាសាយបក្សីក្នុងសហគមន៍។
 
អាជ្ញាធរ ក៏ត្រូវត្រួតពិនិត្យទីតាំងបិទស្រា ស ឬផលិតស្រា ស ហើយអ្នកផលិតស្រា ត្រូវធានានូវការអនុវត្តន៍តាមក្បួនបច្ចេកទេសត្រឹមត្រូវ ដោយមិនយកសារធាតុមេតាណុល មកលាយធ្វើជាស្រា ផ្តេសផ្តាសនោះឡើយ។ ទាក់ទិននឺងករណីចំណីអាហារនេះ ពលរដ្ឋដាច់ខាតមិនត្រូវទិញផលិត ឬបរិភោគស្រា ដែលមិនមានប្រភពផលិតច្បាស់លាស់ និងមិនគោរពតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ឬយកមេតាណុលមកលាយធ្វើជាស្រាឡើយ ព្រោះអាចបង្កឱ្យមានការពុលរហូតដល់ស្លាប់បាត់បង់ជីវិត៕ 
 
 

Tag:
 ផ្កាសាយបក្សី
  ពុលស្រា
© រក្សាសិទ្ធិដោយ thmeythmey.com