ជាតិ
ចៅក្រម និងព្រះរាជអាជ្ញា មានអាយុ៦០ឆ្នាំ អាចពន្យារពេលចូលនិវត្តន៍
09, Apr 2023 , 8:59 pm        
រូបភាព
សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ។ រូបពីហ្វេសប៊ុក សាលាឧទ្ធរណ៍
សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ។ រូបពីហ្វេសប៊ុក សាលាឧទ្ធរណ៍
ភ្នំពេញ៖ ចៅក្រម និងព្រះរាជអាជ្ញា ដល់អាយុ៦០ឆ្នាំ ត្រូវចូលនិវត្តន៍ គឺអាចដាក់ស្នើសុំពន្យារពេលបន្តទៀត រហូតដល់អាយុ៦៥ឆ្នាំ។ នេះបើយោងតាម ព្រះរាជក្រឹត្យ ស្ដីពី បទប្បបញ្ញត្តិអន្តរកាលសម្រាប់ការពន្យារពេលនៃការចូលនិវត្តន៍ និងការបន្តការងារ របស់ចៅក្រមនៃសាលាឧទ្ធរណ៍ និងព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍។

ព្រះរាជក្រឹត្យនេះ បានបញ្ជាក់ថា ការកំណត់ឱ្យមានការពន្យារពេល និងបន្តការងាររបស់ចៅក្រម និងព្រះរាជអាជ្ញានៅសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ ធ្វើឡើងដើម្បីដោះស្រាយបញ្ហាចំពោះមុខ គឺភាពខ្វះខាតចំនួនចៅក្រម និងព្រះរាជអាជ្ញា។ ជាមួយគ្នាដែរ គឺធានានិរន្តរភាពនៃកិច្ចដំណើរការរបស់ស្ថាប័នតុលាការ និងអង្គការអយ្យការ។ 
 
ជាទូទៅ ចៅក្រមនិងព្រះរាជអាជ្ញា ចូលនិវត្តន៍នៅអាយុ៦០ឆ្នាំ។ ប៉ុន្តែ ចាប់ពីព្រះរាជក្រឹត្យចេញថ្ងៃទី៨មេសានេះទៅ គឺពួកគេអាចដាក់ពាក្យស្នើសុំពន្យារពេល និងបន្តការងារបាន។ ចំពោះ លក្ខខណ្ឌក្នុងការពន្យារពេល គឺត្រូវស្នើសុំមួយឆ្នាំម្ដងៗ ហើយស្នើទៅខាងអគ្គលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ឱ្យបានយ៉ាងតិច៦០ថ្ងៃ មុនដល់អាយុចូលនិវត្តន៍។ យ៉ាងណាក្ដី ការពន្យារពេលនេះ គឺមិនឱ្យពន្យារលើសអាយុ៦៥ឆ្នាំឡើយ។ 
 
ចំពោះការអនុញ្ញាតឱ្យពន្យារពេលចូលនិវត្តន៍ និងបន្តការងារ ត្រូវផ្អែកលើសមត្ថភាពការងារ គុណសម្បត្តិ និងស្នាដៃការងារ ដែលបម្រើឱ្យវិស័យយុត្តិធម៌ ព្រមទាំងសុខភាព និងសម្បទាវិជ្ជាជីវៈ៕ 
 

Tag:
 ព្រះរាជក្រឹត្យ
  ព្រះរាជអាជ្ញាធ
  ចៅក្រម
© រក្សាសិទ្ធិដោយ thmeythmey.com