ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីអប់រំបង្គាប់ឲ្យពិនិត្យសៀវភៅថ្នាក់បឋមឡើងវិញ ដើម្បីកុំឲ្យសិស្សច្រឡំរវាងភាសា «ខ្មែរនិងបាលី»
10, Apr 2023 , 2:52 pm        
រូបភាព
សាលាបឋមសិក្សាមួយកន្លែងក្នុងរាជធានីភ្នំពេញ
សាលាបឋមសិក្សាមួយកន្លែងក្នុងរាជធានីភ្នំពេញ
ដោយ៖ ទេពញាណ 

លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឲ្យមន្រ្តីពាក់ព័ន្ធ នាំគ្នាត្រួតពិនិត្យឡើងវិញនូវសៀវភៅពុម្ពនៅថ្នាក់បឋមសិក្សា ដោយព្យាយាមប្តូរពីពាក្យបាលី មកជាពាក្យខ្មែរ ដើម្បីកុំឲ្យសិស្សានុសិស្សយល់ច្រឡំរវាងភាសាទាំង២នេះ។ លោករដ្ឋមន្រ្តី អះអាងថា ពេលចុះទៅតាមសាលារៀន លោក សង្កេតឃើញមានសិស្សានុសិស្សយល់ច្រឡំរវាងភាសាខ្មែរនិងភាសាបាលី។



ក្នុងសន្និបាតស្តីពីការបូកសរុបលទ្ធផលការងារឆ្នាំ២០២២របស់ក្រសួងអប់រំ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ លោក ហង់ជួន ណារ៉ុន ផ្តល់ការណែនាំដូច្នេះថា៖«នាយកដ្ឋានបឋមសិក្សា ត្រូវដាក់ចេញគោលការណ៍ពិនិត្យឡើងវិញនូវសៀវភៅសិក្សា។ កន្លែងណា ដែលបាលី យើងធ្វើជាខ្មែរទៅ ដើម្បីកុំឲ្យថា នៅសាលាអានជាបាលី ដល់ពេលចេញក្រៅអានជាខ្មែរ។ […] បើក្នុងថ្នាក់រៀនផ្សេង ហើយទៅក្រៅផ្សេង គឺសិស្សនឹងច្រឡំ»។ 




 
លោក ហង់ជួន ណារ៉ុន រៀបរាប់សង្ខេបពីប្រវត្តិភាសាខ្មែរថា ភាសាខ្មែរបុរាណ ចាប់ផ្តើមពីភាសាសំស្ក្រឹត ភាសាខ្មែរកណ្តាល គឺគិតចាប់ពីក្រោយសម័យអង្គរមក ហើយឈានចូលដល់សតវត្សរ៍ទី១៨និងទី១៩ គឺជាដំណាក់កាលភាសាខ្មែរទំនើប។ លោក ពន្យល់ថា ភាសាខ្មែរទំនើប មានកម្ចីពីភាសាបាលីនិងភាសាសំស្ក្រឹតជាច្រើន ជាពិសេសភាសាបាលី។ លោក បញ្ជាក់ថា ថ្វីដ្បិតក្នុងភាសាខ្មែរ មានកម្ចីពីភាសាបាលី-សំស្ក្រឹត តែត្រូវអានជាភាសាខ្មែរ។ 
 
លោក ហង់ជួន ណារ៉ុន ថ្លែងក្នុងសន្និបាតស្តីពីការបូកសរុបលទ្ធផលការងារឆ្នាំ២០២២របស់ក្រសួងអប់រំ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣។

ប្រជាជនខ្មែរដឹងថា ភាសាខ្មែរ មានកម្ចីពីភាសាបាលីនិងភាសាសំស្រ្កឹតជាច្រើន។ មិនមែនតែសិស្សានុសិស្សនៅថ្នាក់បឋមសិក្សាឡើយ សូម្បីតែសិស្សានុសិស្សនៅថ្នាក់វិទ្យាល័យ ឬនិស្សិតនៅមហាវិទ្យាល័យ ឬរហូតដល់អ្នកដែលរៀនថ្នាក់ខ្ពស់ជាងនេះ ក៏នៅតែអាចយល់ច្រឡំរវាងពាក្យខ្មែរ ពាក្យបាលី និងពាក្យសំស្រ្តឹតដែរ។ 
 
ឧទាហរណ៍៖ ពាក្យ វិជ្ជា និងវិទ្យា។ អ្នកខ្លះ​ មិនអាចបែងចែកបានឡើយថា ពាក្យទាំង២នេះ ជាខ្មែរ ឬជាបាលី-សំស្ក្រឹត ហើយបើជាបាលី-សំស្ក្រឹត ពាក្យមួយណាជាបាលី និងពាក្យមួយណា ជាសំស្ក្រឹត។ គេ ថែមទាំងអាចយល់ច្រឡំទៀតថា ពាក្យ​វិជ្ជា និង វិទ្យា​ មានន័យ​ខុសគ្នា។ 
 
តាម​ការពិត គ្មាន​ឡើយ​ភាពខុសគ្នា​រវាង​ពាក្យ វិជ្ជា និង វិទ្យា​​។ ពាក្យ​វិជ្ជា និង វិទ្យា​ មានន័យថា ការចេះដឹង ឬ ចំណេះដឹង ដូច​តែ​គ្នា​ទេ គ្រាន់តែ ពាក្យ​វិជ្ជា​ សរសេរ​តាមបែប​បាលី ចំណែកឯ ពាក្យ​វិទ្យា​ សរសេរ​តាមបែប​សំស្ក្រឹត។ 
 
លុះត្រាតែព្រះសង្ឃ ដែលរៀនសូត្រជ្រៅជ្រះផ្នែកភាសាបាលី-សំស្ក្រឹត ឬបើជាគ្រហស្ថ លុះត្រាតែជាអ្នករៀនជំនាញផ្នែកភាសាវិទ្យា ទើបអាចបែងចែកបានថា ពាក្យណាជាខ្មែរ ពាក្យណាជាបាលី ហើយពាក្យណាជាសំស្ក្រឹត។ គ្រហស្ថជាអ្នកជំនាញផ្នែកភាសាវិទ្យានេះទៀតសោត លុះត្រាសិក្សាស្រាវជ្រាវពីភាសាបាលី-សំស្ក្រឹតផងដែរ ទើបអាចយល់និងបែងចែកបានរវាងភាសាខ្មែរ ភាសាបាលី និងភាសាសំស្ក្រឹតនេះ៕ 
 

Tag:
 ភាសាបាលី
  ភាសាខ្មែរ
  ហង់ជួន ណារ៉ុន
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com