កីឡាជាតិ
ជាតិ
ក្លិប Tiffy Army បញ្ចប់កិច្ចសន្យាកីឡាករ ឡុង ម៉េងហាវ ជុំវិញឥរិយាបថមិនល្អក្នុងទីលាន
10, Apr 2023 , 2:52 pm        
រូបភាព
សមាគមកីឡាបាល់ទាត់កងយោទពលខេមរភូមិន្ទ (Tiffy Army) សម្រេចបញ្ចប់កិច្ចសន្យារបស់កីឡាករ ឡុង ម៉េងហាវ ក្រោយកីឡាកររូបនេះប្រើអាកប្បកិរិយាមិនសមរម្យដាក់គូប្រជែងអំឡុងការប្រកួតពានរង្វាន់ខេមបូឌានលីគខាប់នៅថ្ងៃទី៨ ខែមេសា។



តាមរយៈសេចក្តីប្រកាសនៅលើផេកហ្វេសប៊ុកផ្លូវការនៅរសៀលថ្ងៃទី១០ ខែមេសា របស់ ក្លិប Tiffy Army មិនអាចទទួលយកបានចំពោះទង្វើរបស់កូនក្រុមខ្លួនកីឡាករ ឡុង ម៉េងហាវ ដែលមានចេតនាបង្កហិង្សា ដាក់កីឡាករដទៃនៅលើទីលានប្រកួត។ Tiffy Army មិនគាំទ្រឱ្យមានឥរិយាបថ និងគំរូមិនល្អក្នុងវិស័យកីឡាបាល់ទាត់កម្ពុជាឡើយ។

រឿងរ៉ាវរហូតឈានដល់បញ្ចប់កិច្ចសន្យារបស់ ឡុង ម៉េងហាវ កើតឡើងក្នុងការប្រកួតលីគខាប់ឆ្នាំ២០២៣ រវាង Tiffy Army ទល់ គិរីវង់សុខសែនជ័យនាជំនួបចុងក្រោយវគ្គសន្សំពិន្ទុពូល A ដែលបញ្ចប់ក្នុងលទ្ធផល ២-២។ ក្នុងជំនួបនោះ ម៉េងហាវ បានបង្កកាយវិការមិនសមរម្យដល់ទៅពីរលើក ដោយទាត់កីឡាករគូប្រកួតនៅពេលប្រជែងបាល់គ្នាបង្កជាបញ្ហា មុនហក់ធាក់គូប្រជែងម្នាក់ទៀត។ អាជ្ញាកណ្តាលបានផ្តល់ក្រហមដល់ម៉េងហាវ។

បើទោះបី ម៉េង ហាវ បានទទួលកំហុស ដោយសរសេរនៅលើបណ្តាញសង្គមពីអ្វីដែលខ្លួនបានធ្វើ ប៉ុន្តែក្លិប Tiffy Army មិនអាចទទួលយកទង្វើនេះបានឡើយ ដោយសម្រេចបញ្ចប់កិច្ចសន្យាកីឡាកររូបនេះ។

ចំពោះឥរិយាបថរបស់ ម៉េង ហាវ សមាគមកីឡាបាល់ទាត់កងយោទពលខេមរភូមិន្ទ បានបង្ហាញការសោកស្តាយចំពោះអ្វីដែលបានកើតឡើង និងថែមទាំងសូមទោសក្លិបគីរីវង់សុខសែនជ័យ និងអ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជាផង។

តាមរយៈលទ្ធផលប្រកួត ២-២ ក្រុម Tiffy Army មិនអាចឆ្លងផុតវគ្គចែកពូលពានលីគខាប់ឡើយ ខណៈ គីរីវង់សុខសែនជ័យបានកៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕



© រក្សាសិទ្ធិដោយ thmeythmey.com