ជាតិ
សង្គមជាតិ
ពលករខ្មែរ៨នាក់នៅថៃ បាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍
10, Apr 2023 , 4:19 pm        
រូបភាព
រថយន្តដឹកអ្នកដំណើរ ដែលបុកជាមួយកុងតឺន័រ ក្នុងខេត្តឈុនបុរី ប្រទេសថៃ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣។ រូបពីកាសែតបាងកកប៉ុស្តិ៍
រថយន្តដឹកអ្នកដំណើរ ដែលបុកជាមួយកុងតឺន័រ ក្នុងខេត្តឈុនបុរី ប្រទេសថៃ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣។ រូបពីកាសែតបាងកកប៉ុស្តិ៍
ពលករខ្មែរ៨នាក់បាត់បង់ជីវិត និង៧នាក់ទៀតរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនៅខេត្តឈុនបុរី ប្រទេសថៃ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣។ នេះបើតាមព័ត៌មានក្នុងសាររំលែកទុក្ខរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដែលចេញនៅថ្ងៃទី១០ ខែមេសា។



ក្នុងសាររំលែកទុក្ខ ស្ថានទូតកម្ពុជា អះអាងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើ កើតឡើងពីការបុកគ្នារវាងរថយន្តដឹកអ្នកដំណើរ និងរថយន្តកុងតឺន័រ។ បើតាមស្ថានទូត ពលករខ្មែរទាំង៧នាក់ ដែលរងរបួស កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ 
 
«ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ សូមសម្តែងការសោកស្តាយគ្មានអ្វីប្រៀបផ្ទឹមបាន ចំពោះមរណភាពនេះ និងសូមចូលរួមរំលែកទុក្ខដ៏សោកសង្រេងបំផុតជាមួយក្រុមគ្រួសារសាច់ញាតិនៃសព»។ នេះសមានចិត្តរបស់ស្ថានទូតកម្ពុជា ដែលបង្ហាញក្នុងសាររំលែកទុក្ខ។ 
 
សារព័ត៌មានថ្មីៗ បានសួរតាមបណ្តាញតេឡេក្រាម ទៅកាន់លោក អាន សុខខឿន អំពីព័ត៌មានលម្អិតជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះ តែលោកមិនទាន់អាចផ្តល់ព័ត៌មានបាន ដោយលោកប្រាប់ថា កំពុងរង់ចាំរបាយការណ៍របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ៕ 
 

Tag:
 ពលករខ្មែរនៅថៃ
  គ្រោះថ្នាក់ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com