ជាតិ
ភ្នំត្បែង ទឹកធ្លាក់ព្រះនិម្មិត និងបរិវេណសាលាខេត្តព្រះវិហារ នឹងរៀបចំសង្រ្កាន្ត ដោយសម្ដែងសិល្បៈបុរាណ និងល្បែងប្រជាប្រិយខ្មែរ
11, Apr 2023 , 7:59 am        
រូបភាព
រូបភាពពី មន្ទីរទេសចរណ៍ខេត្តព្រះវិហារ
រូបភាពពី មន្ទីរទេសចរណ៍ខេត្តព្រះវិហារ
ភ្នំពេញ៖ រដ្ឋបាលខេត្តព្តះវិហារ នឹងរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មី នៅ៣ទីតាំងធំៗ គឺភ្នំត្បែង ទឹកធ្លាក់ព្រះនិម្មិត និងបរិវេណសាលាខេត្ត ក្រោយខកខានរយៈពេល២ឆ្នាំ។ ព្រឹត្តិការណ៍​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​១៤-១៦ ខែមេសា ក្នុងគោលបំណង​ដើម្បី​ផ្សព្វផ្សាយ​សម្បត្តិ​វប្បធម៌​ជាតិ និង​បង្ហាញ​ពី​ភាព​រីកចម្រើន​របស់​ខេត្តព្រះវិហារ​។



លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ បាននិយាយថា​ «សង្រ្កាន្តខេត្តព្រះវិហារ» ក្នុងបរិវេណសាលាខេត្ត គឺមាន​ទី​ឆ្លា​ធំ​ទូលាយ​ដែល​ងាយស្រួល​លេងកម្សាន្ត​ ការលេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​គ្រប់​ប្រភេទ​ ដូចជា របាំប្រពៃណីជាតិខ្មែរ,  ការ​រាំ​កម្សាន្ត​, កម្មវិធី​ប្រគុំ​តន្ត្រី​, បោះអង្គញ់, ទាញព្រ័ត្រ និង​ទម្រង់​សិល្បៈ​បែប​បុរាណ​​។
 
លោក គង់ វិបុល បានបន្ថែមថា ទីតាំងភ្នំត្បែង និងទឹកធ្លាក់ព្រះនិម្មិត ក៏រៀបចំសង្រ្កាន្តដែរ។ ចំពោះទីតាំងទាំង២នេះ នឹងរៀបចំតុបតែងភ្លើងលម្អ និងការប្រគំតន្រ្តី លេងល្បែងប្រជាប្រិយ រយៈពេល៣ថ្ងៃដូចគ្នា។ « ភ្ញៀវនឹងមកលេងច្រើនជាងឆ្នាំមុន ពីព្រោះខេត្តយើងសម្បូរ តំបន់គោលដៅទេសចរណ៍ជាច្រើន ជាពិសេសឆ្នាំនេះយើងមានព្រឹតិត្តការណ៍សង្រ្កាន្ត»។ប្រធានមន្ទីរទេសចរណ៍ រំពឹងបែបនេះ។
 
ប្រធានមន្ទីរទេសចរណ៍រូបនេះ បន្តថា នៅតាមទីវត្តអារាម និងសាលារៀននានា ទូទាំងខេត្តព្រះវិហារ ក៏មានរៀបចំកម្មវិធីសង្រ្កាន្តតាមតំបន់រៀងៗខ្លួនផងដែរ។ យ៉ាងណាមិញ នៅពេល​រាត្រី ភ្ញៀវទេសចរ ​អាចរាំលេង​កម្សាន្ត​ ទស្សនា​ការប្រគំ​តន្ត្រី​ ការតាំងពិព័រណ៍​ផលិតផល នៅ​ទីតាំង​​សាលាខេត្ត​  ។
 
អាជ្ញាធរ និងអង្គភាពជុំវិញខេត្ត កំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត និងតាមរមណីយដ្ឋានទេសចរណ៍ នឹងរៀបចំលម្អភ្លើងពណ៌ ដើម្បីស្វាគមន៍ទេសចរក្នុងថ្ងៃសង្ក្រាន្តខាងមុខ។ ដោយឡែក ទេសចរដែលមកកម្សាន្តក្នុងខេត្តព្រះវិហារ មានដូចជា ប្រាសាទព្រះវិហារ, ប្រាសាទ​កោះកែរ, ប្រាសាទព្រះខ័ន​កំពង់ស្វាយ, តំបន់​សត្វ​ស្លាប, ទឹកជ្រោះ​ព្រះ​និម្មិត និងភ្នំ​ត្បែង។ នេះជាការបញ្ជាក់បន្ថែមរបស់លោក គង់ វិបុល។
 
សូមបញ្ជាក់ដែរ រដ្ឋបាលខេត្តព្រះវិហារ ក៏បាន​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​ពង្រឹង​ការ​ទុកដាក់​សំរាម​ឱ្យមាន​សណ្តាប់ធ្នាប់ និង​ពង្រឹង​អាជីវករទាំងអស់ឱ្យរក្សាតម្លៃ និងគុណភាពម្ហូបអាហារ កុំដំឡើងថ្លៃក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ៕
 

Tag:
 សង្រ្កាន្តខេត្តព្រះវិហារ
© រក្សាសិទ្ធិដោយ thmeythmey.com