ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ការលេងល្បែងប្រជាប្រិយនៅតាមភូមិ មុនចូលឆ្នាំ ពុំសូវអ៊ូអរដូចកាលពី១០ឆ្នាំមុន
11, Apr 2023 , 8:59 am        
រូបភាព
ដោយ:
មុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅតាមភូមិ ហាក់ពុំសូវមានក្មេងៗ ក្រមុំ កំលោះ នាំគ្នាលេងល្បែងប្រជាប្រិយ ដូចជាបោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង និងល្បែងផ្សេងៗទៀត ដូចកាលពី១០ឆ្នាំមុននោះទេ។ ទិដ្ឋភាព គឺដោយសារតែពលរដ្ឋចាស់ទុំក្នុងភូមិមានការមមាញឹកនឹងការងារហើយពុំបាននាំក្មេងៗលេង និងម្យ៉ាងយុវជននៅក្នុងភូមិ ក៏ច្រើនចេញទៅរៀន និងធ្វើការឆ្ងាយផ្ទះសម្បែង។ ដល់ថ្ងៃចូលឆ្នាំ ទើបពួកគេ បានឈប់សម្រាកទៅលេងស្រុកកំណើត។



 លោក ពេទ ប៊ុនធឿន ជាពលរដ្ឋរស់នៅភូមិសាឡាត់ថ្មី ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ពលរដ្ឋរូបនេះ សង្កេតឃើញថា បច្ចុប្បន្ន ពុំសូវមានប្រជាពលរដ្ឋ ឬអ្នកភូមិនាំគ្នាលេងល្បែងប្រជាប្រិយ នៅមុនថ្ងៃមុនចូលឆ្នាំខ្មែរ ដូចកាលពីជំនាន់ដែល លោក ប៊ុនធឿន នៅវ័យកំលោះឡើយដើមនោះទេ ព្រោះអ្នកភូមិរវល់នឹងការងារច្រើន។ 

ល្បែងទាញព្រ័ត្រ

លោក ប៊ុនធឿន បានបន្ថែមថា កាលពីឆ្នាំ២០១០ មានអ្នកលេងល្បែងប្រជាប្រិយច្រើន តែបច្ចុប្បន្ន ក្មេងមិនសូវមានអ្នកនាំលេងមុនពេលបុណ្យចូលឆ្នាំថ្មីនោះទេ។ លោកបានរៀបរាប់ថា ៖«កាលពីជំនាន់ខ្ញុំ ពេលទំនេរ មានអ្នកលេងច្រើន គឺគេលេងចាប់ពីដើមខែមីនាទៅ រហូតដល់ថ្ងៃចូលឆ្នាំតែម្ដង ឥឡូវដូចរៀងសោះកក្រោះ មិនសូវមានអ្នកលេងទេ មិនដូចកាលជំនាន់ខ្ញុំ»។
 
ពលរដ្ឋរស់នៅភូមិសាឡាត់ថ្មីរូបនេះ បានបន្តថា ហេតុផលដែលអ្នកភូមិសាឡាត់ថ្មី ពុំសូវមានអ្នកនាំគ្នាលេងល្បែងប្រជាប្រិយនាពេលបច្ចុប្បន្ន ដោយសារចាស់ៗ ក្រមុំកំលោះ មួយចំនួន មមាញឹកនឹងការងារប្រចាំថ្ងៃ ហើយអ្នកខ្លះបានចេញទៅធ្វើការឆ្ងាយពីស្រុកភូមិ។ 
 
ក្មេងៗ ក៏ពុំសូវមានអ្នកចាប់អារម្មណ៍លេងល្បែងប្រជាប្រិយ ព្រោះពួកគេរវល់ ហើយក៏រួមផ្សំគ្នា ដោយសារមិនមានចាស់ៗ និងយុវវ័យនាំពួកគេលេង។ លោក ប៊ុនធឿន លើកឡើងបែបនេះ ហើយបន្ថែមថា ពេលអស់ពីចាស់ៗនាំលេងទៅ ក្មេងៗអត់សូវមានអ្នកចាប់អារម្មណ៍។ ទន្ទឹមនឹងនេះ លោក ប៊ុន ធឿន ក៏មានការព្រួយបារម្ភ ខ្លាចបាត់បង់ល្បែងប្រជាប្រិយនៅពេលអនាគត ហើយក្មេងៗ ខ្លះអាចនឹងមិនស្គាល់ ព្រោះលោកសង្កេតឃើញថា បច្ចុប្បន្នក្មេងៗមួយចំនួន ហាក់ពុំសូវមានអ្នកចាប់អារម្មណ៍ ហើយនាំគ្នាលេងមុនចូលឆ្នាំ ដូចកាលពីជំនាន់មុនឡើយ។
 
លោក ភួង ឡា មេភូមិព្រៃពាយ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានលើកឡើងដែរថា ឥឡូវខុសកាលពី ១០ឆ្នាំមុន ព្រោះកាលពីមុនចាស់ៗនាំយុវជន និងយុវតីលេងល្បែងប្រជាប្រិយ ចាប់តាំងពីខែមីនា រហូតដល់ថ្ងៃចូលឆ្នាំ។ នៅពេលថ្ងៃ ពួកគេបាននាំគ្នាលេងចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ ហើយនៅពេលយប់ខែភ្លឺ នាំគ្នាលេងល្បែងខ្សឹបផ្កា ដណ្ដើមស្លឹកឈើ និងពង្រត់កូនក្រមុំជាដើម។ ប៉ុន្តែបច្ចុប្បន្ន លោក ភួង ឡា បានសង្កេតឃើញក្មេងៗ ហាក់បីដូចមិនមានអ្នកនាំគ្នាលេងទៀតនោះទេ។
 
មេភូមិរូបនេះ បានបញ្ជាក់ថា៖« កាលពីជំនាន់ខ្ញុំនៅក្មេងៗ ចាស់ៗនាំពួកខ្ញុំលេង ចោលឈូង ទាញព្រ័ត្រ បោះអង្គញ់ និងល្បែងប្រជាប្រិយផ្សេងៗជាច្រើន សប្បាយណាស់ តែឥឡូវក្មេងអត់មានអ្នកលេងទេ ប្រហែលគាត់រវល់ការងារ អ្នកខ្លះមើលទូរសព្ទ អត់ចាប់អារម្មណ៍ អាហ្នឹងទៀត(ល្បែងប្រជាប្រិយ)»។
 
មេភូមិវ័យ ៤១ឆ្នាំរូបនេះ បានបន្ថែមថា យុវជន និងយុវតី នៅតាមភូមិមិនមានអ្នកលេងក្នុងពេលបច្ចុប្បន្ន តែនៅតាមសាលារៀន ពួកគេនាំគ្នាលេង។ លោក ឡា បានបញ្ជាក់ទៀតថា៖ «ពួកគាត់អត់នាំគ្នាលេងតាមភូមិមុនពេលបុណ្យចូលឆ្នាំ ខ្ញុំគិតថា មកពីអត់មានចាស់ៗ នាំគាត់លេង ហើយរវល់ធ្វើការរោងចក្រ បើកាលពីមុនចាស់ៗ គាត់ទំនេរនាំក្មេងៗលេង អត់ដូចឥឡូវទេ»។
 
លោក ភួង ឡា បានបន្ថែមថា ក្មេងៗ បច្ចុប្បន្នពេលទំនេរ ភាគច្រើននាំគ្នាមើលតែទូរសព្ទ ពួកគេមិនសូវចាប់អារម្មណ៍ នៃការលេងល្បែងប្រពៃណីទេ ប៉ុន្តែដល់ថ្ងៃចូលឆ្នាំ គឺមានអ្នកនាំលេងនៅក្នុងភូមិព្រៃពាយ។ 
 
សូមជម្រាបថា កន្លងមក ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវឱ្យគ្រប់គ្រឹះស្ថានអប់រំ នាំកុមារ និងសិស្សានុសិស្សលេងល្បែង និងរបាំប្រជាប្រិយខ្មែរ។ ការលេងល្បែង និងរបាំខ្មែរនេះ គឺដើម្បីចូលរួមអភិរក្ស លើកកម្ពស់វប្បធម៌ ជំនឿ ទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរឱ្យបានគង់វង្ស និងត្រៀមខ្លួន អបអរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ ទន្ទឹមនឹងនេះ ក្រសួង ក៏បានការហាមឃាត់ និងទប់ស្កាត់រាល់ការល្បែង ឬរបាំណាដែលប្រឈមនឹងហានិភ័យ អសុវត្ថិភាព និងគ្រោះថ្នាក់ ដូចជា ការដុត ឬបាញ់ផាវ បាញ់ទឹក ជះទឹក និងលាបម្សៅជាដើម៕ 
 
 

Tag:
 ល្បែងប្រជាប្រិយ
  មុនបុណ្យចូលឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com