ជាតិ
​​​ន​យោ​បាយ​ជាតិ​
បើតុលាការមិនចាត់ការទេ ទុកឲ្យខ្ញុំដាក់វិន័យតាមផ្លូវរដ្ឋសិន! សម្ដេច ហ៊ុន សែន ដកតំណែងមន្ត្រីម្នាក់
11, Apr 2023 , 10:13 am        
រូបភាព
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ចប់តំណែងលោក បែល វ៉ាន់ដែត អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលបានប្រើប្រាស់អាវុធគំរាមកំហែងលើពលរដ្ឋ កាលពីចុងខែមីនាកន្លងមក។ នេះបើតាមអនុក្រឹត្យ ចុះថ្ងៃទី១០ មេសា។



អមជាមួយសេចក្តីសម្រេចបញ្ចប់តំណែងនេះ សម្ដេច ហ៊ុន សែន បានភ្ជាប់ជាមួយសំណេរតាមតេឡេក្រាមថា៖«បើតុលាការមិនចាត់ការតាមផ្លូវច្បាប់ទេទុកឱ្យខ្ញុំដាក់វិន័យតាមផ្លូវរដ្ឋសិន។ អាងមានអំណាចប្រើប្រាស់អាវុធគំរាមអ្នកទន់ខ្សោយ»។
 
ប្រមុខរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា ការសម្រេចរបស់សម្ដេចនេះ ជាសារព្រមានចំពោះមន្ត្រីទាំងអស់ កុំអាងអំណាចធ្វើបាបអ្នកទន់ខ្សោយ ជាពិសេសសូមកុំប្រើប្រាស់អាវុធខុសច្បាប់។
«សូមរដ្ឋមន្ត្រីក្រសួងយុត្តិធម៍ធ្វើការជាមួយតុលាការ សូមកុំឲ្យជនល្មើសប្រើប្រាស់អាវុធខុសច្បាប់ បាននៅក្រៅឃុំមុនពេលកាត់ទោស ដែលជននោះអាចតាមគំរាមកំហែងដល់អ្នកផ្សេងទៀត»។ នេះបើតាមសម្ដេច ហ៊ុន សែន។
 
កាលពីថ្ងៃទី២៩ មីនា លោក បែល វ៉ាន់ដែត បានបើករថយន្ត ដេញពីក្រោយរថយន្តមួយគ្រឿង ចូលដល់ក្នុងបុរីមួយ រួចបានដកកាំភ្លើងខ្លីភ្ជង់ ទៅលើជនរងគ្រោះពីក្នុងរថយន្ត។ រូបភាពទាំងនោះ បានថតជាប់តាមកាម៉េរារថយន្ត។ មួយថ្ងៃក្រោយមក សមត្ថកិច្ច បានអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យ នៅថ្ងៃទី៣០ មីនា ដោយមានវត្ថុតាំងអាវុធខ្លីមួយដើម៕

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com