កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ម​ន្ត្រីអូឡាំពិក-ប៉ារ៉ាឡាំពិកម៉ាឡេស៊ី និងនិស្សិតខ្មែរ ចូលរួមរត់ដង្ហែភ្លើងគប់ក្នុងក្រុងភុត្រាចាយ៉ា
11, Apr 2023 , 10:34 am        
រូបភាព
រូបភាព លោក ខឹម សុវណ្ណារ៉ា
រូបភាព លោក ខឹម សុវណ្ណារ៉ា
និស្សិតកម្ពុជា និងអត្តពលិកម៉ាឡេស៊ី​ រួមជាមួយមន្ត្រីទូត គណៈកម្មាធិការជាតិ អូឡាំពិកម៉ាឡេស៊ី ជាង២០០នាក់ចូលរួមរត់ដង្ហែភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅទីក្រុងភុត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃទី១១ ខែមេសា។



ភុត្រាចាយ៉ា ដែលជាទីក្រុងបង្កើតថ្មីចុងក្រោយគេរបស់ម៉ាឡេស៊ី ស្ថិតនៅភាគខាងត្បូងក្រុងគូរឡាឡាំពួ ត្រូវបានជ្រើសរើសដើម្បីធ្វើពិធីដង្ហែភ្លើងគប់កីឡា ក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ាន។
 
ពិធីហែភ្លើងគប់ដែលដឹកនាំដោយ លោក ហោ សារុន អនុប្រធានគណៈកម្មការពិធីបើក-បិទ កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងជាបេសកជនពិសេស CAMSOC មានការចូលរួមពីសំណាក់លោក អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី រួមជាមួយប្រធានណៈកម្មាធិការជាតិអូឡាំពិកម៉ាឡេស៊ី និងប្រធានប៉ារ៉ាឡាំពិកម៉ាឡេស៊ី ព្រមទាំងមន្ត្រីអ្នកមុខអ្នកការ ម៉ាឡេស៊ីជាច្រើនរូបទៀត។ ក្រៅពីនោះ ក៏មាននិស្សិតខ្មែរដែលទៅសិក្សានៅម៉ាឡេស៊ី រួមជាមួយអត្តពលិកម៉ឡេស៊ី សរុបជាង២០០នាក់ បានចូលរួមពិធីរត់ដង្ហែភ្លើងគប់ក្នុងចម្ងាយ៣គីឡូម៉ែត្រនេះ។
 
គិតមកទល់ពេលនេះ ម៉ាឡេស៊ី ជាប្រទេសទី៥ហើយ បន្ទាប់ពីវៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី និងទីម័រខាងកើត ដែលទទួលពិធីហែភ្លើងគប់ស៊ីហ្គេមរួចរាល់ ក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ទាំង១១។
 
ប្រទេសបន្ទាប់ ដែលនឹងទទួលហែភ្លើងគប់ រួមមាន សិង្ហបុរី ថៃ មីយ៉ាន់ម៉ា និងចុងក្រោយទៅកាន់ប្រទេសឡាវ មុនធ្វើមាតុភូមិនិវត្តន៍ មកកាន់ប្រទេសកម្ពុជាវិញ តាមច្រកព្រំដែនខេត្តស្ទឹងត្រែង មុនមកដល់ភ្នំពេញ មុនបន្តដង្ហែឆ្លងកាត់ខេត្តជាប់បឹងទន្លេសាប មុនត្រឡប់ចូលទៅកាន់ពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី៥ ខែឧសភា។
 
ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាទទួលសិទ្ធិធ្វើម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នឹងចាប់ផ្តើមប្រកួតផ្លូវការចាប់ពីថ្ងៃទី៥ ខែឧសភា នឹងបញ្ចប់ទៅវិញនៅថ្ងៃទី១៧ ខែឧសភា៕
 

Tag:
 កីឡាស៊ីហ្គេម២០២៣
  ភ្លើងគប់
© រក្សាសិទ្ធិដោយ thmeythmey.com