ជាតិ
ពលករខ្មែរ សម្រុកចេញពីថៃ នាបុណ្យចូលឆ្នាំខ្មែរ
11, Apr 2023 , 2:39 pm        
រូបភាព
 ពលករខ្មែរត្រឡប់មកពីថៃ ដើម្បីចូលរួមបុណ្យចូលឆ្នាំខ្មែរ តាមច្រកអន្តរជាតិប៉ោយប៉ែត-ក្លងឡឹក។ រូបភាព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ
ពលករខ្មែរត្រឡប់មកពីថៃ ដើម្បីចូលរួមបុណ្យចូលឆ្នាំខ្មែរ តាមច្រកអន្តរជាតិប៉ោយប៉ែត-ក្លងឡឹក។ រូបភាព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ
ដោយ:
ពលករខ្មែរ បាននាំគ្នាសម្រុកចេញពីថៃ មកស្រុកកំណើត ដើម្បីអបអរចូលឆ្នាំខ្មែរ ដែលបានធ្វើឱ្យកកស្ទះ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ក្លងឡឹក កាលពីថ្ងៃទី៩ និងទី១០ ខែមេសា។



លោក ង៉ោ ម៉េងជូ្រន អភិបាលរងខេត្តបន្ទាយមានជ័យ ទទួលបន្ទុកចុះទៅជួយសម្របសម្រួល និងដឹកជញ្ជូនពលករ ដែលបានត្រឡប់មកពីថៃ នៅច្រកអន្តរជាតិប៉ោយប៉ែត-ក្លងឡឹក ទៅទីតាំងផ្សេងៗ ដើម្បីបញ្ចៀសការកកស្ទះ ហើយឱ្យពួកគេធ្វើដំណើរទៅផ្ទះដោយសុវត្ថិភាព។
  


អភិបាលរងខេត្តរូបនេះ បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ តាមទូរស័ព្ទនៅថ្ងៃទី១១ ខែមេសានេះថា ពលករខ្មែរ បាននាំគ្នាត្រឡប់មកកម្ពុជាវិញច្រើន ដើម្បីចូលរួមបុណ្យចូលឆ្នាំខ្មែរ ដូចកាលពីឆ្នាំមុនៗដែរ។ ប៉ុន្តែពួកគេបាននាំគ្នាសម្រុកចេញមកច្រើន ទើបធ្វើឱ្យមានការកកស្ទះខ្លាំងនៅខាងភាគីថៃ នៅថ្ងៃទី៩-១០ ខែមេសា ។ 
 
ដោយសារឃើញស្ថានភាពកកស្ទះនេះ អាជ្ញាធរពាក់ព័ន្ធ បានទៅចរចាជាមួយភាគីថៃ ដើម្បីជួយសម្រួលឱ្យពលរដ្ឋធ្វើដំណើរដោយរលូន ហើយភាគីថៃក៏បានខិតខំសម្របសម្រួលឱ្យពលករខ្មែរ បានចេញមកកម្ពុជា តាមនីតិវិធីផងដែរ។ នេះបើតាមលោក ង៉ោ ម៉េងជូ្រន ។
 
លោកបន្ថែមថា ក្រុមការងារក៏បានរៀបចំម្ហូបអាហារឱ្យពលករ ដែលបានជាប់គាំងរយៈពេលយូរ នៅច្រកអន្តរជាតិប៉ោយប៉ែត-ក្លងឡឹកផងដែរ។
 
លោក ង៉ោ ម៉េងជូ្រន បានបញ្ជាក់ថា ៖«ទី១ យើងរកវិធីសម្របសម្រួលជាមួយភាគីថៃ ដើម្បីបង្កើនកម្លាំង, ទី២ ត្រូវបន្ថែមម៉ាស៊ីន និងទី៣ យើងត្រូវដឹកជញ្ជូនពលរដ្ឋពីកន្លែងកកស្ទះទៅស្រុកអារញ្ញ ដែលជាកន្លែងស្នាក់ការរបស់ប៉ូលិសអន្តោប្រវេសន៍ ដើម្បីជួយបំពេញបែបបទ។ ហើយបងប្អូនពលករគាត់មកបញ្ចូលតែលេខលិខិតឆ្លងដែន វាហ្នឹងលឿន! បញ្ហានៃការកកស្ទះយើងបានធ្វើការសម្របសម្រួលរួចរាល់ប្រកបដោយរលូន»។
 
កាលពីថ្ងៃទី៩ មេសា មានពលករខ្មែរជាង ២០០០នាក់ បាននាំគ្នាចេញមកតាមច្រកអន្តរជាតិប៉ោយប៉ែត-ក្លងឡឹក។ ពលករទាំងនោះ ភាគច្រើនជាអ្នកដែលមានលិខិតឆ្លងដែនត្រឹមត្រូវតាមច្បាប់។ ចំពោះតួលេខដែលពលករខ្មែរ បានត្រឡប់មកកម្ពុជាវិញ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១១មេសានេះ លោកអភិបាលរងខេត្ត ពុំទាន់មានទិន្នន័យជាក់លាក់នោះទេ ។ 
 
លោក ឡឹង សុផុន មន្ត្រីទទួលបន្ទុកពលករទេសន្តរប្រវេសន៍ នៃអង្គការសង់ត្រាល់ប្រចាំប្រទេសថៃ បានឱ្យដឹងថា ចាប់ពីថ្ងៃទី ៨ដល់ថ្ងៃទី១០ ខែមេសា ពលករខ្មែរត្រឡប់មកកម្ពុជាច្រើន ដើម្បីមកចូលរួមបុណ្យចូលឆ្នាំខ្មែរ តែលោកពុំទាន់មានតួលេខបូកសរុបជាក់លាក់នោះទេ។ 
 
លោក សុផុន បានបញ្ជាក់ថា៖«អ្នកខ្លះបានធ្វើដំណើរយូរថ្ងៃមែនទែន ខ្ញុំបានចុះជួបគាត់ផ្ទាល់ គឺពួកគាត់ចេញមកតាំងពីថ្ងៃទី៨ ទី៩ អ្នកខ្លះបានចេញទៅខ្មែរ អ្នកខ្លះរហូតដល់ព្រឹកថ្ងៃទី១០ ទើបគាត់បានចេញទៅដល់ខ្មែរ»។
 
បើតាមលោក សុផុន មកដល់ពេលនេះ ការកកស្ទះពលករនៅច្រកអន្តរជាតិប៉ោយប៉ែត-ក្លងឡឹក មានស្ថានភាពល្អប្រសើរ ហើយពលករក៏បានធ្វើដំណើរចូលមកកម្ពុជាជាហូរហែផងដែរ។
 
អភិបាលរងខេត្តឧត្ដរមានជ័យ លោក ឌី រ៉ាដូ បានប្រាប់សារព័ត៌មានថ្មីៗដែរថា សម្រាប់ថ្ងៃធម្មតា នៅច្រកព្រំដែន មានពលករតែប្រមាណ ១០០ទៅ២០០នាក់ទេ តែពេលជិតដល់ថ្ងៃចូលឆ្នាំ មានចន្លោះពី ៤០០ទៅ ៥០០នាក់ក្នុងមួយថ្ងៃ។ ដោយឡែកនៅច្រកព្រំដែនជាំ មានពលករត្រឡប់មកវិញចន្លោះពី ៣០០ទៅ៤០០នាក់ ក្នុងមួយថ្ងៃ។
  

លោក ឌី រ៉ាដូ អភិបាលរងខេត្តឧត្ដរមានជ័យ។ រូបភាព៖ រដ្ឋបាលខេត្តឧត្ដរមានជ័យ
 
អភិបាលរងខេត្តរូបនេះ បានបញ្ជាក់ថា ពលករខ្មែរប្រមាណជិត ១០០០នាក់ ដែលបានត្រឡប់មកពីថៃ តាមច្រកអូរស្មាច់ និងច្រកជាំ ហើយនៅពេលចប់បុណ្យចូលឆ្នាំខ្មែរ មានអ្នកខ្លះនឹងត្រឡប់ទៅធ្វើការនៅថៃវិញ ហើយអ្នកខ្លះទៀត មិនត្រឡប់ទៅវិញទេ។
 
លោក ឌី រ៉ាដូ បានបន្តថា ខេត្តឧត្ដរមានជ័យ មានច្រកចេញ-ចូលទៅប្រទេសថៃចំនួន ៣ គឺមានច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ និងច្រកទ្វារព្រំដែនអន្តរជាតិជាំ ដែលបានទទួលស្គាល់ទាំងភាគីថៃ និងកម្ពុជា។ មួយច្រកទៀតគឺ ច្រកជប់គគីរ ដែលជាច្រកពុំទាន់បានទទួលស្គាល់ពីខាងភាគីថៃ៕
 

Tag:
 ពលករខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com