ជាតិ
អភិបាលខេត្តមណ្ឌលគិរី ទុកពេល១៥ថ្ងៃ ឱ្យម្ចាស់ដីនៅភូមិឡៅរមៀត ទៅពិនិត្យឯក​សារ​វិនិ​​ច្ឆ័យប្លង់ដី
11, Apr 2023 , 6:59 pm        
រូបភាព
លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី។ រូបពី ហ្វេសប៊ុករបស់លោក សាវុន
លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី។ រូបពី ហ្វេសប៊ុករបស់លោក សាវុន
ភ្នំពេញ៖ ​អាជ្ញាធរ នឹងបិទឯកសារវិនិច្ឆ័យប្លង់ដីតំបន់ភូមិឡៅរមៀត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ជា​សាធារណៈ ដើម្បីឱ្យម្ចាស់ដី ពិនិត្យ និងដាក់ពាក្យជំទាស់ ​សម្រាប់កែតម្រូវឡើងវិញ ចាប់ពីថ្ងៃទី១៩មេសា ដល់ថ្ងៃទី៣ឧសភា។



លោក ថន សាវុន អភិបាលខេត្តមណ្ឌលគិរី ចេញសេចក្ដីជូនដំណឹង ពីការ​បិទ​ផ្សាយ​ជា​សាធារណៈនូវឯកសារនៃការវិនិច្ឆ័យ។ អភិបាលខេត្តមណ្ឌលគិរី ប្រាប់ម្ចាស់ដី រួមទាំងមន្ទីរ ស្ថា​ប័នពាក់ព័ន្ធនៅតំបន់វិនិច្ឆ័យ ភូមិឡៅរមៀត ឃុំក្រង់តេះ ស្រុកពេជ្រាដាថា គណៈ​កម្មការ​រដ្ឋបាល នឹងបិទផ្សាយជាសាធារណៈ ពីឯកសារសុរិយាដី និងបញ្ជីឈ្មោះអ្នក​កាន់​កាប់ដី ដែលក្រុមការងារប្រតិបត្តិកម្មវិធីបានវាស់វែង និងប្រមូលទិន្នន័យនា​ពេលកន្លងមក​។ 
 
ហេតុនេះ អភិបាលខេត្តអំពាវនាវ អ្នកពាក់ព័ន្ធខាងលើ ទៅពិនិត្យទិន្នន័យ ដើម្បីបញ្ជាក់​ពី​ភាពត្រឹម​ត្រូវ ឬខុសឆ្គង សម្រាប់កែតម្រូវឬជំទាស់លើទិន្នន័យទាំងនោះ ក្នុងរយៈពេល១៥​ថ្ងៃ នៅផ្ទះលោកកើចប្រាលា មេភូមិឡៅរមៀត។ លោកសង្កត់ធ្ងន់ថា៖ «ផុតរយៈពេល​កំណត់​ ខា​ង​លើ គណៈកម្មការរដ្ឋបាលសន្មត់ថាទិន្នន័យដែលបានបើកចំហ ជូនពិនិត្យជា​សាធារណៈនេះ មានភាពត្រឹមត្រូវហើយមិនអាចជំទាស់ ឬតវ៉ានៅពេលក្រោយបានឡើយ»​។ 
 
នៅពេលផុតកំណត់ការបិទផ្សាយជាសាធារណៈនេះ គណៈកម្មការរដ្ឋបាល​នឹង​បូកសរុប​លើកសំណើ​​ផ្ដល់សិទ្ធិកាន់កាប់ដីធ្លីទៅរដ្ឋបាលខេត្ត ដើម្បីពិនិត្យហើយបញ្ជូនទៅរដ្ឋបាល សុរិយោដី។ បន្ទាប់មក នឹងចេញប័ណ្ណសកម្មសិទ្ធិ ដល់ម្ចាស់ដីស្រប់ច្បាប់៕ 
 
 
 

Tag:
 មណ្ឌលគិរី
  ដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com