ជាតិ
ជប៉ុនផ្តល់ឥណទានសម្បទាន១៨លានដុលា្លរដល់កម្ពុជា ដើម្បីរំដោះទឹក
11, Apr 2023 , 6:29 pm        
រូបភាព
ជប៉ុនផ្តល់ឥណទានសម្បទាន ចំនួន  ២.៤៨២ លានយ៉េន  (ប្រមាណ​ ១៨,២ លានដុល្លារអាមេរិក)​​សម្រាប់គម្រោងកែលម្អ និងស្ដារប្រព័ន្ធស្រោចស្រព​ និងប្រព័ន្ធរំដោះទឹកភាគនិរតី នៃរាជធានីភ្នំពេញ ដំណាក់កាលទីពីរ។ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា​ ចុះហត្ថលេខាលើឯកសារនេះ កាលពីថ្ងៃទី១០ មេសា។



លោក UENO Atsushi បាននិយាយថា កម្ពុជានៅបន្តពឹងផ្អែកលើវិស័យកសិកម្ម ហើយបរិមាណទឹកភ្លៀងដែលអាចព្យាករណ៍បាននោះ វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់វិស័យកសិកម្ម។ លោក UENO បានកត់សម្គាល់ថា ជាច្រើនឆ្នាំមកនេះ អាកាសធាតុកំពុងផ្លាស់ប្តូរយ៉ាងខ្លាំង និងប៉ះពាល់ធ្ងន់ធ្ងរដល់សហគមន៍កសិកម្ម។ ដូច្នេះគម្រោងនេះ គឺទាន់ពេលវេលា និងពាក់ព័ន្ធយ៉ាងខ្លាំង ព្រោះវានឹងបន្តស្តារ និងកែលម្អប្រព័ន្ធធារាសាស្ត្រ និងប្រព័ន្ធរំដោះទឹក របស់កម្ពុជា ដែលមានស្រាប់ ហើយនឹងនាំឱ្យមានកំណើននៃផលិតកម្មកសិកម្ម ក៏ដូចជាលើកកម្ពស់ជីវភាពរបស់ប្រជាកសិករផងដែរ។ 
 
ក្រសួងការបរទេសកម្ពុជា បានស្រង់សម្តីលោកឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជាដូច្នេះថា៖«ខ្ញុំមានជំនឿថា ក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងពន្លឿនការរៀបចំបែបបទលទ្ធកម្មចាំបាច់ ដើម្បីអនុវត្តគម្រោងដំណាក់កាលទីពីរនេះ យ៉ាងហ្មត់ចត់»។
 
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា បាននិយាយថា ជំនួយរបស់ជប៉ុន បានគ្របដណ្តប់គ្រប់ជ្រុងជ្រោយ រួមមាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល  អប់រំ ការផ្គត់ផ្គង់ទឹក ការបោសសម្អាតមីន ជាដើម។ លោក បន្ថែមថា ការរួមចំណែករបស់ជំនួយរបស់ជប៉ុន ចំពោះការអភិវឌ្ឍធនធាន មនុស្ស និងសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ត្រូវបានមើលឃើញជាក់ស្តែងនិងយ៉ាងច្បាស់។ 
 
មិនតែប៉ុណ្ណោះ ជំនួយទាំងនេះ ក៏ជួយដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយភាពរឹងមាំ និងសង្គតិភាព គឺជាការធានាដ៏ប្រសើរបំផុត ក្នុងការថែរក្សាសន្តិភាពដែលរកបានដោយលំបាក។ ការបន្តគាំទ្ររបស់ប្រទេសជប៉ុន ដើម្បីសម្រេចគោលដៅនេះ គឺជាការបង្ហាញយ៉ាងច្បាស់នូវការរួមគ្នានៃទស្សនៈកម្ពុជា។ នេះបើតាមលោក ប្រាក់ សុខុន។
 
«ជាការរំលឹកឡើងវិញ ខ្ញុំ​សូម​ទទួល​ស្គាល់​នូវជំនួយ​​អភិវឌ្ឍន៍​ផ្លូវការ​របស់​ប្រទេស​ជប៉ុន ដែល​បាន​ផ្តល់មកកម្ពុជា​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ ចាប់​តាំង​ពី​ថ្ងៃ​ដែល​កម្ពុជា​បាន​រក​ឃើញ​នូវសន្តិភាព បន្ទាប់ពីកិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស»។ លោក ប្រាក់ សុខុន បន្ថែម។
 
គួរបញ្ជាក់ថា កន្លងមក ភាគីកម្ពុជា និងភាគីជប៉ុន បានចុះហត្ថលេខាលើឥណទានសម្បទាន ដែលមានទឹកប្រាក់ចំនួន  ៥.៦០៦ លានយ៉េន  (ប្រមាណ ៥៤ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោងនេះ ក្នុងដំណាក់កាលទី១ ក្នុងគោលបំណងផ្តល់នូវស្ថិរភាពនៃប្រព័ន្ធស្រោចស្រព នៅតាមបណ្តាខេត្តចំនួន ៣ គឺខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកណ្តាល៕
 

Tag:
 ជប៉ុន
  រំដោះទឹក
© រក្សាសិទ្ធិដោយ thmeythmey.com